publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ព្រះមហាក្សត្រខ្មែរ-បារាំង

ព្រះមហាក្សត្រ​ខ្មែរ​ត្រូវ​តែងតាំង​ជា​សមាជិក​បណ្ឌិត​សភា​បារាំង

ដោយ ឈាង បុប្ផា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  13/03/2010 13:00 ម៉ោងសកល

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម​សីហមុនី ទើប​ត្រូវ​បាន​ចូល​កាន់​តំណែង​ជា​សមាជិក​សហការី​បរទេស​របស់​បណ្ឌិត​សភា​បារាំង​ កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ។ នៅ​ក្នុង​ពិធី​ដ៏​ឧឡារិក ដែល​រៀបចំ​ឡើង​នៅ​ក្នុង​បណ្ឌិត​សភា​អក្សរចារិក និង​អក្សរសាស្រ្ត​Academie des Inscriptions et Belles Lettres ព្រះមហាក្សត្រ​ខ្មែរ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ និង​មាន​ព្រះរាជ​វត្តមាន​ក្នុង​ចំណោម​សមាជិក​បណ្ឌិត​សភា​បារាំង។ ប្រជាជន​ខ្មែរ​ដែល​បាន​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុង​ពិធីបុណ្យ​នេះ បាន​បង្ហាញ​នូវ​មោទនភាព​ដ៏​ប្រសើរ​​ដែល​មាន​ព្រះរាជតំណាង​របស់​កម្ពុជា​ក្នុង​ស្ថាប័ន​ជាន់​ខ្ពស់​របស់​បារាំង។ បណ្ឌិត​សភា​អក្សរ​ចារិក និង​អក្សរសាស្រ្ត គឺជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នកប្រាជ្ញ និង​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​ដែល​មាន​សាសន៍​ជា​បារាំង​ និង​បរទេស។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

បទ​យកការណ៍​របស់​ឈាង បុប្ផា​ពី​ទីក្រុង​ប៉ារីស

13/03/2010

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​បណ្ឌិត​សភាអក្សរចារិក និង​អក្សរសាស្រ្ត(រូបថត៖ ឈាង បុប្ផា)

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​បណ្ឌិត​សភាអក្សរចារិក និង​អក្សរសាស្រ្ត
(រូបថត៖ ឈាង បុប្ផា)

ស្តេច​យាង​ចូល​ក្នុង​បណ្ឌិត​សភា​បារាំង​ជាមួយ​នឹង​​ព្រះភក្រ្តម៉ឺងម៉ាត់ និង​​ស្ងប់ស្ងាត់។ ក្នុង​ចំណោម​សមាជិក​បណ្ឌិត​សភា​នៃ​អក្សរចារិក និង​អក្សរសាស្រ្ត ​២៥ រូប​ដែល​មាន​វត្តមាន​ក្នុង​ពិធី​ប្រកាស​តែង​តាំង​កាល​ពី​ថ្ងៃ​ម្សិលមិញ ព្រះមហាក្សត្រ​កម្ពុជា​ ព្រះបាទ សម្តេច​ព្រះបរម​នាថ​ នរោត្តម​ សីហមុនី គឺ​ជា​បុគ្គល​មួយ​រូប​ដែល​បង្ហាញ​នូវ​គុណសម្បត្តិ​ដ៏​ពិសេស​មួយ។ នោះ​គឺ​ក្នុង​រយៈពេល​ជាង​មួយ​ម៉ោង​នៃ​ពិធី​តែងតាំងដែល​អម​ដោយ​សុន្ទរកថា និង​ការឡើង​បង្ហាញ​របស់​វាគ្មិន ព្រះករុណា​ព្រះបាទ​នរោត្តម​សីហមុនី​នៅ​តែមាន​ឥរិយាបថ ដ៏​សុភាព និង​រក្សា​ទឹកមុខ​ញញឹម​ជាប់​ជានិច្ច។

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី និង​រដ្ឋមន្រ្តី​ក្រសួង វប្បធម៌​បារាំង Frederic Mitterrand (ខាង​ឆ្វេង)(រូបថត៖ ឈាង បុប្ផា)

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី និង​រដ្ឋមន្រ្តី​ក្រសួង វប្បធម៌​បារាំង Frederic Mitterrand (ខាង​ឆ្វេង)
(រូបថត៖ ឈាង បុប្ផា)

ដោយពិត​ទៅ ព្រះបាទ​នរោត្តម​សីហមុនី ត្រូវ​បាន​បោះឆ្នោតឲ្យ​ក្លាយ​សមាជិក​សហការី​បរទេស តាំង​ពី​ឆ្នាំ ២០០៨​មក​ម្ល៉េះ ប៉ុន្តែ​នៅ​ពេល​នោះ មិន​ទាន់​មាន​អាសនៈ​នៅ​ទំនេរ​សម្រាប់​ព្រះអង្គ។ នៅ​ពេល​នេះ ព្រះមហាក្សត្រ​ខ្មែរ​នឹង​ចូល​កាន់​អាសនៈ​របស់​សមាជិក​ម្នាក់​ដែល​បាន​ទទួល​អនិច្ចកម្ម។ សូម​បញ្ជាក់​ថា បណ្ឌិត​សភា​នៃ​អក្សរចារិក និង​អក្សរសាស្រ្ត ​មាន​សមាជិក​បណ្ឌិត​សភា ចំនួន ៥៥​នាក់ សមាជិក​សហការី​បរទេស​៤០​នាក់ និង​សមាជិក​អ្នកឆ្លើយឆ្លង​បារាំង​និង​បរទេស​១០០​នាក់​ទៀត។ គេ​ត្រូវ​ដឹង​ថា សមាជិកបណ្ឌិត​សភា​នីមួយៗ​កាន់​តំណែង​នេះ​មួយ​ជីវិត។

បណ្ឌិត​សភា​នៃ​អក្សរចារិក និង​អក្សរសាស្រ្ត គឺ​ជា​ស្ថាប័ន​មួយ​ដែល​ធ្វើការស្រាវជ្រាវ និង​បោះពុម្ព​ស្នាដៃ​ស្រាវជ្រាវ​ដែល​ទាក់ទង​នឹង​វិទ្យាសាស្រ្ត​មនុស្សជាតិ។ ស្ថាប័ន​មួយ​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​វិទ្យាស្ថាន​បារាំង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​នឹង​សាលា​ចុង​បូព៌ា​បទេស EFEO។ ​បណ្ឌិត​សភាមួយ​នេះ​មិន​ជ្រើសរើស​សមាជិក​តាម​រយៈការឈរ​ឈ្មោះ​របស់​បេក្ខជន​ទេ។ ប៉ុន្តែ គឺ​សមាជិក​​របស់​បណ្ឌិត​សភា​ដែល​ជា​អ្នកណែនាំ និង​បន្ទាប់​មកទើប​​មាន​ការបោះឆ្នោត​រួម​ពី​សំណាក់​សមាជិក​ទាំង​អស់​របស់បណ្ឌិត​សភា​។ នៅ​ក្នុង​ន័យ​នេះ ព្រះបាទ​នរោត្តម​សីហមុនី​ត្រូវ​បាន​ណែនាំ ដោយប្រធាន​សាលាចុងបូព៌ា​បទេស អ្នកតំណាង​របស់​អង្គការ​Unesco ក្នុង​ប្រទេស​បារាំង និង​ប្រធាន​របស់​បណ្ឌិត​សភា គឺ​លោក Pierre Sylvain Filliozat។

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី(រូបថត៖ ឈាង បុប្ផា)

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី
(រូបថត៖ ឈាង បុប្ផា)

ជា​ប្រធានរដ្ឋ ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ Unesco អ្នករបាំ និង​ជា​អ្នកជួយ​ស្រោចស្រង់​សិល្បៈ ចំរៀង និង​របាំ​បុរាណ​ក្នុង​ប្រទេស​កម្ពុជា ព្រះមហាក្សត្រ​កម្ពុជា បាន​ដើរ​តួ​នាទី​ដ៏​សំខាន់​សម្រាប់​សហគមន៍​អន្តរជាតិ។ ក្នុង​ព្រះរាជកិច្ច​របស់​ទ្រង់ ព្រះករុណា នរោត្តម​សីហមុនី​បាន​ចូលរួម​ជួយ​ក្នុង​ការស្រាវជ្រាវ ប្រវត្តិសាស្រ្ត បុរាណវិទ្យា និង​ការពារ​បេតិកភណ្ឌ​ខ្មែរ។

តាម​រយៈ​ព្រះរាជ​វត្តមាន​របស់​ព្រះអង្គក្នុង​បណ្ឌិត​សភា​អក្សរចារិក និង​អក្សរសាស្រ្ត ព្រះមហាក្សត្រ​ខ្មែរ​បាន​អំពាវនាវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការជួយ​ស្រោចស្រង់​ប្រាសាទ​ព្រះវិហារ។

ប្រធាន​របស់​បណ្ឌិត​សភា គឺ​លោក Pierre Sylvain Filliozatពិធីតែងតាំង​ព្រះមហាក្សត្រ​ខ្មែរ​ជា​សមាជិក​របស់​បណ្ឌិ​ត​សភា​អក្សរចារិក និង​អក្សរសាស្រ្ត ធ្វើឡើង​នៅ​ក្រោម​ទឹកចិត្ត​ដ៏​មាន​មោទនភាព​របស់​អ្នកចូលរួម​ជនជាតិ​ខ្មែរ​ដែល​មាន​តាំង​ពី​គ្រួសារ​ព្រះរាជ​វង្ស​ខ្មែរ។ ព្រះអង្គម្ចាស់​ក្សត្រី នរោត្តម​វិជ្ជរ៉ា ដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះ​បាន​មាន​បន្ទូល​កោត​សរសើរ​ចំពោះ​ព្រះកិត្តិយស​របស់​ព្រះមហាក្សត្រ​ដែល​បណ្ឌិត​សភា​បារាំង​ប្រគល់​ឲ្យ។

ដូច​នឹង​អ្នកចូលរួម​ដទៃ​ទៀត ឯក​ឧត្តម​ អុជ គឹមអន ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំងបាន​បង្ហាញ​ពី មោទនភាព​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​នេះ។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​ព្រោះ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ទី​មួយ​ក្នុង​ពិភពលោក​ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​បណ្ឌិត​សភា​បារាំង។ សម្រាប់​លោក ព្រះវត្តមាន​របស់​ព្រះមហាក្សត្រ​កម្ពុជា នឹង​ជួយ​ផ្តល់​ឱកាស​ដល់​ការងារ​ស្រាវជ្រាវ និងអភិរក្ស​ប្រាសាទ​បុរាណ​ខ្មែរ​តាម​រយៈ​ការចូលរួម​បន្ថែម​របស់​សាលា​បារាំង​ចុង​បូព៌ា​បទេស។

ក្នុង​ពិធី​កាល​ពី​ថ្ងៃ​ម្សិលមិញ ព្រះមហាក្សត្រ​ខ្មែរ​មិន​បាន​ទ្រង់​ឯកសណ្ឋាន​ពិសេស​ដូចដែល​សមាជិក​បណ្ឌិត​សភា​ដទៃ​ទៀត​ពាក់​នោះ​ទេ។ ព្រះអង្គ​ទ្រង់​សំលៀក​បំពាក់​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ទូទៅ​ទ្រង់​សម្រាប់​កម្មវិធី​ធំៗ។ ត្រង់​ចំណុច​នេះ ព្រះអង្គ​ម្ចាស់​វិជ្ជរ៉ា​បាន​ពន្យល់​ថា ព្រះមហាក្សត្រ​ជា​បុគ្គល​មាន​មាន​ឋានៈ​ខ្ពង់ខ្ពស់​ដែល​កំពុង​សោយរាជ្យ ដូច្នេះ​ ព្រះអង្គ​នឹង​មិន​ទ្រង់ឯកសណ្ឋាន​របស់​បណ្ឌិត​សភា ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​របប​សាធារណរដ្ឋនោះ​ទេ។

តាម​រយៈ​ការតែងតាំង​សមាជិក​ម្នាក់​របស់​​គ្រួសារ​ព្រះរាជវង្ស ជា​សមាជិក​របស់​បណ្ឌិត​សភា​ ភាគី​បារាំង​សង្ឃឹម​ថា ទំនាក់ទំនង​កម្ពុជា និង​បារាំង​កាន់​តែ​ជិតស្និទ្ធ។ ជាមួយ​គ្នានោះ បារាំង​សង្ឃឹម​ថា ព្រះរាជា​ខ្មែរ​កាន់​តែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការជួយ​ស្រាវជ្រាវ និង​អភិរក្ស​បេតិកភណ្ឌ​ខ្មែរដ៏​សំបូរបែប។

ប្រជាជន​ខ្មែរ​ មាន​មោទនភាព​នឹង​ការផ្តល់ឋានៈដ៏​មាន​កិត្តិយស​ដល់​ព្រះមហាក្សត្រ​របស់​ពួកគេ។ ប៉ុន្តែនេះ គ្រាន់​តែ​ជាដំណាក់​កាល​ដំបូង​នៃ​ព្រះរាជកិច្ច​របស់​ព្រះករុណា​ក្នុង​បណ្ឌិត​សភា។ ព្រះរាជា​ខ្មែរ​នៅ​មាន​ព្រះរាជកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​វប្បធម៌​ខ្មែរ នៅ​ជួប​ប្រទះ​ការលំបាក​នៅ​ឡើយ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល