ដោយ ប៉ែន បូណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 14/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 14/03/2010 12:39 ម៉ោងសកល
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មមិនសប្បាយចិត្តតបទៅនឹងរបាយការណ៍ស្តីពីសិទិ្ធមនុស្សរបស់សហរដ្ឋអាមេរិកដែលបានបង្ហាញពីចំណុចអវិជ្ជមានមួយចំនួនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍ប្រចាំឆ្នាំ២០០៩ ដែលចេញផ្សាយដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ បានកត់សម្គាល់អំពីការរឹតត្បិតសេរីភាពបញ្ចេញមតិ ការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែង និងការចាប់បញ្ជូនជនជាតិភាគតិចអ៊ុយហ្គួរត្រឡប់ទៅស្រុកចិនវិញជាដើម។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖

លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសអាមេរិក ឡើងអានរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅលើពិភពលោកប្រចាំឆ្នាំ ២០០៩
(រូបថត : AFP)
របាយការណ៍ដែលទើបតែត្រូវបានគេផ្សព្វផ្សាយនៅចុងសប្តាហ៍នេះ បានកត់សម្គាល់អំពីទិដ្ឋភាពពីរបែប ស្តីពីវិស័យសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ទិដ្ឋភាពទី១ របាយការណ៍នេះបានលើកឡើងអំពីចំណុចវិជ្ជមានមួយចំនួនដែលប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងធ្វើឲ្យមានការគោរពសិទ្ធិមនុស្ស។ ចំណុចវិជ្ជមានទាំងនោះរួមមានការដាក់ឲ្យអនុវត្តច្បាប់ ស្តីពីការការពារសិទិ្ធជនពិការ ការការពារបានល្អប្រសើរនូវសិទ្ធិជនរងគ្រោះដោយសារការជួញដូរមនុស្ស និងការថយចុះនៃអំពើសម្លាប់មនុស្សតាមទំនើងចិត្ត។ ការថយចុះនេះបានស្តែងឡើងតាមរយៈការប្រកាន់វិន័យបានល្អជាងមុនរបស់មន្ត្រីថ្នាក់ដឹកនាំនៃកងកម្លាំងរក្សាសន្តិសុខ ដោយសារការខិតខំរបស់រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលពួកគេបានល្អ។
យ៉ាងណាក៏ដោយការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមិនទាន់ចប់ទេ។ សេរីភាពបញ្ចេញមតិតាមរយៈសារព័ត៌មានត្រូវបានគេរឹតត្បិតដោយសារការប្តឹងផ្តល់ក្រោមបទចោទប្រកាន់អំពីបរិហារកេរ្តិ៍ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ការចាប់បញ្ជូនជនជាតិភាគតិចអ៊ុយហ្គួរចំនួន២០នាក់ ដែលប៉ុនប៉ងសុំសិទ្ធិជ្រកកោននយោបាយឲ្យត្រឡប់ទៅប្រទេសចិនវិញកាលពីចុងឆ្នាំ២០០៩ ក៏ស្ថិតក្នុងបញ្ជីនៃការរំលោភសិទ្ធិមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោនដែរ។ ក្រៅពីនោះរដ្ឋាភិបាលកម្ពុជានៅតែបន្តនយោបាយបណ្តេញពលរដ្ឋក្រីក្រចេញពីភូមិដ្ឋានរបស់ពួកគេ។
ប៉ុន្តែចំណុចដែលបានលើកឡើងក្នុងរបាយការណ៍ទាំងអស់នេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលបដិសេធ។ មានមន្ត្រីរដ្ឋាភិបាលយ៉ាងហោចណាស់ក៏៣រូបដែរ ដែលបានបញ្ចេញប្រតិកម្មតបទៅនឹងរបាយការណ៍នេះ គឺលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
សម្រាប់មន្ត្រីរដ្ឋាភិបាល ការប្តឹងអ្នកកាសែត ឬការចាប់បញ្ជូនជនជាតិអ៊ុយហ្គួរត្រឡប់ទៅស្រុកវិញមិនមែនជាការរំលោភសិទ្ធិមនុស្សទេ ប៉ុន្តែគឺជាការអនុវត្តន៍ច្បាប់របស់ប្រទេសតែប៉ុណ្ណោះ។ មន្ត្រីរដ្ឋាភិបាលទាំងនោះបានស្តីបន្ទោសអ្នកធ្វើរបាយការណ៍ថាបានមើលរំលងបញ្ហាទាំងនេះ។ យ៉ាងណាក៏ដោយ របាយការណ៍នេះត្រូវបានទទួលស្គាល់ដោយអង្គការសង្គមស៊ីវិលនៅកម្ពុជា៕
ទាក់ទងនឹងប្រធានបទនេះ
11/02/2010 12:29 ម៉ោងសកល
04/02/2010 13:17 ម៉ោងសកល
26/01/2010 13:41 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល