publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

កម្ពុជា-ថៃ

ហ៊ុន សែន​បញ្ជាមិនអោយ​ខ្មែរចល័តទ័ព​ពេលនេះ​

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  15/03/2010 14:09 ម៉ោងសកល

ចំ​ពេល​ដែល​ក្រុមជន​ថៃ​អាវ​ក្រហម​កំពុង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​កណ្តាល​ទីក្រុង​បាងកក​ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​រំលាយ​សភា​បោះឆ្នោត​ឡើងវិញ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ជា​មួយ​ចំនួន​ដល់​កងទ័ព​ខ្មែរ មិន​អោយ​បង្កើត​អស្ថេរភាព​នៅតាម​ព្រំដែន​នោះ​ឡើយ។ នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​កម្ពុជា។

បទអន្តរាគមន៍​របស់​លាង ដឺលុច ពី​ទីក្រុង​ភ្នំពេញ

15/03/2010

 

លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន​សែននិង​លោកនាយក​រដ្ឋមន្ត្រីថៃ​អភិសីទ

លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន​សែននិង​លោកនាយក​រដ្ឋមន្ត្រីថៃ​អភិសីទ

បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​មាន​៣​ចំណុច ហើយ​មាន​ពាក់ព័ន្ធ​ដល់​ពលរដ្ឋ​ខ្មែរ​ស៊ីវិល​ដែល​កំពុង​ប្រកប​របរ​រកស៊ី​នៅលើ​ទឹកដី​ថៃ​នោះ​ផង។ បទបញ្ជា​ទី​មួយ គឺ​សំដៅ​ចំពោះ​កង​ប្រដាប់​អាវុធ​ទាំងអស់​ដែល​កំពុង​ឈជើង​នៅតាម​តំបន់​ព្រំដែន និង​អាជ្ញាធរ​ដែនដី​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺ​សូម​អោយ​ពួកគេ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​កងទ័ព និង​រដ្ឋបាល​ដែនដី​របស់​ថៃ។ បញ្ជា​ទី២ ពាក់ព័ន្ធ​នឹង​កងទ័ព​ដដែល គឺ​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​មិន​អោយ​ធ្វើ​ការ​ចល័ត​ទ័ព​នោះ​ទេ បើ​គ្មាន​ការចាំបាច់ ដូចជា​ការផ្លាស់ប្តូរ​កំលាំង​ជាដើម។ ការហាម​មិន​អោយ​កងទ័ព​ខ្មែរ​ចល័ត​កំលាំង​យ៉ាងដូច្នេះ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី​ពន្យល់​ថា គឺ​ដើម្បី​កុំ​អោយ​ខាង​ប្រទេស​ថៃ​ចោទ​កម្ពុជា​ថា កម្ពុជា​ឆ្លៀត​ឱកាស ដណ្តើម​កាន់កាប់​កន្លែង​នេះ ឬ​កន្លែង​នោះ ឬ​បង្ករ​អស្ថេភាព​នៅតាម​ព្រំដែន នៅ​ពេល​ដែល​ទីក្រុង​បាងកក​កំពុង​វឹកវរ ចលាចល​នោះ។

            បញ្ជា​ទី៣​នោះ គឺ​ជា​ការណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​លើ​ទឹកដី​ថៃ។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អំពាវនាវ​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ចូលរួម​ក្នុង​បាតុកម្ម​របស់​ក្រុម​ថៃ​អាវ​ក្រហម​ឡើយ។ ព្រោះ​ថា​នេះ​ជា​ការ​ខុសច្បាប់។ ការ​អំពាវនាវ​ហាមប្រាម​យ៉ាងដូច្នេះ បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី គឺ​ដើម្បី​ចៀសវាង​ពី​ការ​ចោទប្រកាន់​ពី​ខាង​រដ្ឋាភិបាល​ថៃ​ផង ដែល​កន្លង​មក ធ្លាប់​បាន​លើកឡើង​ថា​មាន​ជនបរទេស​ចូលរួម​ធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​ថៃ។ បើ​ទោះ​អាជ្ញាធរ​ថៃ​មិន​បាន​និយាយ​ចំ​ថា ជា​ជន​បរទេស​ណា​ក៏​ដោយ តែ​លោក ហ៊ុន សែន​គ្រាន់តែ​មិន​ចង់​អោយ​មាន​បញ្ហា​កើត​ឡើង​លើ​ពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ ហើយ​ម្យ៉ាងវិញ​ទៀត​នោះ លោក នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បញ្ហា​បាតុកម្ម​សព្វថ្ងៃ​នេះ គឺ​ជា​រឿង​របស់​ប្រជាពលរដ្ឋ​ថៃ​ទេ គឺ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះ​ឡើយ។

            លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បញ្ហា​លោក​ថាក់ស៊ីន​នៅ​ស្រុក​ខ្មែរ ឬ​មិន​នៅ​ស្រុកខ្មែរ​ទាល់​តែ​លោក​ចេញ​មុខ​ប្រកាស​ទើប​គេ​អស់ចិត្ត។ ហើយ​កាល​ពីព្រឹកមិញ​នេះ គឺ​លោក ហ៊ុន សែន​បាន​បញ្ជាក់​ថា លោក​ថាក់ស៊ីន​អត់មាន​នៅ​កម្ពុជា​ទេ។ លោក​បន្ត​ថា កម្ពុជា​មិន​ត្រូវ​ការ​លាក់លៀម​ព័ត៌មាន​នេះ​ទេ។ បើ​ថាក់ស៊ីន​មក​កម្ពុជា នោះ​កម្ពុជា​នឹង​បញ្ចាំង​ផ្សព្វផ្សាយ​តែម្តង ដូច​កម្ពុជា​ធ្លាប់​បាន​ធ្វើ។ និយាយ​ដល់​ត្រង់​នេះ លោក​នាយក​រដ្ឋមន្ត្រី​នៅ​បន្ត​រិះគន់ សើច​ចំអក​ដល់​ចារកម្ម​ថៃ​នៅ​កម្ពុជា ដែល​តែងតែ​ផ្តល់​ព័ត៌មាន​ខុស​អំពី​វត្តមាន​របស់​លោក​ថាក់ស៊ីន​នៅកម្ពុជា។

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល