ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/03/2010 15:09 ម៉ោងសកល
រដ្ឋាភិបាលកម្ពុជា បានក្រើនរម្លឹកជាថ្មី ដល់ក្រុមការងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចំពោះការរិះគន់លើការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។ គឺតាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃច័ន្ទ ទី១៥មីនានេះ រដ្ឋាភិបាលកម្ពុជា បានក្រើនរម្លឹកដល់ក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា កុំឲ្យសម្តែងការព្រួយបារម្ភដែលមិនចាំបាច់ទៅលើដំណើរការច្បាប់និងធម្មនុញ្ញ ទាក់ទងនឹងការអនុម័តច្បាប់ពុករលួយកាលពីសប្តាហ៍មុន។
ការិយាល័យអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ខែមីនា ដោយបង្ហាញក្តីបារម្ភចំពោះរដ្ឋសភាអនុម័តយ៉ាងឆាប់រហ័សលើច្បាប់ពុករលួយ។ អង្គការសហប្រជាជាតិ លើកឡើងថា សេចក្តីព្រាងច្បាប់ពុករលួយគួរតែឆ្លងកាត់ដំណើរការពិគ្រោះពិភាក្សាដែលមានតម្លាភាពនិងមានការចូលរួមពីភាគីផ្សេងៗ ដើម្បីធានាថា ច្បាប់នេះស្របតាមស្តង់ដារអន្តរជាតិ។ អង្គការសហប្រជាជាតិ ក៏បានជម្រុញលើកទឹកចិត្តដល់រដ្ឋសភាឱ្យទុកពេលវេលាគ្រប់គ្រាន់សម្រាប់តំណាងរាស្ត្រនិងសង្គមស៊ីវិលដើម្បីពិភាក្សាលើច្បាប់នេះ ហើយប្រសិនជាចាំបាច់អាចធ្វើវិសោធនកម្មកែប្រែ លើចំណុចខ្លះតាមសំណើ។
ក៏ប៉ុន្តែអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកថាសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិខាងលើនេះមើលទៅហាក់ដូចជាស្នើទៅរដ្ឋាភិបាលកម្ពុជាឲ្យសុំភ្លើងបៃតងពីអង្គការសង្គមស៊ីវិលនោះគឺជាទស្សនៈមិនត្រឹមត្រូវ ព្រោះកម្ពុជាជាប្រទេសឯករាជ្យនិងមានអធិបតេយ្យភាព។ រដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនតម្រូវឲ្យរដ្ឋសភារួមបញ្ចូលអង្គការសង្គមស៊ីវិលឬអង្គការអន្តរជាតិក្នុងសកម្មភាពតាក់តែងនិងអនុម័តច្បាប់ឡើយ។
សេចក្តីបំភ្លឺក៏បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានរៀបចំដំណើរការតាក់តែងច្បាប់ពុករលួយដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយនិងមានតម្លាភាពចាប់តាំងពីឆ្នាំ១៩៩៦ ដោយផ្នែកលើបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ មានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ អង្គការអន្តរជាតិ និងអ្នកជំនាញបរទេសជាដើម។
សូមរម្លឹកថា សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាក្នុងរឿងច្បាប់ពុករលួយក៏បានធ្វើឲ្យក្រសួងការបរទេសកម្ពុជាបញ្ចេញប្រតិកម្មម្តងរួចមកហើយកាលពីថ្ងៃទី១២មីនា។ ក្រសួងការបរទេសកម្ពុជាបានចោទប្រកាន់ថាអង្គការសហប្រជាជាតិបានអនុវត្តហួសព្រំដែននិងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Margaret Lamb នៅថ្ងៃច័ន្ទនេះមិនបានធ្វើអត្ថាធិប្បាយក្នុងរឿងនេះទេ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល