publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សង្គម​

ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ បន្ត​ទាមទារ​កន្លែង​ស្រប​ច្បាប់ នៅ​ក្នុង​សង្គម

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 16/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  16/03/2010 14:18 ម៉ោងសកល

ក្រុម​ស្ត្រី​អ្នក​រកស៊ី​ផ្លូវភេទ​ ដោយ​ស្ម័គ្រ​ចិត្ត បាន​អំពាវនាវ​ជា​ថ្មី នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​ទី​កន្លែង​​​ស្រប​ច្បាប់​ណា​មួយ សម្រាប់​ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ​ការ​អំពាវនាវ​នេះ បាន​ធ្វើ​​ឡើង ចំ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា បើក​យុទ្ធនាការ​បង្ក្រាប​ បិទ​បន​ពេស្យា ក្លឹប​កំសាន្ត និង​ហាង​ម៉ាស្សា ខារ៉ាអូខេ ស្រប​តាម​បទ​បញ្ជា​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

បទ​អន្តរាគមន៍​របស់ លី ម៉េងហួរ​ ពីទីក្រុង​ភ្នំពេញ

16/03/2010

ក្រុមស្រ្តី​រកស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា

ក្រុមស្រ្តី​រកស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា

ជាថ្មីម្តងទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ តំណាង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ អ្នកស្រី កែវ ថា បាន​អំពាវ​នាវ​យ៉ាង​ទទូច សុំ​​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​តែ​ថៅកែ​ មេ​បន ដែល​ប្រកប​របរ​ជួញ​ដូរ​ផ្លូវភេទ ប៉ុន្តែ​អាជ្ញាធរ មិន​ត្រូវ​ចាប់ខ្លួន ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ដែល​​ពួកគេ​អះ​អាង​ថា ក្រុម​ស្ត្រី​ទាំងនោះ បាន​ចាប់​យក​អាជីព ជា​អ្នក​បម្រើ​ផ្លូវភេទ ដោយ​​​​ស្ម័គ្រ​ចិត្ត​នោះ​ទេ។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ភាគ​ច្រើន បាន​ប្រកប​របរ នា​ពេល​រាត្រី នៅ​តាម​សួនច្បារ​សាធារណៈ ដូចជា នៅ​វត្ត​ភ្នំ និង​អ្នក​ខ្លះ​ទៀត រក​ស៊ី​នៅ​តាម​ហាង​ខារ៉ាអូខេ និង​ហាង​កាហ្វេ ជាដើម។ ស្ត្រី​ទាំងនោះ អះអាង​ថា ​មុខ​របរ​ជា​អ្នក​រកស៊ី​ផ្លូវ​ភេទ គឺ​ជា​មុខរបរ​សុច្ចរិត ដើម្បី​រក​ចំណូល​​ចិញ្ចឹម​ជីវិត ចិញ្ចឹម​ក្រុម​គ្រួសារ និង​ចិញ្ចឹម​កូន​ប៉ុណ្ណោះ។ ពួក​គេ​អះអាង​ថា ​មិន​បង្ក​​បញ្ហា​អ្វី​ដល់​សង្គម​ទេ។

តំណាង​ស្ត្រី​រក​ស៊ី​ផ្លូវភេទ អ្នកស្រី កែវ ថា បាន​បន្ថែម​ថា ចាប់តាំង​ពី​អាជ្ញាធរ​ប៉ូលិស បង្ក្រាប និង​បិទ​ផ្ទះ​បន​ស្រី ព្រម​ទាំង​ចាប់​ខ្លួន​ក្រុម​ស្ត្រី​អ្នក​រកស៊ី​ផ្លូវភេទ​តាម​ផ្លូវ​សាធារណៈ មក​ទល់​ពេល​នេះ មាន​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ប្រហែល​ជា ៥០% ត្រូវ​បាត់បង់​មុខ​របរ និង​មិន​អាច​មាន​ចំណូល សម្រាប់​ចិញ្ចឹម​​​គ្រួសារ ដូច​កាល​ពី​មុន​ឡើយ ជា​ពិសេស​កូនៗ​របស់​ពួកគេ មិន​បាន​ទៅ​សាលា​រៀន​ទេ។

ជាទូទៅ មិន​មាន​តួលេខ​ជាក់លាក់ អំពី​ចំនួន​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ក្នុង​ប្រទេស​កម្ពុជា​ទេ។ ប៉ុន្តែ​​តំណាង​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវភេទ បាន​​អះអាង​ថា បច្ចុប្បន្ន​សមាគម ដែល​បង្កើត​ឡើង​ដោយ​​អ្នក​រកស៊ី​ផ្លូវភេទ​ ដែល​មាន​ឈ្មោះ​ថា បណ្តាញ​ការងារ​​ស្ត្រី​រួប​រួម​គ្នា មាន​​សមាជិក​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​សេវា​កំសាន្ត ជាង ៥០០០ នាក់ នៅ​​ភ្នំពេញ និង១៤ ខេត្ត​ផ្សេង​ទៀត។

ក្រុម​ស្ត្រី​ទាំងនោះ បញ្ជាក់​ថា មិនមែន​ពួក​គេ​​សប្បាយ​នឹង​មុខ​របរ​នេះ​ទេ ប៉ុន្តែ​​ដោយ​សារ​មិនមាន​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹម​ជីវិត ទើប​ចាប់​យក​អាជីព​ផ្លូវ​ភេទ។

ចំពោះ​មុខ​ការអំពាវនាវ​នេះ រដ្ឋាភិបាល តាម​រយៈ​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័ក្ត្រ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា សកម្មភាព​បង្ក្រាប​ផ្ទះ​បន​ពេស្យា និង​បិទ​ហាង​​ម៉ាស្សា​ខារ៉ាអូខេ ដែល​ប្រកប​របរ​ផ្លូវភេទ គឺ​អាជ្ញាធរ គ្រាន់​តែ​អនុវត្ត​តាម​ច្បាប់ ព្រោះថា ការ​បើក​បន​ពេស្យា ជា​មុខ​របរ​ខុស​ច្បាប់ ដែល​នាំ​ឲ្យ​អាប់​អោន​ដល់​សង្គមជាតិ និង​ជាពិសេស​អាប់​អោន​ដល់​កិត្តិយស​របស់​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ​នោះ​ផង។

លោក​ឧត្តមសេនីយ៍ បាន​អំពាវនាវ​ឲ្យ​ក្រុម​ស្ត្រី​អ្នក​រក​ស៊ី​ផ្លូវភេទ ទៅ​រក​របរ​ផ្សេង​វិញ​ប្រសើរ​ជាង។ អាជ្ញាធរ​ប៉ូលិស​ក្រសួង​មហាផ្ទៃ ក៏​នឹង​អនុវត្ត​ជា​ប្រចាំ គឺ​បិទ​បន​ពេស្យា ហើយ​មេបន ត្រូវ​ទទួល​ខុស​ត្រូវ​មុន​គេ ដោយ​ត្រូវ​ផ្តន្ទាទោស ជាប់​ពិរុទ្ធ​តាម​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ត្រូវ​ជាប់​ពន្ធនាគារ​ពី ពីរ​ឆ្នាំ ទៅ ប្រាំ​ឆ្នាំ។

លោក​ឧត្តមសេនីយ៍ បាន​បន្ថែម​ថា យុទ្ធនាការ​បង្ក្រាប​ផ្ទះ​បន​ពេស្យា និង​ក្លឹប​កំសាន្ត ដែល​មាន​ការ​​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ពី​ក្រោយ បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ និង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ដើម​ខែ​មីនា​នេះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល