publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ជនជាតិ​ភាគតិច

អសប​ស្នើ​ឱ្យ​កម្ពុជា​បញ្ឈប់​ការយក​ដី​ព្រៃភ្នំ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  17/03/2010 12:42 ម៉ោងសកល

គណៈកម្មការ​ទទួល​បន្ទុក​អនុសញ្ញា​អន្តរជាតិ ស្តី​ពី លុប​បំបាត់​ការរើសអើង​ពូជ​សាសន៍ របស់​អង្គការ​សហប្រជាជាតិ​បាន​ដាក់​សំណើ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ឲ្យ​បញ្ឈប់​ការយក​ដី​ព្រៃភ្នំ​របស់​សហគមន៍​ជនជាតិ​ភាគតិ និង​បញ្ឈប់​ផ្តល់​សម្បទាន ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​វិនិយោគ។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

17/03/2010

ទេសភាព​ទឹកធ្លាក់​ក្នុង​ខេត្ត​មណ្ឌលគិរី(រូបថត៖​រក្សាសិទ្ធិ)

ទេសភាព​ទឹកធ្លាក់​ក្នុង​ខេត្ត​មណ្ឌលគិរី
(រូបថត៖​រក្សាសិទ្ធិ)

អនុសាសន៍​ជាច្រើន​ចំណុច ត្រូវ​បាន​ក្រុម​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច និង​គណៈកម្មការ​ទទួល​បន្ទុក​អនុសញ្ញា​អន្តរជាតិ ស្តី​ពី ការលុប​បំបាត់​ការរើសអើង​ពូជ​សាសន៍​អង្គការ​សហប្រជាជាតិ ICERD ដាក់​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១០។

ក្នុង​កិច្ចការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច នៅ​កម្ពុជា នា​ពេល​នេះ អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ចុះ​បញ្ជី​ដីធ្លី​ដល់​ជនជាតិ​ដើម​ភាគតិច ពិសេស​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សម្បទាន​ដី​ព្រៃ​ភ្នំ ដើម្បី​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ទេសចរណ៍ និង​ធ្វើ​អាជីវ​កម្មរ៉ែ។ រដ្ឋាភិបាល​ក៏​ត្រូវ​បញ្ឈប់​នូវ​រាល់​គម្រោង​អភិវឌ្ឍន៍​ទ្រង់ទ្រាយ​ធំៗ ដូចជា ទំនប់​វារី​អគ្គិសនី​ធំៗ និង​ផ្លូវធំៗ នៅ​ក្នុង​តំបន់​ជនជាតិ​ដើម​ភាគតិច​ជាដើម។

ជនជាតិ​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា(រូបថត៖​រក្សាសិទ្ធិ)

ជនជាតិ​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា
(រូបថត៖​រក្សាសិទ្ធិ)

គម្រោង​អភិវឌ្ឍន៍ និង​ការផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន​នានា នៅ​តំបន់​ព្រៃភ្នំ បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជា​សមូហភាព​នៃ​ជនជាតិ​ដើម​ភាគតិច បំផ្លិច​បំផ្លាញ​នូវ​វប្បធម៌​ជនជាតិ​ភាគតិច ជា​ពិសេស​ប៉ះពាល់​ដល់​ដី​កប់​ខ្មោច​ដូនតា និង​បាត់បង់​មុខរបរ​របស់​ពួកគេ ក្នុង​ការរុករក​អនុផល​ព្រៃឈើ។ នេះ​បើ​តាម​ការអះអាង​របស់​តំណាង​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹកមិញ លោក ឈិត សំអាត ប្រធាន​អង្គការ NGOs Forum បាន​លើក​ឡើង​ថា បញ្ហា​ជនជាតិ​ភាគតិច នៅ​កម្ពុជា ជា​បញ្ហា​ក្តៅ​កគុក​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន និង​ជន​មាន​អំណាច​មួយ​ចំនួន នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឥសាន និង​នៅ​ភ្នំ​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ រំលោភ​យក​ដី​សហគមន៍​របស់​ពួកគេ ដោយ​គ្មាន​ការពិគ្រោះ​យោបល់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី វប្បធម៌​របស់​ជនជាតិ​ភាគតិច​ទាំង​នោះ។

ក៏​ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​លើក​ឡើង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​កន្លង​មក បាន​កំណត់​មិន​ឲ្យ​ប៉ះពាល់​ដល់​ដី​ព្រៃ​អារក្ស​អ្នកតា និង​ដី​កប់ខ្មោច​ដូនតា​របស់​ជនជាតិ​ភាគតិច​ទេ។ ម្យ៉ាងទៀត ការផ្តល់​ដី​សម្បទាន​ដើម្បី​វិនិយោគ​នេះ ក៏​ដើម្បី​បង្កើត​មុខ​របរ​ថ្មី ជំនួស​មុខ​របរ​ដូនតា​របស់​ជនជាតិ​ភាគតិច​ផង​ដែរ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល