ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 17/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 17/03/2010 12:50 ម៉ោងសកល
"ស្ត្រីមានសិទ្ធិទទួលបានការលែងលះ" នេះគឺជាប្រធានបទនៃសិក្ខាសាលា នៅថ្ងៃនេះដែលរៀបចំដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា។ នៅក្នុងសិក្ខាសាលាពេញមួយថ្ងៃនៅថ្ងៃនេះ លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានអំពាវនាវអោយមានការគាំទ្រអោយកាន់តែច្រើនថែមទៀតដល់ស្ត្រីដែលកំពុងឆ្លងកាត់ដំណើរការដ៏លំបាកនៃការលែងលះ។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖សិក្ខាសាលានេះនិយាយតែក្នុងក្របខណ្ឌនៃជួយផ្តល់យុត្តិធម៌ និងផ្សព្វផ្សាយអំពីសិទ្ធិដែលស្ត្រីត្រូវទទួលបាន នៅពេលដែលខ្លួនចង់លែងលះជាមួយស្វាមីតែប៉ុណ្ណោះ។ បានន័យថា ក្រុមអង្គការសង្គមស៊ីវិល និងសេនាធិការរបស់រដ្ឋាភិបាល ដូចជាក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហានេះត្រូវផ្តោតការចាប់អារម្មណ៍ ឬត្រូវខិតខំបន្ថែមទៀត ដើម្បីជួយសម្រួលដល់នីតិវិធីនៃការលែងលះដែលស្ត្រីចង់បាន។ ពីព្រោះថា ស្ត្រីក៏មានសិទ្ធិដូចបុរស ស្មើបុរសក្នុងការលែងលះ។
យោងតាមការអះអាងរបស់លោក កៅ ឌីណាដែលជាប្រធានកម្មវិធីយុត្តិធម៌ស្ត្រីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ឧបសគ្គដែលស្ត្រីជួបប្រទះក្នុងនីតិវិធីលែងលះនោះមានច្រើនដែរ។ បើយើងនិយាយអោយទូលំទូលាយបន្តិចនោះ គឺថា នីតិវិធីនៃការលែងលះមានភាពស្មុគស្មាញច្រើន។ ចំណាយពេលវេលាច្រើនលើនីតិវិធីសាលាដំបូង និងសាលាឧទ្ធរណ៍ មានចំណាយផ្សេងៗសម្រាប់ការធ្វើដំណើរ អាហារ និងការស្នាក់នៅ ត្រូវចំណាយប្រាក់លើការដាក់ពាក្យបណ្តឹង និងចំណាយលើការរត់ដីការជាដើម។
កន្លងមក មានករណីខ្លះ ស្ត្រីបានទទួលការលែងលះហើយ ប៉ុន្តែមិនបានទទួលនូវអ្វីដែលខ្លួនត្រូវទទួលនោះទេ។ ដូចជាការជួយឧបត្ថម្ភផ្នែកអាហារកិច្ចសម្រាប់ចិញ្ចឹមកូនពីសំណាក់អតីតស្វាមី និងការបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នា។ មានបញ្ហាមួយទៀតដែលធ្វើអោយស្ត្រីបាត់បង់ប្រយោជន៍ដែរ នៅពេលលែងលះគ្នា។ នោះគឺការដែលគ្មាន ការចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ បានន័យថា បើទោះជា ពួកគេបានរៀបការជាឱឡារិកក៏ដោយ ប៉ុន្តែបើពួកគេមិនបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ វាស្មើនឹងពួកគេរស់នៅជាមួយគ្នាដោយមិនស្របច្បាប់។ ហើយនៅពេលដែលពួកគេត្រូវការលែងលះនោះ ខាងភាគីស្ត្រីពិបាកនឹងទាមទារសិទ្ធិ និងប្រយោជន៍មួយចំនួនដែលខ្លួនត្រូវទទួលនោះណាស់។ ហេតុដូច្នេះហើយបានជានៅក្នុងសិក្ខាសាលានៅថ្ងៃនេះ អ្នកចូលរួមទាំងអស់បានជម្រុញដល់ក្រសួងពាក់ព័ន្ធអោយសម្រួលនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ផងដែរ។
អង្គការជំនួយផ្នែកច្បាប់ នៅកម្ពុជាបានរកឃើញមានមូលហេតុធំបីដែលបណ្តាលអោយស្ត្រីសម្រេចចិត្តលែងលះស្វាមីនោះរួមមានអំពើហឹង្សាក្នុងគ្រួសារ ការចុះចោលផ្ទះរបស់បុរសជាស្វាមី និងការមិនទទួលខុសត្រូវលើការជួយចិញ្ចឹមគ្រួសារ។ ហើយក្រោយពេលលែងលះ គេសង្កេតឃើញស្ត្រីជួបវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារ រងសំពាធផ្នែកសតិអារម្មណ៍ពីសហគមន៍ គ្រួសារបាត់បង់ភាពកក់ក្តៅ កូនក្លាយជាក្មេងកំព្រា ជារួមគឺការពិបាកក្នុងការកសាងគ្រួសារ។
ស្មារតីរបស់សិក្ខាសាលានេះមិនមែនជាការលើកទឹកចិត្តអោយមានការលែងលះនោះទេ។ ដូចលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងនៅក្នុងសិក្ខាសាលានោះថា ការលែងលះ គឺជាបទពិសោធន៍ដ៏ឈឺចាប់ និងជាក្តីអស់សង្ឃឹម មិនត្រឹមតែសម្រាប់ស្ត្រីទេ តែវាប៉ះពាល់ដល់អារម្មណ៍កូនចៅ និងសង្គមគ្រួសារទាំងមូលផង។ ដូច្នេះ សម្រាប់លោកស្រីរដ្ឋមន្ត្រី ការលែងលះ វាគួរតែជាជម្រើសចុងក្រោយ។
យោបល់មួយរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនោះ គឺត្រូវធ្វើយ៉ាងណាអោយមានតំណាងស្ត្រីកាន់តែច្រើននៅក្នុងវិស័យតុលាការ។ ត្រូវមានបន្ទប់សវនាការ និងមន្ត្រីដែលទទួលបន្ទុកឆ្លើយតបនឹងជនរងគ្រោះដែលជាស្ត្រី ព្រមទាំងវិធីសាស្ត្រកាត់ក្តីដែលឆ្លើយតបនឹងបញ្ហាយេនឌ័រផងដែរ។ និយាយពីចំនួនស្ត្រីនៅក្នុងតុលាការនោះ គឺវាតិចបំផុតហើយ។ លោកស្រីអ៊ឹង កន្ថាផាវីបានមានប្រសាសន៍អោយដឹងថា សព្វថ្ងៃ មានចៅក្រមជាស្ត្រីតែ ៣០រូប នៅពេលដែលចៅក្រមបុរសមានរហូតដល់១៧៨រូប។ មានព្រះរាជអាជ្ញាស្ត្រី២រូប តែព្រះរាជអាជ្ញាជាបុរសមាន៩៨រូប។ ហើយក្រឡាបញ្ជីស្ត្រីមានតែ១១៧រូប ក្នុងចំណោមក្រឡាបញ្ជីជាបុរស៥០៥រូប។
ចំណែកឯ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាឯណោះវិញបានសំណូមពរអោយរដ្ឋាភិបាលពង្រឹងយន្តការនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ ស្នើអោយនីតិវិធីលែងលះមានលក្ខណៈសាមញ្ញជាងសព្វថ្ងៃ និងស្នើអោយមានការបង្កើតច្បាប់ដើម្បីគ្រប់គ្រងទំនាក់ទំនងជាអនីតិសង្វាស បានន័យថាការរស់នៅជាមួយគ្នាដោយមិនមានចុះសំបុត្រអាពាហ៍ពិពាហ៍ និងនីតិវិធីរំលាយទំនាក់ទំនងប្រភេទនេះ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល