ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/03/2010 11:41 ម៉ោងសកល
អង្គការមូលនិធិសត្វព្រៃពិភពលោក ហៅកាត់ថា WWF បានចងក្រងសៀវភៅលើកដំបូងស្តីអំពីរុក្ខជាតិផ្តៅ នៅកម្ពុជា ដើម្បីផ្តល់ការអប់រំ និងចំណេះដឹងដល់សហគមន៍អោយចេះគ្រប់គ្រងធនធានផ្តៅប្រកបដោយនិរន្តរភាព។ ក្រុមអ្នកជំនាញបាននិយាយថា ធនធានផ្តៅ នៅកម្ពុជាកំពុងថយចុះ ដោយសារតែការប្រមូលផលដ៏លើសលប់ និងការបាត់បង់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖
ធនធានផ្តៅ នៅកម្ពុជា និងធនធានផ្តៅ នៅប្រទេសផ្សេងទៀតកំពុងថយចុះយ៉ាងខ្លាំងដោយសារការប្រមូលផលលើសលប់ និងដោយគ្មានបច្ចេកទេស នេះជាការបញ្ជាក់របស់លោកម៉ែន ភិមៀន ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃរដ្ឋបាលព្រៃឈើ។
ការកត់សម្គាល់នេះបានធ្វើឡើង នៅក្នុងឱកាសផ្សព្វផ្សាយសៀវភៅលើកដំបូង កាលពីថ្ងៃទី១៧ខែមីនាស្តីអំពីផ្តៅ នៅកម្ពុជា ដែលចងក្រងដោយអង្គការមូលនិធិសត្វព្រៃពិភពលោក WWF។ សៀវភៅនេះជាជំហានសំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងធនធានផ្តៅ ប្រកបដោយនិរន្តរភាព ពីព្រោះសៀវភៅនេះពិពណ៌នាអំពីប្រភេទនានា ជីវសាស្ត្រ និងលក្ខណៈរបស់ផ្តៅទៅដល់អ្នកធ្វើអាជីវកម្មផ្តៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការស្រាវជ្រាវបានរកឃើញមានផ្តៅចំនួនជាង ២០ប្រភេទដែលមានដុះ នៅកម្ពុជា ហើយក្នុងនោះមាន ៥ប្រភេទដែលមានសក្តានុពលខ្ពស់ក្នុងទីផ្សារកម្ពុជា។
លោកម៉ែន ភិមៀន ប្រធាននាយករដ្ឋានសត្វព្រៃ និងជីវៈចម្រុះបានមានប្រសាសន៍ថា នៅលើពិភពលោក ការជួញដូរផ្តៅមានតម្លៃប្រមាណជាង ៤០០០លានដុល្លារ ហើយមានអ្នកដែលពាក់ព័ន្ធនឹងសកម្មភាពនេះជាង ៧០០លាននាក់។ លោកបន្តថា នៅកម្ពុជា ក្នុងតំបន់ខ្លះ ផ្តៅត្រូវបានអ្នកភូមិចាត់ទុកជាប្រភពចំណូលទី ២ ឬទី៣។ ផ្តៅ គឺជាអនុផលព្រៃឈើមួយក្នុងចំនោមឃ្មុំ និងជ័រទឹកដែលមានតួនាទីសំខាន់ក្នុងការបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជន។
សៀវភៅដែលមានជាភាសាខ្មែរ និងអង់គ្លេសបានចងក្រងទុកនូវឈ្មោះជាភាសាខ្មែរ ដែលគេនិយមប្រើ និងហៅជាទូទៅតាមតំបន់ និងឈ្មោះវិទ្យាសាស្ត្រនៃប្រភេទផ្តៅនីមួយៗ។ សៀវភៅនេះមានពិពណ៌នាលម្អិតពីរូបរាង លក្ខណៈ នៃប្រភេទផ្តៅនីមួយៗដូចជា ដើម ស្រទប ស្លឹក បន្លាស្រទប ស្រកីស្រទប ដៃតោង កញ្ចុំផ្កាជាដើម។
លោកឃូ អៀងហួត អ្នកនិពន្ធសៀវភៅ និងជារុក្ខវិទូជាន់ខ្ពស់បានថ្លែងថា មនុស្សទាំងអស់គ្នាស្គាល់ផ្តៅតាមរយៈផលិតផលសម្រេចដូចជាកៅអី តុ និងធ្នើរសៀវភៅដែលធ្វើអំពីផ្តៅ។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលស្គាល់ដើមផ្តៅពិតប្រាកដដែលដុះក្នុងព្រៃនោះ។
លោកអ៊ូ រតនៈ ប្រធានគម្រោងផ្តៅនៃអង្គការWWFបានថ្លែងអោយដឹងថា គម្រោងរបស់លោកបានជួយសហគមន៍មូលដ្ឋាន បង្កើតជាគណៈកម្មការគ្រប់គ្រងធនធានផ្តៅប្រកបដោយនិរន្តរភាពបានដោយជោគជ័យ នៅក្នុងភូមិចំនួន ២០ដែលមានពាក់ព័ន្ធជាមួយពលរដ្ឋ ៤៩០០គ្រួសារក្នុងខេត្តកំពត ព្រះសីហនុ កោះកុង កំពង់ធំ និងខេត្តព្រះវិហារ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល