ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 19/03/2010 14:02 ម៉ោងសកល
ប្រធានណបក្សប្រឆាំងគឺលោកសម រង្ស៊ីមិនបាននៅទំនេរមាត់ទេ។ នៅពេលដែលកំពុងតវ៉ាជាមួយរដ្ឋាភិបាលក្នុងសំណុំរឿងព្រំដែនខាងកើត លោកសម រង្ស៊ីក៏បានបន្តបន្លឺសម្លេងថែមទៀតក្នុងសំណុំរឿងប្រវត្តិលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាទាក់ទងនឹងគុកបឹងត្របែក។ ជាលិខិតចំហររបស់ប្រធានគណបក្សសម រង្ស៊ីពីប្រទេសបារាំង ដែលដាក់សំណួរជាច្រើនសម្រាប់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖

រដ្ឋមន្រ្តីការទេសខ្មែរលោកហោ ណាំហុង ប្តឹងលោកសម រង្ស៊ីពីបទបរិហារកេរ្តិ៍
(រូបថត៖ RFIរក្សាសិទ្ធិ)
សំណួរគឺពាក់ព័ន្ធទៅនឹងការដែលលោករដ្ឋមន្ត្រីការបរទេសកម្ពុជាមិនបានទៅជួបចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមដែលបានកោះអញ្ជើញលោកទៅផ្តល់សក្ខីកម្ម។ លោកសម រង្ស៊ីបានសួរបញ្ជាក់ទៅលោក ហោ ណាំហុងថា តើលោកហោ ណាំហុងពិតជាបានបដិសេធការកោះអញ្ជើញទៅធ្វើសក្ខីកម្មរបស់សហចៅក្រមស៊ើបអង្កេតមែន ឬមិនមែន? សំណួរបន្ទាប់ទៀតនោះថា តើហេតុអ្វីលោកហោ ណាំហុងបដិសេធ? តើលោក ហោ ណាំហុងខ្លាចអ្វី? ថាតើលោក ហោ ណាំហុងមិនគោរពសហចៅក្រមស៊ើបអង្កេតអន្តរជាតិលោកMarcel Lemondeដែលត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិខ្លះទេឬ? ហេតុអ្វីបានជាលោក ហោ ណាំហុងមិនចូលរួមចំណែកជួយតុលាការខ្មែរក្រហមនេះ?
លោកសម រង្ស៊ីកំពុងងាកមកនិយាយអំពីករណីរបស់លោកហោ ណាំហុងដែលកន្លងមកមានមតិខ្លះ ក្នុងនោះគឺ លោក សម រង្ស៊ីខ្លួនឯងផង ដែលធ្លាប់បាននិយាយចោទប្រកាន់លោក ហោ ណាំហុងថា គឺជាអ្នកទទួលខុសត្រូវនៅគុកបឹងត្របែកដែលបានឃុំក្រុមអ្នកបញ្ញវ័ន្តខ្មែរជាច្រើន ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែ ការចោទប្រកាន់នេះត្រូវបានលោកហោ ណាំហុងច្រានចោល តាមរយៈការដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ីនៅប្រទេសបារាំង។
គួរកត់សម្គាល់ឃើញថា នៅក្នុងលិខិតចំហររបស់លោកសម រង្ស៊ីទៅលោក ហោ ណាំហុង លោកសម រង្ស៊ីក៏បានរម្លឹករឿងដែលលោកហោ ណាំហុងដាក់បណ្តឹងប្តឹងគាត់ ពីបទបរិហាកេរ្ត៍ទៅតុលាការបារាំងដែរ។
សូមរម្លឹកថា កាលពីឆ្នាំ២០០៨ លោក សម រង្ស៊ីធ្លាប់បាននិយាយ នៅក្នុងទិវាចងកំហឹង១៧មេសាថា មានអ្នកមានតួនាទីធំសំខាន់ៗក្នុងរបបខ្មែរក្រហមកំពុងនៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ហើយលោក សម រង្ស៊ីក៏បានបញ្ចេញឈ្មោះលោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង។ លោកហោ ណាំហុងក៏បានប្តឹងលោកសម រង្ស៊ីតែម្តង។
នៅក្នុងលិខិតចំហររបស់លោកសម រង្ស៊ីនេះ លោកសម រង្ស៊ីឆ្ងល់ទៀតថា ហេតុអ្វីបានជាលោកហោ ណាំហុងសម្រេចដាក់បណ្តឹងប្តឹងលោក នៅតុលាការក្នុងប្រទេសបារាំងដែលស្ថិតនៅ១ម៉ឺនគីឡូមែត្រពីកម្ពុជា តែពេលចៅក្រមស៊ើបអង្កេតតុលាការខ្មែរក្រហមអញ្ជើញលោកហោ ណាំហុងទៅផ្តល់សក្ខីកម្មនៅក្នុងសំណុំរឿងដូចគ្នា បែរជាលោក ហោ ណាំហុងបានបដិសេធទៅវិញ។
មានប្រតិកម្មពីលោក ហោ ណាំហុង។ ប៉ុន្តែខ្លីទេ ហើយជាប្រតិកម្មដែលចំអកអោយលោកសម រង្ស៊ីទៀតផង។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អោយដឹងថា លោកឧបនាយករដ្ឋមន្ត្រីបានឃើញលិខិតរបស់លោកសម រង្ស៊ីហើយ។ លោកអត្ថាធិប្បាយថា លោកមិនធ្វើការឆ្លងឆ្លើយជាមួយជនដែលជាប់ចោទ នៅឯតុលាការព្រហ្មទណ្ឌបារាំងនោះទេ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល