ដោយ ប៉ែន បូណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/03/2010 12:39 ម៉ោងសកល
សមាគមជនរងគ្រោះដោយរបបខ្មែរក្រហមដែលបានប្រកាសដំណើរការជាផ្លូវការ នៅថ្ងៃសៅរ៍នេះបានទាមទារមិនឲ្យគេរំលាយអដ្ឋិធាតុរបស់ជនរងគ្រោះឡើយ ដើម្បីជាប្រយោជន៍ក្នុងការស្វែងរកអត្តសញ្ញាណរបស់អដ្ឋិធាតុទាំងនោះទៅថ្ងៃក្រោយ។ សមាគមដែលមានអតីតអ្នកទោសគុកទួលស្លែងពីររូប គឺលោកជុំម៉ី និងលោកប៊ូ ម៉េង ជាស្ថាបនិកនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅជួយការពារផលប្រយោជន៍ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ក្នុងបុព្វហេតុស្វែងរកយុត្តិធម៌របស់ខ្លួន។

លលាដ៍ក្បាលរបស់ជនរងគ្រោះដែលគេសម្លាប់ក្នុងរបបខ្មែរក្រហមត្រូវគេដាក់តាំងក្នុងស្តូបនៅវាលជើងឯក
(រូបថត៖សុវណ្ណារ៉ា)
ក្នុងឱកាសបើកសម្ពោធ និងផ្សព្វផ្សាយពីសមាគមជនរងគ្រោះដោយរបបខ្មែរក្រហម នៅថ្ងៃសៅរ៍នេះ លោកជុំ ស៊ីរ៉ាត អនុប្រធានសមាគមបានប្រកាសមិនឲ្យរំលាយអដ្ឋិធាតុរបស់ជនរងគ្រោះដែលនៅសេសសល់ សព្វថ្ងៃនេះឡើយ។
នេះគឺ ជាគោលជំហរម៉ឺងម៉ាត់មួយរបស់សមាគមជនរងគ្រោះដោយរបបខ្មែរក្រហមដែលជាសមាគមជនរងគ្រោះដំបូងបំផុត ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅការពារផលប្រយោជន៍ជនរងគ្រោះក្នុងដំណើរការស្វែងរកយុត្តិធម៌នៃសាលាក្តីខ្មែរក្រហម។ លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងដែលបានរួចជីវិតពីការស្លាប់ គឺជាប្រធានសមាគមនេះដែលមានឈ្មោះថា «សមាគមក្សេមក្សាន្ត»។ ក្សេមក្សាន្តដែលមានន័យថា ភាពសុខសប្បាយ និងការស្ងប់ស្ងាត់ផ្លូវចិត្ត។

លលាដ៍ក្បាលរបស់ជនរងគ្រោះដែលគេសម្លាប់ក្នុងរបបខ្មែរក្រហមត្រូវគេដាក់តាំងក្នុងស្តូបនៅវាលជើងឯក
(រូបថត៖សុវណ្ណារ៉ា)
សមាគមក្សេមក្សាន្តត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើង កាលពីថ្ងៃទី ១៣កញ្ញាឆ្នាំ២០០៩ ដោយភាគីដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហម។ គំនិតនេះបានផុសឡើង ខណៈដែលសិទ្ធិសេរីភាពរបស់ភាគីដើមបណ្តឹងក្នុងការសួរដេញដោលជនជាប់ចោទត្រូវបានគេរឹតត្បិត។ រហូតមកទល់នឹងពេលនេះ មានសមាជិកចំនួន៤៥១នាក់ ក្នុងនោះស្រ្តីចំនួន១២៦នាក់មកពីគ្រប់ទិសទី បានមកចុះឈ្មោះជាសមាជិក។
លោករាជ សម្បត្តិ មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានអះអាងថា សាលាក្តី តាមរយៈអង្គភាពជនរងគ្រោះគាំទ្រការបង្កើតសមាគមជនរងគ្រោះនេះ ដើម្បីងាយស្រួលក្នុងការធ្វើការងារជាមួយតុលាការ។ សមាគមនេះក៏បានស្នើសុំឲ្យគេបង្កើតស្តូបសម្រាប់ឧទ្ទិសដល់ជនរងគ្រោះ ១៧០០០នាក់ដែលបានស្លាប់ក្នុងគុកទួលស្លែងផងដែរ។
កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ធ្លាប់បានជំទាស់យ៉ាងដាច់អហង្ការម្តងរួចទៅហើយ អំពីការប៉ុនប៉ងរំលាយអដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ការជំទាស់ គឺដោយសារលោកនាយករដ្ឋមន្ត្រីបារម្ភអំពីការបំបាត់ភស្តុតាងសម្រាប់ការស្វែងរកយុត្តិធម៌។
ប៉ុន្តែ សម្រាប់សមាគមជនរងគ្រោះ នៅពេលនេះវិញ ពួកគេចង់រក្សាទុកអដ្ឋិធាតុទាំងនោះ ដើម្បីឲ្យគ្រួសាររបស់ពួកគេស្រាវជ្រាវរកអត្តសញ្ញាណនៃអដ្ឋិធាតុទាំងនោះទៅថ្ងៃក្រោយ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល