publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

វិភាគ​នយោបាយ

កម្ពុជា៖ ទស្សនៈ« របប​មួយ​ប្រវត្តិសាស្រ្ត​ពីរ »

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  22/03/2010 13:53 ម៉ោងសកល

ខួប​ទី ៤០​នៃ​«រដ្ឋប្រហារ» ទម្លាក់​សម្តេច​នរោត្តម​សីហនុ​ពី​តំណែង​ដើម្បី​ផ្លាស់ប្តូរ​របប​ពី​រាជា​និយម​មក​សាធារណរដ្ឋ (១៨ មីនា ១៩៧០-១៨ មីនា ២០១០) ដែល​បាន​ឈាន​មក​ដល់​ក្នុង​សប្តាហ៍​នេះ បាន​ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​វង្វេង​ម្តង​ទៀត ដោយ​សារ​តែ​ការបកស្រាយ​របស់​អ្នកនយោបាយ។ ខណៈ​ដែល​រដ្ឋាភិបាល និង​អ្នកគាំទ្រ​រាជានិយម​ឯទៀត ចាត់​ទុក​ថ្ងៃ ១៨ មីនា​ថា ជា​ប្រភព​នៃ​វិនាសកម្ម សម្រាប់​ខ្មែ អ្នក​ខ្លះ​បាន​ហៅ​ថ្ងៃ ១៨ មីនា​ថា ជា​ថ្ងៃ​សេរីភាព​របស់​ប្រទេស​កម្ពុជា​ទៅ​វិញ។ បញ្ហា​នេះ​បង្កើត​ជា​ទម្លាប់​មួយ​ដែល​នាំ​ឲ្យ​មាន​ចំណោទ​ស្តីពី «របប​មួយ​ប្រវត្តិសាស្រ្ត​ពីរ» នៃ​ប្រទេស​កម្ពុជា។

បទ​វិភាគ​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

20/03/2010

សេនា​ប្រមុខ​លន់ នុល​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទំលាក់​សម្តេច​សីហនុ​ខែ​មីនា ឆ្នាំ ១៩៧០(រូបថត៖​រក្សាសិទ្ធិ)

សេនា​ប្រមុខ​លន់ នុល​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទំលាក់​សម្តេច​សីហនុ​ខែ​មីនា ឆ្នាំ ១៩៧០
(រូបថត៖​រក្សាសិទ្ធិ)

ស្ទើរ​តែ​ពេញ​មួយ​សប្តាហ៍​នេះ អ្នក​ដែល​បាន​តាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​ពិតជា​បាន​លឺ​នូវ​សង្គ្រាម​ពាក្យ​សម្តី និង​សង្គ្រាម​ដងប៉ាកា​យ៉ាង​ស្រួចស្រាវ​ជុំវិញ​អត្ថន័យ​នៃ​ថ្ងៃ ១៨ មីនា​ឆ្នាំ​១៩៧០។ ក្រុម​អ្នកសាធារណរដ្ឋ​និយម​បាន​នាំ​គ្នា​រំលឹក​ខួប​នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដោយ​ចាត់ទុក​វា​ជា​ថ្ងៃ​ដែល​នាំ​មក​នូវ​សេរីភាព​ដើម្បី​នាំ​ប្រទេស​ចាកចេញ​ពី​របប «សក្តិភូមិ»​ផង និង​ពី​ការ«ឈ្លានពាន» របស់​ប្រទេស​ជិត​ខាង​ផង។

ប៉ុន្តែ ក្រុម​អ្នកគាំទ្រ​រាជា​និយម​រាប់​ទាំង​រដ្ឋាភិបាល​សព្វថ្ងៃ​ផង បាន​ចាត់​ទុក​១៨​មីនា​ថា ជា​ប្រភព​នៃ​វិនាសកម្ម​គ្រប់​បែបយ៉ាង​របស់​ប្រទេស​កម្ពុជា ពោល​គឺ​ជា​ថ្ងៃ​ដែល​បាន​បើក​ផ្លូវ​ឲ្យ​មាន​របប​ខ្មែរក្រហម​ដ៏​ប្រល័យ​ដែល​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​ខ្មែរ​ជិត​២​លាន​នាក់ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខ្ទេចខ្ទាំ​ក្នុង​គំនរ​ផេះផង់។ ទស្សនៈ​ខ្វែង​គ្នា ១៨០​អង្សា​នេះ​បាន​ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​វង្វេងវង្វាន់​ម្តង​ហើយ ម្តង​ទៀត​ដោយ​មិន​ដឹង​ថា តើ​អ្វី​ទៅ​ជា​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​របស់​ខ្លួន។

១៨​មីនា ១៩៧០ មិនមែន​ជា​ព្រឹត្តិការណ៍​តែ​មួយ​គត់​ដែល​នាំឲ្យ​មាន​ការបក​ស្រាយ​ខុសគ្នា​អំពី​អត្ថន័យ​នយោបាយ​នោះ​ឡើយ ប៉ុន្តែ ថ្ងៃ​៧​មករា​១៩៧៩ ដែល​ជា​ថ្ងៃ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ក៏​មិន​ខុស​គ្នា​ដែរ។ ៣០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ប៉ុន្តែ ជម្លោះ​នៃ​អត្ថន័យ​នយោបាយ និង​ប្រវត្តិសាស្ត្រ​របស់​ថ្ងៃ​៧​មករា​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​គគុក​មួយ​សម្រាប់​ប្រទេស​ដ៏​តូច និង​ក្រខ្សត់​មួយ​នេះ​តែ​ដដែល។

រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​​បាន​ហៅ​ថ្ងៃ ៧​មករា​ថា ជា​ថ្ងៃ​រំដោះ​ប្រទេស​ជាតិ​ឲ្យ​ចាក​ផុត​ពី​របប​ខ្មែរក្រហម និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​កំណើត​ទី២​របស់​ខ្លួន។ ប៉ុន្តែ ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថ្ងៃ​៧​មករា​ថា ជា​ថ្ងៃ​ដែល​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការឈ្លានពាន​របស់​កងទ័ព​វៀតណាម​ទៅ​វិញ។

ឧទាហរណ៍​ទាំង​ពីរ​នេះ​អាច​ឆ្លុះ​បញ្ចាំង​បាន​អំពី​​ទស្សនៈ «របប​មួយ​ប្រវត្តិសាស្ត្រ​ពីរ» របស់​ប្រទេស​កម្ពុជា​ដែល​ជា​បញ្ហា​គួរ​លើក​យក​មក​ពិចារណា។ ជា​ការពិត ពហុមតិ​ក្នុង​របប​ប្រជាធិបតេយ្យ​មិនមែន​ជា​រឿង​ចម្លែក​ទេ ប៉ុន្តែ​តើ​អ្វី​ទៅ​ជា​ប្រវត្តិសាស្ត្រ​ពិត​ដែល​កូន​ខ្មែរ​គួរ​ចងចាំ និង​រៀនសូត្រ? សំណួរ​នេះ​ពិត​ជា​រឿង​សំខាន់​ដែល​គេ​ត្រូវស្វែង​រក​ចម្លើយ ហើយ​បើ​រក​ចម្លើយ​មិន​ឃើញ​ទេ​នោះ កូន​ខ្មែរ​ជំនាន់​ក្រោយ​ពិត​ជា​គ្មាន​ប្រវត្តិសាស្រ្ត​សម្រាប់​រៀនសូត្រ​ឡើយ។ ជាក់ស្តែង​ក្នុង​អំឡុង​ពេល​បី បួន ទសវត្សរ៍​ចុងក្រោយ​នេះ មេរៀន​ប្រវត្តិសាស្ត្រ​សម្រាប់​កម្មវិធី​សិក្សា​បាន​ផ្លាស់ប្តូរ​ជាច្រើន​ដំណាក់កាល។

ពិត​ហើយថា ការបក​ស្រាយ​អំពី​អត្ថន័យ ទោះ​ជា​អំពី​ថ្ងៃ​១៨​មីនា​ក្តី ថ្ងៃ​៧មករា​ក្តី មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង ហើយ​ដែល​ភាគី​នីមួយៗ​ដណ្តើម​យក​ត្រូវ​រៀងៗ​ខ្លួន។ ប៉ុន្តែ ទោះបី​ជា​ស្ថិត​ក្នុង​មនោគមន៍​វិជ្ជា​ណា​មួយ​ក៏ដោយ អ្នកនយោបាយ​គួរ​មាន​សេចក្តី​ក្លាហាន​ដោយ​ហ៊ាន​ទទួល​ស្គាល់​សច្ចធម៌ ប្រវត្តិសាស្ត្រ​ដើម្បី​ទុក​ជា​មេរៀន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀនសូត្រ និង​ដក​បទ​ពិសោធន៍។

ម្យ៉ាងទៀត ប្រសិន​បើ​គេ​មិន​អាច​យល់ស្រប​គ្នា​អំពី​អត្ថន័យ​នយោបាយ​នៃ​ព្រឹត្តិការណ៍​នីមួយៗ ជាពិសេស​ព្រឹត្តិការណ៍​ដែល​បាន​លើក​ឡើង​ខាង​ដើម​បាន​ទេ​នោះ គេ​ក៏​គួរ​យល់ស្រប​គ្នា​អំពី​ចំណុច​រួម​មួយ​ដែរ។ នោះ​គឺ បុព្វហេតុ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ទាំង​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការបែកបាក់​ផ្ទៃក្នុង​ដ៏​ជ្រាលជ្រៅ រវាង​ជាតិ​សាសន៍​ខ្មែរ​នោះ​ឡើយ។

ប្រសិន​បើ ខ្មែរ​យល់​អំពី​ប្រភព​ដែល​នាំឲ្យ​មាន​ទុក្ខ ខ្មែរ​គួរ​នាំគ្នា​បំបាត់​ទុក្ខ​សោក​ពី​ក្នុង​ប្រទេស​របស់​ខ្លួន​ឲ្យ​បាន ដោយ​យក​ព្រះពុទ្ធសាសនា​ជាគោល។ «ឯកភាព​ជាតិ» គឺ​ជា​វត្ថុ​ដ៏​ពិសិដ្ឋ​តែ​មួយ​គត់​ដើម្បី​សម្រេច​គោលដៅ​នេះ។ ប្រសិន​បើ​អាច​ធ្វើ​បាន​មែន គេ​ក៏​អាច​បំបាត់​ចោល​នូវ​ទស្សនៈ​«របប​មួយ​ប្រវត្តិសាស្ត្រ​ពីរ» បាន​ផង​ដែរ​ដោយ​បង្កើត​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​មួយ​ជាក់លាក់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល