ដោយ ឈាង បុប្ផា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/03/2010 14:31 ម៉ោងសកល
១៥ឆ្នាំក្រោយនៃការវាយប្រហារដោយឧស្ម័នពុល នៅក្នុងរទេះភ្លើងក្រោមដី ប្រទេសជប៉ុនបានធ្វើបុណ្យរំលឹកដល់អំពើភេរវកម្មដ៏សាហាវដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុន។ នៅព្រឹកថ្ងៃសៅរ៍ ជនរងគ្រោះបាននាំគ្នា ដាក់កំរងផ្កា ទៅដាក់នៅកន្លែងកើតហេតុដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធដល់អ្នកស្លាប់ទាំង១៣នាក់ និងគោរពដល់អ្នកដែលបានទទួលរងគ្រោះដោយឧស្ម័នពុល ជាង៦ពាន់នាក់ផ្សេងទៀត។ ពួកនិកាយនិយមជ្រុល ឈ្មោះថា Aumដែលមានសមាជិកជាងមួយពាន់នាក់ជាអ្នកបានធ្វើសកម្មភាពសម្លាប់មនុស្សដោយឧស្ម័នបំពុល Sarin។

រទេះភ្លើងក្រោមដីនៅតូក្យូជាទីដែលពួកនិកាយAumប្រើឧស្ម័នពុលSarinសម្លាប់មនុស្ស
(រូបថត៖reuters)
នៅព្រឹកម៉ោង៨ ថ្ងៃទី ២០មីនា ឆ្នាំ ១៩៩៥ នៅពេលដែលមនុស្សនាំគ្នាប្រញាប់ប្រញាល់ដណ្តើមគ្នាឡើងជិះរទេះភ្លើងក្រោមដីសំដៅកន្លែងធ្វើការ សាវ័ករបស់ពួកនិកាយជប៉ុន AumShinrikyo បានបោះស្បោងផ្ទុកដោយឧស្ម័នដែលមានជាតិពុល និងគ្រោះថ្នាក់បំផុតចូលទៅក្នុងរទេះភ្លើងចំនួន ៥ក្នុងទីក្រុងតូក្យូ។ ឧស្ម័នsarinជាអាវុធគីមីដែលគេអាចសម្លាប់មនុស្សបានយ៉ាងលឿនបំផុតដោយវាចាប់ផ្តើមវាយប្រហារទៅលើប្រព័ន្ធដកដង្ហើមរបស់មនុស្ស។
ភ្លាមៗ ក្នុងផ្លូវក្រោមដី ភាពស្លន់ស្លោបានកើតឡើង នៅពេលដែលអ្នកដំណើររត់ជាន់កគ្នាដើម្បីរត់ច្រកចេញពីរោងក្រោមដី។ អ្នកដែលត្រូវរងឧស្ម័នបំពុលភាគច្រើនមានចេញឈាមតាមច្រមុះ និងមាត់។ ក្នុងចំណោមអ្នកស្លាប់ទាំង ១៣ នាក់មានលោកTakahashiអ្នកបើករទេះភ្លើងវ័យ ៥០ឆ្នាំ។ ក្រោយព្រឹត្តិការណ៍មិនគួរឲ្យបំភ្លេចបាន ភរិយាម៉េម៉ាយរបស់គាត់បានផលិតភាពយន្តឯកសារមួយដែលបាននិយាយរំលឹកពីថ្ងៃកើតហេតុតាមរយៈការផ្តល់សាក្ខីកម្មរបស់អ្នករួចរស់ជីវិត។ បំណងរបស់ភរិយាមេម៉ាយរបស់អ្នកបើករទេះភ្លើងគឺ ការផ្តល់មេរៀនដើម្បីកុំឲ្យគេជឿ និងធ្វើតាមបញ្ជារបស់មេដឹកនាំនិកាយសាសនា Aum។

Shoko Asahara ប្រធាននិកាយ Aumដែលបញ្ជាឲ្យគេប្រើឧស្ម័នពុលសម្លាប់មនុស្សនៅក្នុងរទេះភ្លើងក្រោមដីនៅតូក្យូ
(រូបថត៖reuters)
ក្រោយព្រឹត្តិការណ៍ថ្ងៃបង្កភេរវកម្ម មេដឹកនាំនិកាយសាសនា Aumជាច្រើននាក់ត្រូវចាប់ខ្លួន។ ក្នុងសវនាការដែលមានរយៈពេលជាង៧ឆ្នាំ មេដឹកនាំនិកាយដែលមានឈ្មោះថា Shoko Asahara និងអ្នកទទួលខុសត្រូវជាន់ខ្ពស់មួយចំនួនទៀតត្រូវបានតុលាការផ្តន្ទាទោសដោយប្រហារជីវិត។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានមេដឹកនាំណាម្នាក់របស់ពួកនិកាយត្រូវគេប្រហារជីវិតនៅឡើយទេ។ អ្នកទទួលខុសត្រូវពួកនិកាយមួយចំនួនកំពុងរត់គេចខ្លួន។
ពួកនិកាយ Aumធ្លាប់មានសមាជិកជាងមួយពាន់នាក់ក្នុងប្រទេសជប៉ុន និងជាង២០០នាក់ក្នុងប្រទេសរុស្ស៊ី។ និកាយសាសនាដែលមានលាយគ្នានូវជំនឿព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូមានសមាជិកដែលសុទ្ធតែជាគ្រូពេទ្យ ក្រុមវិស្វករ និងអ្នកស្រាវជ្រាវវិទ្យាសាស្រ្ត។ ពួកនិកាយ Aumផ្សព្វផ្សាយថា នៅក្រោយភ្លើងឆេះកាល មានតែអ្នកជឿនិកាយរបស់ខ្លួនទេដែលអាចរួចរស់ជីវិត។
ដោយពិតទៅ ពួកនិកាយ Aumធ្លាប់បានប្រព្រឹត្តបទឧក្រិដ្ឋ និងផលិតអាវុធគីមីសមា្លប់មនុស្សជាច្រើនមុនឆ្នាំ ១៩៩៥។ ប៉ុន្តែ ទើបតែក្រោយព្រឹត្តិការណ៍សម្លាប់មនុស្សនៅក្នុងរទេះភ្លើងក្រោមដីនៅទីក្រុងតូក្យូ ដែលអាជ្ញាធរជប៉ុនយកចិត្តទុកដាក់តាមដានសកម្មភាពឧក្រិដ្ឋរបស់ពួកនិកាយនេះ។ ដូច្នេះ បន្ទាប់ពីចាប់បានមេដឹកនាំធំៗ និកាយ Aumចាប់ផ្តើមរលំរលាយ។ ប៉ុន្តែដោយហេតុថា ប្រជាជនជប៉ុនមានសេរីភាពក្នុងការជឿទៅសាសនា សមាជិករបស់និកាយ Aumបានទៅបង្កើតនិកាយមួយទៀតដែលមានឈ្មោះថា Aleph។ ទោះជាយ៉ាងណា អាជ្ញាធរបានហាមឃាត់ដាច់ខាតមិនឲ្យគេប្រើប្រាស់មនោគមរបស់មេដឹកនាំនិកាយនិកាយ Aum ទៅក្នុងកម្មវិធីបង្រៀនសាសនារបស់ Aleph៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល