publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

លោកហោណាំហុង​ព្រមាន​មន្ត្រី​សហប្រជាជាតិ​នៅ​កម្ពុជា

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/03/2010 12:10 ម៉ោងសកល

ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ការព្រមាន​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទាក់ទិន​នឹង​សេចក្តី​អត្ថាធិប្បាយ​របស់​ពួកគេ ចំពោះ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ សេចក្តី​ព្រមាន​របស់​ប្រមុខ​ការទូត​ខ្មែរ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីស្នាក់ការ​ធំ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក​បាន​អះអាង​ថា គេ​មិន​បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់​ខ្លួន នៅ​ភ្នំពេញ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​អំពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ទេ។

បទ​អន្តរាគមន៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

21/03/2010

លោក​ហោ ណាំហុង​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ព្រមាន​មន្ត្រី​សហ​ប្រជាជាតិ នៅ​កម្ពុជា(រូបថត៖​រក្សាសិទ្ធិ)

លោក​ហោ ណាំហុង​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ព្រមាន​មន្ត្រី​សហ​ប្រជាជាតិ នៅ​កម្ពុជា
(រូបថត៖​រក្សាសិទ្ធិ)

រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​បាន​ព្រមាន​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ថា កុំ​ឲ្យ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទៀត ប្រសិន​បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួកគេ។

សេចក្តី​ព្រមាន​បែប​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី ២០ មីនា ម្សិលមិញ ផ្ញើ​ទៅ​កាន់​លោក​ឌូក្លាស ប្រ៊ូឌឺរិក ប្រធាន​ក្រុម​មន្ត្រី​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា។ ក្នុង​លិខិត​នោះ លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង​បាន​គូស​បញ្ជាក់​ថា សេចក្តី​អត្ថាធិប្បាយ​របស់​មន្ត្រី​សហប្រជាជាតិ គឺ​ជា​ការលូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែល​មិន​អាច​ទទួល​យកបាន ហើយ​ប្រសិន​បើ​ទង្វើ​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត រដ្ឋាភិបាល​កម្ពុជា​ប្រហែល​ជា​ត្រូវ​បង្ខំ​ចិត្ត​ប្រកាន់​យក​សេចក្តី​សម្រេច​ស្តី​ពី «បុគ្គល​ដែល​មិន​អាច​ទទួល​យក​បាន»។

ប្រតិកម្ម​ប្រកប​ដោយ​ការព្រមាន​របស់​ប្រមុខ​ការទូត​ខ្មែរ​បាន​ធ្វើ​ឡើង​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី ១០​មីនា​របស់​ក្រុម​សហប្រជាជាតិ នៅ​កម្ពុជា​ដែល​កត់សម្គាល់​អំពី​ការអនុម័ត​យ៉ាង​តក់​ក្រហល់​នូវ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​មិន​បាន​បើក​ឲ្យ​មាន​ការពិភាក្សា​ទូលំ​ទូលាយ។ សេចក្តី​ថ្លែងការណ៍​នោះ​បន្ត​ថា ក្រុម​មន្ត្រី​សហប្រជាជាតិ​នៅ​កម្ពុជា​នឹង​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា និង​កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

ភ្លាមៗ​នោះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​ម្តង​រួច​ទៅ​ហើយ ដោយ​បញ្ជាក់​ថា សេចក្តី​អត្ថាធិប្បាយ​របស់​តំណាង​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ធ្វើ​ឡើង​ហួស​ពី​អាណត្តិ​របស់​ខ្លួន​ដែល​ត្រូវ​បំពេញ។ ប៉ុន្តែ ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​ម្តង​ទៀត ដើម្បី​ព្រមាន​ដល់​មន្ត្រី​សហប្រជាជាតិ​ទាំង​នោះ។ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​តប​វិញ​របស់​មន្ត្រី​សហប្រជាជាតិ នៅ​កម្ពុជា​នៅ​ឡើយ​ទេ រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ។

យ៉ាងណា​ក៏​ដោយ ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត កាល​ពី​ថ្ងៃ​ទី ១១ មីនា ឥឡូវ​នេះ​ក៏​ទទួល​បាន​ការអនុម័ត​ដូចគ្នា​ដែរ​ពី​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី ១៩ មីនា​នេះ។ ច្បាប់​នេះ​នឹង​ត្រូវ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើ​ជាប្រញាប់​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល