ដោយ ប៉ែន បូណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/04/2010 10:58 ម៉ោងសកល
ភ្លាមៗ បន្ទាប់ពីការយាងត្រឡប់មកដល់ប្រទេសវិញ កាលពីថ្ងៃពុធ សេម្តេចឪនរោត្តមសីហនុបានព្រះរាជានុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមគ្រួសារចូលបង្គំគាល់ នៅក្នុងព្រះបរមរាជវាំង។ នៅក្នុងជំនួបនោះ ប្រមុខដឹកនាំរដ្ឋាភិបាល និងអតីតព្រះមហាក្សត្របានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំង និងអមដោយសុន្ទរកថាគាំទ្រគ្នាទៅវិញ ទៅមក ដោយឥតងាករេផង។ ភាពស្និទ្ធស្នាលនេះបានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាល និងព្រះរាជវាំងកាន់តែមានរូបភាពល្អប្រសើរឡើង បន្ទាប់ពីភាពរកាំរកូសជាច្រើន កាលពីអតីតកាល។
មួយថ្ងៃក្រោយការយាងមកដល់ភ្នំពេញ សម្តេចឪបានរាជានុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមគ្រួសារចូលបង្គំគាល់ នៅក្នុងព្រះបរមរាជវាំង។ ជំនួបដែលគេអាចមើលឃើញតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ បានបង្ហាញពីភាពល្អូកល្អឺនយ៉ាងខ្លាំងរវាងលោកនាយករដ្ឋមន្ត្រី និងអតីតព្រះមហាក្សត្រ។ គឺជាភាពស្និទ្ធស្នាលមួយដែលគេមិនដែលបានឃើញជាយូរខែមកហើយ ដោយសារតែអវត្តមានរបស់អតីតព្រះមហាក្សត្រពីក្នុងប្រទេស។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងជាថ្មីទៀតថា លោករួមទាំងកូនចៅជំនាន់ក្រោយនឹងប្តូរផ្តាច់ការពារព្រះរាជបល្ល័ង្គ និងរបបរាជានិយមដោយទឹកចិត្តភក្តីភាពឥតងាករេ។ ជាការឆ្លើយតប អតីតព្រះមហាក្រត្សព្រះជន្ម៨៨ព្រះវស្សាបានមានព្រះរាជបន្ទូលកោតសរសើរដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ការដឹកនាំដែលសម្តេចឪពិពណ៌នាថា «ជោគជ័យលើគ្រប់វិស័យ»។
កាលពីថ្ងៃ១៨មីនាកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានថ្លែងការពារសម្តេចឪយ៉ាងឧឡារឹកផងដែរ តាមរយៈការថ្កោលទោសរដ្ឋប្រហារថ្ងៃ១៨មីនា ឆ្នាំ១៩៧០របស់លោកសេនាប្រមុខលន់នុល ដើម្បីបំបាត់ចោលរបបរាជានិយម។ សម្រាប់លោកហ៊ុន សែន រដ្ឋប្រហារនេះ គឺជាព្រឹត្តិការណ៍ដ៏សោកសៅរបស់ប្រទេសកម្ពុជា ហើយជាប្រភពនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីបានទទួលការសាទរភ្លាមៗពីសម្តេចឪដែលកំពុងគង់ព្យាបាលព្រះកាយ នៅទីក្រុងប៉េកាំងប្រទេសចិន។
គួរកត់សម្គាល់ថា កាលពីច្រើនឆ្នាំកន្លងទៅ ភាពរកាំរកូសរវាងលោកនាយករដ្ឋមន្ត្រី និងសម្តេចឪបានកើតឡើងជារឿយៗ ជាពិសេសទាក់ទងនឹងសំណេររបស់លោកតារួម រឹត «អតីតមិត្តភក្តិពីកុមារភាព» របស់សម្តេចឪដែលតែងតែរិះគន់ចំពោះលោកនាយករដ្ឋមន្ត្រីដោយឥតសំចៃមាត់។ សំណេររបស់លោកតារួម រឹតដែលមនុស្សមួយចំនួនសង្ស័យថា ជាតួអង្គតែមួយរបស់សម្តេចឪនោះតែងតែធ្វើឲ្យប្រមុខរដ្ឋាភិបាលខឹងសម្បារ។
ប៉ុន្តែ ភាពរកាំរកូសនេះបានរសាត់បាត់ទៅ ដោយជំនួសមកវិញនូវភាពល្អូកល្អឺន បន្ទាប់ពីសម្តេចឪសម្រេចព្រះទ័យឈប់ចុះផ្សាយសំណេររបស់លោកតារួម រឹតក្នុងគេហទំព័ររបស់ព្រះអង្គ។ ចាប់តាំងពីពេលនោះមក សម្តេចឪ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនតែងតែគាំទ្រគ្នាទៅវិញ ទៅមកយ៉ាងចំហរ និងយ៉ាងសកម្មទៀតផង៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល