ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/04/2010 11:41 ម៉ោងសកល
បាតុករអាវក្រហមបានសម្រេចលុបចោលគម្រោងដើរដង្ហែរក្បួន នៅថ្ងៃអង្គារនេះ ក្រោយពីកងទ័ពថៃបានគំរាមច្បាស់ៗថា នឹងប្រើគ្រាប់កាំភ្លើងមែនទែនបាញ់ទៅលើបាតុករ នៅក្នុងការប៉ះទង្គិចគ្នាលើកក្រោយ។

ទាហានថៃដែលគេដាក់ពង្រាយជុំវិញកន្លែងបាតុកម្មអាវក្រហម សុទ្ធតែបំពាក់អាវុធទំនើបៗ
(រូបថត៖ Reuters)
១០ថ្ងៃក្រោយពីបរាជ័យក្នុងការបង្រ្កាបបាតុកម្ម បណ្តាលឲ្យមនុស្សជាង ២០នាក់ស្លាប់ និងប្រមាណ ៨០០នាក់របួស រដ្ឋាភិបាលថៃបានប្តូរផ្តាច់ថានឹងបញ្ចប់បាតុកម្មអាវក្រហមឲ្យបាន បើទោះជាត្រូវប្រើគ្រាប់កាំភ្លើងមែនទែនក៏ដោយ។ ក៏ប៉ុន្តែ រដ្ឋាភិបាលបានបដិសេធមិនបញ្ជាក់ថា តើកងទ័ពនឹងចូលទៅបង្រ្កាបបាតុករនៅពេលណានោះទេ។
នៅថ្ងៃអង្គារនេះ ពួកអាវក្រហមគ្រោងនាំគ្នាដង្ហែក្បួន ឆ្ពោះទៅសង្កាត់ជំនួញ ក្នុងក្រុងបាងកក។ ក៏ប៉ុន្តែ កងទ័ព និងប៉ូលិសថៃ ត្រូវបានគេដាក់ពង្រាយ នៅពេញសង្កាត់ជំនួញនោះរួចទៅហើយ។ អ្នកនាំពាក្យកងទ័ពថៃបានប្រកាសជាសាធារណៈថា ប្រសិនបើពួកបាតុករហ៊ានចូលទៅក្នុងសង្កាត់ជំនួញនោះ ការប៉ះទង្គិចគ្នានឹងកើតមានឡើងជាមួយទាហាន។ អ្នកនាំពាក្យរូបនេះបានព្រមានថា នៅក្នុងករណីមានការប៉ះទង្គិចគ្នាសាជាថ្មីទៀត ទាហាននឹងប្រើគ្រាប់កាំភ្លើងមែនទែនបាញ់ទៅលើបាតុករ។
ប្រឈមមុខនឹងការគំរាមច្បាស់ៗបែបនេះ ពួកអាវក្រហមក៏បានលុបគម្រោងដើរដង្ហែក្បួននេះវិញ ហើយនាំគ្នាប្រមូលផ្តុំគ្នានៅតែមួយកន្លែង។ ក៏ប៉ុន្តែ ពួកគេបានចាប់ផ្តើមពង្រឹងសន្តិសុខ នៅកន្លែង ដែលពួកគេកំពុងកាន់កាប់បច្ចុប្បន្ន ដោយបង្កើតជាក្រុមរក្សាសន្តិសុខ ពង្រាយនៅតាមច្រកចេញចូលទាំងអស់។
មេដឹកនាំអាវក្រហមបានព្រមានថា ប្រសិនបើរដ្ឋាភិបាលធ្វើការបង្រ្កាបជាថ្មីម្តងទៀត ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការវាយតបតវិញ ហើយសង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើង។
យោងតាមរូបភាព ដែលចុះផ្សាយដោយកាសែតថៃ គេឃើញពួកអាវក្រហមបានប្រមូលដំបងឫស្សីដាក់ជាគំនរ ហើយកំពុងតែនាំគ្នាសម្រួចចុងឫស្សីទាំងនោះ ដើម្បីទុកធ្វើជាអាវុធទប់ទល់នឹងកម្លាំងរដ្ឋាភិបាល ដែលសុទ្ធតែជាកងកម្លាំងពិសេស ហើយបំពាក់ទៅដោយអាវុធទំនើបៗ។
នៅពេលនេះ លោកឆាវ៉ាលីត យ៉ុងឆៃយុត ប្រធានគណបក្សភឿថៃ និងលោកស៊ុមឆៃ វង្សសាវ៉ាត អតីតនាយករដ្ឋមន្រ្តី និងត្រូវជាប្អូនថ្លៃរបស់លោកថាក់ស៊ីន កំពុងតែព្យាយាមសុំជួបព្រះមហាក្សត្រថៃ ដើម្បីសុំឲ្យព្រះអង្គធ្វើអន្តរាគមន៍បញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន។
នៅថ្ងៃនេះ លោកស៊ុទេព បានថ្លែងថា ការសុំអន្តរាគមន៍ពីព្រះមហាក្សត្រនេះ គឺជារឿងមិនសមរម្យ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល