ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/04/2010 11:40 ម៉ោងសកល
ដូចការគ្រោងទុក អ្នកកាសែតបរទេសដែលរស់រានមានជីវិតពីសង្គ្រាម នៅកម្ពុជា នៅដើមទសវត្សរ៍៧០បានមកដល់កម្ពុជា ជាថ្មីវិញហើយ ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសហការីរបស់ពួកគេដែលបានស្លាប់ និងបាត់ខ្លួន ក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥នោះ។

អ្នកកាសែតបរទេសយកព័ត៌មានសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី ៧០
(រូបថត៖ បណ្ណាសារ DCCam)
មានអ្នកកាសែតជើងចាស់បរទេសទាំងអស់២៧នាក់បានមកដល់កម្ពុជាហើយ។ ហើយពួកគេនឹងត្រូវទទួលដោយលោករដ្ឋមន្ត្រីព័ត៌មានខៀវ កាញារីទ្ធិក្នុងពិធីជួបជុំអាហារពេលល្ងាច។ ពួកគេទាំងនោះសុទ្ធតែមានវ័យចាស់ៗហើយ អាយុសុទ្ធតែជាង៦០ឆ្នាំ។ ពួកគេភាគច្រើនជាអ្នកកាសែតជនជាតិអាមេរិក បន្ទាប់មានជនជាតិអូស្រ្តាលី អង់គ្លេស។ ហើយពួកគេសុទ្ធសឹងតែជាអ្នកឆ្លើយឆ្លងព័ត៌មានអោយស្ថាប័នសារព័ត៌មានធំៗលើពិភពលោក។ រួមមាន ទីភ្នាក់ងារAP ទីភ្នាក់ងារReuters UPI កាសែតWashington Post ទស្សនាវដ្តី Newsweekជាដើម។
កម្មវិធីសម្រាប់ការជួបជុំអ្នកកាសែតនេះ មានរយៈពេល ៤ថ្ងៃឯណោះ។ ពោលគឺចាប់ផ្តើមពីល្ងាចថ្ងៃអង្គារនេះហើយ។ អ្នកកាសែតបរទេសជើងចាស់ទាំងនោះ និងជួបជុំស្គាល់គ្នាជាមួយអ្នកកាសែតខ្មែរនៅក្នុងពិធីបរិភោគអាហារល្ងាចនេះ។ ក្នុងរយៈពេល៤ថ្ងៃនេះ កម្មវីធីដែលសំខាន់ជាងគេនោះមាន ៣ដែលគេនឹងប្រារព្ធធ្វើ នៅថ្ងៃព្រហស្បតិ៍ទី២២មេសា។ នោះគឺថា នៅពេលព្រឹក ក្រុមអ្នកកាសែតនឹងត្រូវនាំទៅទស្សនាវត្តពោធិ៍ដែលស្ថិតនៅស្រុកបរសែតខេត្តកំពង់ស្ពឺ។
គឺនៅម្តុំវត្តពោធិ៍នេះហើយដែលអ្នកកាសែត៩នាក់ត្រូវបានទាហានប៉ុលពតពួនស្ទាក់ និងសម្លាប់ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ១៩៧០។ ដូច្នេះនៅទីនោះ ក្រុមអ្នកកាសែតនឹងសម្រាកគោរពវិញ្ញាណក្ខន្ធសហការីរបស់ពួកគេ នៅទីនោះ រហូតដល់រសៀលទើបពួកគេត្រលប់ចូលមកក្នុងរាជធានីវិញ ដើម្បីប្រារព្ធពិធីធំទី២។ នោះគឺការគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានទាំងអស់ដែលបានស្លាប់ និងបាត់ខ្លួនក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥។ ពិធីធំនេះនឹងត្រូវប្រារព្ធធ្វើនៅលើសួនច្បារមុខសណ្ឋាគារLe Royale។ ហើយនៅលើសួនច្បារនេះហើយដែលគេនឹងសាងសង់ស្តូបតំណាងមួយ សម្រាប់ជាការរម្លឹកដល់សហការីចាស់ដែលបានបាត់បង់ជីវិតក្នុងការងារជាអ្នកសារព័ត៌មាននោះ។ គេសាងសង់ស្តូបនេះនៅលើសួនច្បារនេះ ពីព្រោះទីនេះហើយដែលអ្នកកាសែត នៅដើមឆ្នាំ៧០តែងតែជួបជុំគ្នា។
រីឯពិធីធំទី៣នឹងត្រូវប្រព្រឹត្តទៅ នៅល្ងាចថ្ងៃទី២២មេសា។ គឺជាវេទិការជជែកពិភាក្សាគ្នាក្នុងសហគមន៍អ្នកកាសែត និងការតាំងពិពណ៌រូបថតចាស់ៗស្តីពីសកម្មភាពអ្នកកាសែតក្នុងសម័យសង្គ្រាមដើមឆ្នាំ៧០នោះ។
ក្រៅពីនេះ គឺក្រុមអ្នកកាសែតទាំងនោះដែលភាគច្រើនមិនដែលបានត្រលប់មកកម្ពុជាវិញជាលើកទី២នោះ នឹងត្រូវដឹកនាំអោយទៅទស្សនាសារមន្ទីទួលស្លែង វាលពិឃាតជើងឯកនិង ព្រះបរមរាជវាំង។
ទាក់ទងនឹងគោលបំណងនៃការរៀបចំកម្មវិធីជួបជុំអ្នកកាសែតបរទេសនេះ លោកខៀវ កាញារីទ្ធធ្លាប់បានពន្យល់ប្រាប់ថា កម្មវិធីនេះមិនត្រឹមតែជាការផ្តល់ឱកាសអោយអ្នកកាសែតបច្ចុប្បន្ន និងអ្នកកាសែតជើងចាស់ស្គាល់ និងមានទំនាក់ទំនងគ្នាតែប៉ុណ្ណោះទេ។ តែវាក៏ជាការផ្តល់ឱកាសអោយអ្នកកាសែតចាស់ៗទាំងនោះមើលឃើញទិដ្ឋភាពប្រទេសកម្ពុជាបច្ចុប្បន្នផងដែរ ដែលវាមិនដូចកម្ពុជាដែលស្ថិតនៅក្នុងការចងចាំរបស់ពួកគេក្នុងឆ្នាំ៧០នោះឡើយ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល