ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/04/2010 12:09 ម៉ោងសកល
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ជាភាសាអង់គ្លេសថា ADB បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០១០នេះ នឹងងើបឡើងវិញចំនួន ៤,៥ %។ ចំណែកនៅឆ្នាំ២០១១ នឹងកើនដល់ ៦ %។ ការព្យាករណ៍នេះ បន្ទាប់ពីសេដ្ឋកិច្ចរបស់កម្ពុជា បានធ្លាក់ចុះ ប្រមាណ ២ % នៅក្នុងឆ្នាំ ២០០៩។

ADBបានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជាវិជ្ជមានរហូតដល់ ៤,៥ %នៅឆ្នាំ២០១០ និង ៦% នៅឆ្នាំ២០១១
(រូបថត៖ RFIលី ម៉េងហួរ)
៤,៥ % គឺជាកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា នៅឆ្នាំ២០១០។ នេះជាការព្យាករណ៍ថ្មីបំផុតរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានប្រកាសឡើង នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១០។
ការសន្មត់ពីការកើនឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិសកល ដោយសារតែ ADB រំពឹងលើអំណោយផលល្អនៃការដាំដំណាំកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងការចំណាយរបស់អ្នកប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកដែលជាទីផ្សារដ៏ធំបំផុតនៃតម្រូវការផលិតផលសំលៀកបំពាក់កាត់ដេររបស់កម្ពុជា។
លោក អេរិច សិដវីក ( Eric Sidgwick ) សេដ្ឋកិច្ចវិទូជាន់ខ្ពស់ របស់ធានាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកមិញថា ក្រៅពីវិស័យកសិកម្ម និងការនាំចេញសំលៀកបំពាក់ទៅអាមេរិកត្រូវងើបឡើងវិញហើយនោះ កំណើននៅក្នុងសេវាកម្ម និងវិស័យទេសចរណ៍ ក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញ ក្នុងអត្រា ៥ % នៅឆ្នាំ២០១០។
ចំណែកសកម្មភាពសំណង់ ក៏ត្រូវបានអ្នកសេដ្ឋកិច្ចរបស់ ADB រំពឹងថា ទំនងជាកើនឡើងក្នុងអត្រាមធ្យម ប្រហែលជា ៤ % ខណៈពេលដែលតម្រូវការឥណទានធនាគារ ក៏កំពុងតែងើបឡើងវិញបន្តិចម្តងៗ។ ក្នុងនោះ លំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស ( FDI ) ជាពិសេសពីប្រទេសកូរ៉េ កំពុងចាប់ផ្តើមងើបឡើងវិញ សម្រាប់គម្រោងសំណង់អគារមួយចំនួន។
ជាមួយនឹងការព្យាករណ៍ខាងលើនេះ ADB ក៏បានប៉ាន់ស្មានទុកថា នៅឆ្នាំ២០១១ សេដ្ឋកិច្ចកម្ពុជា នឹងវិលត្រឡប់មករកកំណើនខ្ពស់ជាងមុន រហូតដល់ ៦%។ កំណើននេះ ដោយសារតែការនាំចេញនូវផលិតផលសំលៀកបំពាក់កាត់ដេរ និងវិស័យទេសចរណ៍ រួមជាមួយនឹងការពង្រីកផលិតកម្មផលិតផល ក្រៅពីសំលៀកបំពាក់ និងការកើនឡើងនៃសេវាកម្មដទៃទៀត។
សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១០ ធនាគារពិភពលោក ប្រចាំកម្ពុជា ក៏បានចេញផ្សាយនូវការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១០នេះ មានកំណើន ៤,៤%។ ចំណែកនៅឆ្នាំ២០១១ សេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៦%។ ចំណែករដ្ឋាភិបាលវិញ បានកំណត់ថា នៅឆ្នាំ២០១០នេះ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ពី៤ ទៅ៦%។
ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចវិជ្ជមានរបស់កម្ពុជា ក្រោយវិបត្តិសេដ្ឋកិច្ចពេលនេះ ដោយសារតែអ្នកសេដ្ឋកិច្ច បានមើលឃើញនូវមានសញ្ញាជាច្រើន បានលេចងើបឡើងនៅចុងឆ្នាំ២០០៩។ សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០០៩ បានធ្លាក់ដល់កម្រិតក្រោមសូន្យ គឺចន្លោះពី -១,៥ ទៅ-២ %។ នេះក៏ដោយសារតែផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល