ដោយ ឈាង បុប្ផា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/04/2010 12:25 ម៉ោងសកល
នៅមួយសប្តាហ៍ក្រោយនៃការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ២ពាន់នាក់ រដ្ឋាភិបាលចិនបានប្រកាសថា នៅថ្ងៃពុធស្អែកនេះ(២១ ០៤ ២០១០) ទង់ជាតិ នៅក្នុងទូទាំងប្រទេសនឹងត្រូវបង្ហូតមកនៅពាក់កណ្តាលដង ដើម្បីជាការកាន់ទុក្ខជាតិ សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់រញ្ជួយដី ក្នុងខេត្តជិនហៃ។ តុល្យាការចុងក្រោយបង្ហាញថា គ្រោះរញ្ជួយដីដែលមានកម្រិត៦,៩មាត្រដ្ឋានRichsterបានបណ្តាលឲ្យមានមនុស្សបាត់ខ្លួន ជិត២០០នាក់ និងរបួសជាងមួយម៉ឺនពីរពាន់នាក់។

គ្រោះរញ្ជួយដីបានបណ្តាលឲ្យមានមនុស្សស្លាប់ ២ពាន់នាក់ បាត់ខ្លួន ជិត២០០នាក់ និងរបួសជាងមួយម៉ឺនពីរពាន់នាក់ក្នុងតំបន់ទីបេ
(រូបថត៖reuters)
រដ្ឋាភិបាលបានប្រកាសក្នុងទំព័រអ៊ិនធ័រណេតផ្លូវការរបស់ខ្លួន នៅថ្ងៃនេះថា ដើម្បីសំដែងការកាន់ទុក្ខដល់ជនរងគ្រោះដោយការរញ្ជួយដី ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនទាំងមូលក៏ត្រូវផ្អាកកម្មវិធីកំសាន្តអារម្មណ៍របស់ខ្លួនដែរ នៅថ្ងៃពុធនេះ។
គ្រោះរញ្ជួយដីដែលកើតមាននៅក្នុងតំបន់ខ្ពង់រាបទីបេកាលពីសប្តាហ៍មុន គឺជាមហាវិនាសកម្មមួយទៀតក្នុងប្រទេសចិន បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីដ៏ធំក្នុងខេត្តជិតខាងរបស់ជិនហៃ គឺខេត្តស៊ីឈាន់ដែលបានសម្លាប់មនុស្សជិត ៩ម៉ឺននាក់ កាលពីឆ្នាំ ២០០៨។
សកម្មភាពជួយសង្រ្គោះនៅក្នុងខេត្តជិនហៃបានប្រព្រឹត្តទៅដោយក្នុងយ៉ាប់យ៉ឺន ជាពិសេសនៅក្នុងតំបន់ដែលស្ថិតនៅដាច់ស្រយាល និងដែលស្ថិតនៅក្នុងរយៈកំពស់ខ្ពស់។ ចាប់ពីថ្ងៃចន្ទម្សិលមិញ ក្រុមជួយសង្រ្គោះ រថយន្តរបស់កាកបាទក្រហមចិនចែកចាយអាហារ ថ្នាំពេទ្យ ភួយ តង់ សម្រាប់ជាជម្រករបស់ប្រជាជន។ ក្រុមឧតុនិយមចិនបានប្រកាសថា សីតុណ្ហភាពក្នុងតំបន់ភ្នំនឹងធ្លាក់ចុះ កាន់តែត្រជាក់។ សកម្មភាពជួយសង្រ្គោះមានលក្ខណៈមមាញឹក បន្ទាប់ពីដំណើរទស្សនកិច្ចមិនធ្លាប់មានរបស់ប្រធានាធិបតី ចិន ហូ ជិនតាវក្នុងតំបន់រងគ្រោះ កាលពីថ្ងៃអាទិត្យ។ លោកហូ ជិនតាវបានសន្យានៅចំពោះមុខជនរងគ្រោះថា រដ្ឋាភិបាល និងគណបក្សកុម្មុយនិស្តនឹងជួយកសាងខេត្តជិនហៃឡើងវិញ។
ជំនួយជាសំភារៈរបស់រដ្ឋាភិបាលមានហើយ និងនៅមិនទាន់គ្រប់គ្រាន់។ ប៉ុន្តែអ្វីដែលប្រជាជនទីបេដែលសំបូររស់នៅច្រើនក្នុងខេត្តជិនហៃ កំពុងត្រូវការជាងគេ គឺកំលាំងចិត្ត និងរង់ចំាទទួលពរពីបុគ្គលដ៏ឧត្តុង្គ ឧត្តមរបស់ពួកគេ នោះគឺសម្តេចសង្ឃដាឡៃ ឡាម៉ា។ សម្តេចសង្ឃដែលមានកំណើតក្នុងខេត្តជិនហៃនេះតែម្តង។
ក្នុងកាលៈទេសៈនេះ ប្រជាជនទីបេចង់ជួបសម្តេចសង្ឃ។ ព្រះអង្គដាឡៃឡាម៉ាដែលមិនអាចចូលមកជាន់ទឹកដីចិនបានចាប់តាំងពីឆ្នាំដែលព្រះអង្គបានចាកចេញពីទីបេ ក្នុងឆ្នាំ ១៩៥៩។
ទស្សនកិច្ច និងជំហរគាំទ្រកក់ក្តៅរបស់ប្រធានាធិបតីចំពោះប្រជាជនទីបេត្រូវបានគេមើលឃើញថា ជារឿងមិនដែលធ្លាប់មានពីមុនមក។ លោកហូ ជិនតាវ គិតដល់សុខទុក្ខរបស់ប្រជាជនទីបេ ប៉ុន្តែគេមិនត្រូវភ្លេចទេបុគ្គលដ៏ឧត្តុងឧត្តមរបស់ពួកគេគឺសម្តេចសង្ឃដាឡៃឡាម៉ា ជាបុគ្គលដែលចិននៅតែចាត់ទុកជាសត្រូវសួរពូជ និងជាមនុស្សដែលចិនមិនស្វាគមន៍៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល