ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 21/04/2010 11:34 ម៉ោងសកល
ក្រុមគ្រូពេទ្យកម្ពុជាបានរកឃើញករណីឆ្លងមេរោគផ្តាសាយបក្សីH5N1មកលើមនុស្សទី ១០ ដែលបានបាត់បង់ជីវិត កាលពីថ្ងៃទី ១៧មេសា។ ករណីឆ្លងទី ១០នេះបានកើតឡើងនៅក្នុងស្រុកកំពង់លាវ ខេត្តព្រៃវែង។ នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតាមដានបន្តតំបន់ផ្ទុះមេរោគH5N1។
បុរសអាយុ២៧ឆ្នាំម្នាក់ ជាអ្នកស្រុកកំពង់លាវ ខេត្តព្រៃវែងបានស្លាប់ នៅថ្ងៃទី១៧មេសា ដោយសារជំងឺសួតធ្ងន់ធ្ងរ បន្ទាប់ពីបានឆ្លងមេរោគផ្តាសាយបក្សីH5N1។ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី ២១មេសានេះ បានសរសេរថា បុរសម្នាក់នេះ ជាករណីទី១០ នៅកម្ពុជាដែលបានឆ្លងមេរោគផ្តាសាយបក្សី និងជាករណីទី ៨ដែលបានស្លាប់ដោយសារមេរោគនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានរៀបរាប់ថា អ្នកជំងឺបានចាប់ផ្តើមឈឺដោយមានរោគសញ្ញាគ្រុនក្តៅ កាលពីថ្ងៃទី១៣មេសា និងបន្ទាប់មកត្រូវបានបញ្ជូនទៅគ្លីនិកមួយ នៅថ្ងៃទី១៦មេសា ដោយសារមានរោគសញ្ញាក្អក និងដង្ហើមថប់។ អ្នកជំងឺនេះត្រូវបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យកាល់ម៉ែត ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១៧មេសា។ ប៉ុន្តែ ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអ្នកជំងឺបានឡើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេងបានថ្លែងថា ជំងឺផ្តាសាយបក្សី នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ហើយលោកបានរំលឹកដល់ពលរដ្ឋគ្រប់រូប អោយបន្តតាមដាន និងរាយការណ៍អំពីសត្វបក្សីឈឺ ឬងាប់ទៅភ្នាក់ងារសុខាភិបាល និងបសុពេទ្យ។ ទោះយ៉ាងណាក៏ដោយ នៅពេលនេះ មន្ត្រីសុខាភិបាលកំពុងសហការជាមួយមន្ត្រីនៃក្រសួងកសិកម្ម ដើម្បីអង្កេតស្រាវជ្រាវអំពីរបាយការណ៍បក្សីងាប់ នៅក្នុងភូមិដែលផ្ទុះករណីឆ្លងចុងក្រោយនេះ។
គួរបញ្ជាក់ថា រហូតដល់ថ្ងៃទី២០មេសាឆ្នាំ២០១០នេះ មានករណីឆ្លងជំងឺផ្តាសាយបក្សីH5N1ចំនួន១០ករណីហើយ ដែលក្នុងនោះ៨ករណីបានស្លាប់។ ចំពោះស្ថានភាពពិភពលោកវិញ ចាប់តាំងពីឆ្នាំ២០០៣មក មានករណីឆ្លងសរុបទាំងអស់៤៩៤ករណី ដែលក្នុងនោះ២៩៣ករណីបានស្លាប់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានពន្យល់ថា ជំងឺផ្តាសាយបក្សីH5N1 គឺជាជំងឺមួយដែលធម្មតាឆ្លងពីបក្សីឈឺ ទៅបក្សីផ្សេងទៀត។ ប៉ុន្តែជួនកាល វាអាចចំលងពីបក្សីទៅមនុស្សបានដែរ។ តែវាមិនងាយឆ្លងពីមនុស្សទៅមនុស្សនោះទេ។ សេចក្តីប្រកាសព័ត៌មានបន្តថា ជំងឺផ្តាសាយបក្សីលើមនុស្ស គឺជាជំងឺធ្ងន់ធ្ងរដែលទាមទារអោយមានការព្យាបាលនៅមន្ទីរពេទ្យ។
គួររំលឹកថា ក្រៅពីជំងឺផ្តាសាយបក្សីH5N1 កម្ពុជាក៏កំពុងគំរាមកំហែងដោយជំងឺផ្តាសាយប្រភេទថ្មីA/H1N1 ដែលគេស្គាល់ជាជំងឺផ្តាសាយជ្រូកនោះផងដែរ។ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី១៥ខែមេសា មានករណីឆ្លងមេរោគផ្តាសាយប្រភេទថ្មីនេះ ៥៧០ករណីហើយ ក្នុងនោះមាន៦ករណីបានស្លាប់។ ក្រសួងសុខាភិបាលក៏បានផ្សព្វផ្សាយបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ផងដែរគឺលេខ ១១៥ ដល់សាធារណៈជនទូទៅ សម្រាប់ផ្តល់ព័ត៌មានអំពីករណីសង្ស័យផ្ទុះមេរោគផ្តាសាយបក្សី និងមេរោគផ្តាសាយប្រភេទថ្មី៕
ទាក់ទងនឹងប្រធានបទនេះ
17/03/2009 13:36 ម៉ោងសកល
11/03/2009 14:29 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល