publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ថៃ

ពួកអាវក្រហម៖ គ្មាន​ការចរចា​ដោយ​ផ្ទាល់​ជាមួយ Abhisit និង​រដ្ឋាភិបាល

ដោយ គួច គន្ធារ៉ា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  21/04/2010 12:55 ម៉ោងសកល

នៅ​ថ្ងៃ​ពុធ ទី​២១ មេសា​​នេះ ពួក​បាតុករ​អាវ​ក្រហម ដែល​កំពុង​កាន់​កាប់​សង្កាត់​ជំនួញ Rachaprasong បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួក​គេ​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​បើក​កិច្ចចរចា។ មិន​មែន​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី Abhisit ឬ​ជា​មួយ​រដ្ឋាភិបាល​ទេ តែ​ចង់​ឲ្យ​មាន​អន្តរាគមន៍​ពី​ភាគី​ទី​៣។

សេចក្តី​រាយការណ៍​របស់​គួច គន្ធារ៉ា

21/04/2010

កងទ័ព​ត្រៀម​បើក​យុទ្ធនាការ​បង្រ្កាប​ពួក​អាវក្រហម(រូបថត៖ Reuters)

កងទ័ព​ត្រៀម​បើក​យុទ្ធនាការ​បង្រ្កាប​ពួក​អាវក្រហម
(រូបថត៖ Reuters)

ការ​ដែល​ពួក​អាវក្រហម​ប្រកាស​សុំ​បើក​កិច្ចចរចា​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កងទ័ព​បាន​ត្រៀម​ខ្លួន​នឹង​បើក​ការ​វាយ​បង្ក្រាប​លើ​ពួក​បាតុករ​ ដែល​បាន​នឹង​កំពុង​បន្ត​កាន់​កាប់​សង្កាត់​ជំនួញ Rachaprasong អស់​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ។ មេ​អាវ​ក្រហម ២នាក់​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ ថា​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បើក​កិច្ច​ចរចា តែ​មិន​មែន​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី Abhisit ឬ​ក៏​ជា​មួយ​រដ្ឋាភិបាល​ទេ មាន​ន័យ​ថា ពួក​គេ​ចង់​ឲ្យ​មាន​ភាគី​ទី​៣ ដូច​យ៉ាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​មួយ​អ្នក​ការរទូត​បរទេស។ ការ​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​ពី​ភាគី​ទី​៣ ដោយ​ពួក​អាវ​ក្រហម​ចាត់​ទុក​លោក Abhisit និង​រដ្ឋាភិបាល ថា​ជា​ឃាតករ​សម្លាប់​គ្នា​គេ​នៅ​ក្នុង​យុទ្ធនាការ​បង្រ្កាប​បាតុកម្ម​កាល​ពី​ថ្ងៃ​១០ មេសា​កន្លង​ទៅ។

ពួក​អាវក្រហម​បន្ត​កាន់​កាប់​សង្កាត់​ជំនួញ Rachaprasong (រូបថត៖ Reuters)

ពួក​អាវក្រហម​បន្ត​កាន់​កាប់​សង្កាត់​ជំនួញ Rachaprasong
(រូបថត៖ Reuters)

មេ​អាវក្រហម​ម្នាក់​លោក Kwanchai បាន​ថ្លែង​ថា កងទ័ព​គ្រោង​នឹង​បើក​យុទ្ធនាការ​វាយបង្រ្កាប​ជា​លើក​ទី២​នៅ​មុន​ថ្ងៃ​ទី ២៥ មេសា ដូច្នេះ យើង​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​​ដោយ​សន្តិវិធី​ជា​មុន​សិន ដើម្បី​ជៀស​វាង​ការ​បង្ហូរ​ឈាម​គ្នា។ លោក Kwanchai បាន​ដាក់​សំណើ​ថ្មី ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​រំលាយ​សភា​ក្នុង​រយៈពេល ៣ខែ​ទៀត ពោល​គឺ​មិន​មែន​រំលាយ​ភ្លាមៗ​ដូច​ដែល​ពួក​គេ​បាន​ទាមទារ​ពី​ពេល​មុន​នោះ​ទេ។ ចម្លើយ​តប​វិញ អ្នក​នំា​ពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា លោក Abhisit ក៏​បាន​ត្រៀម​ខ្លួន​បើក​កិច្ចចរចា​ដែរ តែ​បាន​សុំ​ឲ្យ​ពួក​អាវ​ក្រហម​កាត់​បន្ថយ​ភាព​តាន​តឹង​ជា​មុន​សិន។ យោង​តាម​អ្នក​នំា​ពាក្យ​រដ្ឋាភិបាល​ដដែល លោក Abhisit បាន​យល់​ព្រម​លើក​យក​ទៅ​ចរចា អំពី​លក្ខខណ្ឌ​នៃ​ការ​រៀប​ចំ​បោះឆ្នោត​សភា និង​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ចង់​ឲ្យ​មាន​កិច្ចចរចា​ដោយ​ផ្ទាល់ ដោយ​មិន​ចំា​បាច់​ឆ្លង​កាត់​តាម​ភាគី​ទី៣​ទេ។

សូម​ជម្រាប​ជូន​ថា ១០​ថ្ងៃ​ក្រោយ​​ពី​បរាជ័យ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​ដែល​បណ្តាល​ឲ្យ​មនុស្ស​​ជាង ២០​នាក់​ស្លាប់ និង​របួស​ប្រមាណ ៨០០​នាក់​មក រដ្ឋាភិបាល​ថៃ​បាន​ប្តេជ្ញាចិត្ត​នឹង​បញ្ចប់​បាតុកម្ម​អាវក្រហម​ឲ្យ​បាន បើ​ទោះ​បី​ជា​ត្រូវ​ប្រើ​គ្រាប់​កាំភ្លើង​មែន​ទែន​ក៏​ដោយ។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​បាន​បដិសេធ​មិន​​បញ្ជាក់​ថា តើ​កងទ័ព​នឹង​ចូល​ទៅ​បង្រ្កាប​​បាតុករ​នៅ​ពេល​ណា​នោះ​ទេ។

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល