ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 21/04/2010 13:00 ម៉ោងសកល
ទីបញ្ជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម នៅជិតព្រលានយន្តហោះភ្នំពេញ ត្រូវបានបើកឲ្យដំណើរការ នៅថ្ងៃពុធនេះ ខណៈដែលកងកម្លាំងប្រឆាំងភេរវកម្ម របស់កម្ពុជា បានបង្ហាញពីសមត្ថភាព ដោះគ្រាប់បង្កៃ ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប មានការបញ្ជា Robot និងឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទ ដើម្បីកុំឲ្យភេរវជន ចុចបំផ្ទុះ គ្រាប់បង្កៃនោះ។

ឧត្តមសេនីយ៍ត្រីផ្កាយមួយ ហ៊ុន ម៉ាណែត (ឆ្វេង) កូនប្រុសច្បងរបស់លោកហ៊ុន សែនជាអ្នកបញ្ជាកងកម្លាំងពិសេសប្រឆាំងភេរវកម្មថ្មី
(រូបថត៖លី ម៉េងហួរ)
សមយុទ្ធលំហាត់បង្ហាញ របស់កងកម្លាំងពិសេសប្រឆាំងភេរវកម្មមួយក្រុម បានបង្ហាញនូវជំនាញបច្ចេកទេស ដើម្បីដោះស្រាយនូវអំពើភេរវកម្ម បំផ្ទុះគ្រាប់បែកមួយ ដែលភេរវជន បានប្រើប្រាស់នូវឧបករណ៍ជាតិផ្ទុះមួយ ដោយដាក់ភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ។
ដើម្បីដោះស្រាយបញ្ហានេះ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម បានប្រើនូវ Robot ជាកូនឡានបញ្ជា បំពាក់ដោយម៉ាស៊ីនដើម្បីថតយករូបភាព ពីសណ្ឋានគ្រាប់ផ្ទុះ មុននឹងប្រើឧបករណ៍កាត់ផ្តាច់ប្រព័ន្ធទូរស័ព្ទ និងដោះយកគ្រាប់បង្កៃនោះ ដោយសុវត្ថិភាព។
សមត្ថភាពរបស់កងកម្លាំងពិសេសប្រឆាំងភេរវកម្មនេះ ត្រូវបានធ្វើឡើងនៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដែលជាទីបញ្ជាការរួមរបស់កងកម្លាំងប្រឆាំង ភេរវកម្ម នៅព្រឹកមិញ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បណ្តា អង្គទូត និងកងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់ផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានលើកឡើងក្នុងពិធីថា ការបង្កើតអង្គភាពប្រឆាំងភេរវកម្មនេះ ដើម្បីពង្រឹងខឿនការពារជាតិ ដែលត្រូវការ ការចូលរួមទាំងអស់គ្នា ចូលរួមពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការចូលរួមពីប្រជាពលរដ្ឋ។ ម្យ៉ាងទៀត កម្ពុជាមិនមែនជាមុខសញ្ញានៃអំពើភេរវកម្មទេ តែបើកម្ពុជា មានការធ្វេសប្រហែស នោះលោកនាយករដ្ឋមន្ត្រី អះអាងថា ឧក្រិដ្ឋជន ឬក៏ភេរវជន នឹងឆ្លៀតឱកាសយកកម្ពុជាធ្វើជាជម្រក ហើយបំផ្លាញសន្តិសុខជាតិ ដោយបង្កជាអំពើភេរវកម្ម រាប់បញ្ចូលទាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការរកស៊ីខុសច្បាប់នានា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំលៀកបំពាក់យោធា ក៏បានលើកឡើងនូវទ្រឹស្តីយុទ្ធសាស្ត្រជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ អំពើភេរវកម្ម ដែលលោកនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាសប្រាំ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនកម្លាំងកងទ័ពណា ក៏ចេះតែទៅដោះស្រាយបញ្ហាបាននោះទេ។ ប្រតិបត្តិការប្រឆាំងភេរវកម្ម ទាមទារឲ្យមានមេបញ្ជាការឆ្លាតវាងវៃ និងមានជំនាញបច្ចេកទេសច្បាស់លាស់។
កងកម្លាំងពិសេសប្រឆាំងភេរវកម្មថ្មីនេះ ស្ថិតក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ផ្កាយមួយ ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកហ៊ុន សែន។ លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការវ័យក្មេង ដែលបានបញ្ចប់ការសិក្សាផ្នែកក្បួនយុទ្ធសាស្ត្រទ័ព នៅសាលាបណ្ឌិតយោធាដ៏ល្បី ឈ្មោះ West Point របស់អាមេរិក។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល