ដោយ កែវ ឆាយា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 21/04/2010 12:30 ម៉ោងសកល
ក្នុងក្របខ័ណ្ឌទស្សនកិច្ចថ្ងៃនេះ នៅក្រុង Kharkov ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំទី២ នៅរដ្ឋអ៊ុយក្រែនជិតខាង លោកប្រធានាធិបតីរុស្ស៊ី Medvedev លើកយកទៅពិភាក្សាជាមួយលោកប្រមុខរដ្ឋអ៊ុយក្រែន Yanoukovitch គឺបញ្ហាពីរដែលចំបងជាងគេ តម្លៃនៃឧស្ម័នធម្មជាតិដែលរុស្ស៊ីលក់ទៅឲ្យអ៊ុយក្រែន និងរឿងវត្តមានកងនាវារុស្ស៊ីដែលប្រចាំ នៅសមុទ្ទខ្មៅ ហើយដែលប្រើមូលដ្ឋាននៅផែSebastopol នៃទៀបកោះCrimée របស់អ៊ុយក្រែន។
នេះជាលើកដំបូងដែលលោក Medvedev ធ្វើទស្សនកិច្ច នៅអ៊ុយក្រែន តាំងពីគាត់ឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីពីរឆ្នាំមុនមក។ ហើយតាមដែលវិមាន Kremlin ប្រកាសឲ្យដឹងជំនួបកំពូលថ្ងៃនេះ រវាងលោក Medvedev និងលោក Yanoukovitch ដែលឡើងធ្វើជាប្រធានាធិបតីថ្មីអ៊ុយក្រែនទើប ២ខែមុនសោះ។
គឺជាលើកទី៥ ទៅហើយ គិតទាំងផ្លូវការ ទាំងក្រៅផ្លូវការ ហេតុដែលស ឲ្យឃើញពីទំនាក់ទំនងរស់រវើកឡើងវិញរវាងមហាប្រទេសពូជSlave ទាំងពីរ។ បាតុភាពនេះ គឺខុសស្រឡះពីទំនាក់ទំនងទ្វេភាគី ដ៏ត្រជាក់ស្រឹម ដែលធ្លាប់មានក្នុងសម័យប្រធានាធិបតីមុន នៅអ៊ុយក្រែនឈ្មោះ Yushtchenko ជាអ្នកបស្ចិមលោកនិយមជ្រុល រហូតដល់ស្អប់អ្វីៗដែលជារុស្ស៊ី។ ចំណែក ការជ្រើសរើសយកក្រុង Kharkov ជាកន្លែងជំនួបកំពូលលើកនេះ គឺមកពីក្រុងឧស្សាហកម្មនេះប្រើឧស្ម័នរុស្ស៊ីបរិមាណច្រើនមែនទែនសំរាប់តម្រូវការខ្លួន។
ទាក់ទងនឹងតម្លៃឧស្ម័ននេះដែលស្របនឹងកុងត្រាចុះកាលពីដើមឆ្នាំមុន សំរាប់ត្រីមាស ទី១ឆ្នាំនេះ គឺថ្លៃ៣០៥ដុល្លារ ហើយសំរាប់ត្រីមាស ទី២ វិញ គឺឡើងដល់ ៣៣០ដុល្លារ ក្នុង១ពាន់ម៣ រួចជា មធ្យមសំរាប់ឆ្នាំ២០១០ទាំងមូល គឺ ៣៣៧ដុល្លារក្នុង១ពាន់ម៣ នោះ ភាគីអ៊ុយក្រែនក្រោមអំណាចប្រធានាធិបតីថ្មីតែងសុំឲ្យរុស្ស៊ីបញ្ចុះវាមកនៅត្រឹម ២៣០ដុល្លារ បានហើយក្នុង១ពាន់ម៣។ បើរុស្ស៊ីយល់ព្រមមែននោះ គឺនឹងជួយឲ្យអ៊ុយក្រែនសំចៃបានប្រមាណ ៤.០០០លានដុល្លារ ក្នុងឆ្នាំ ២០១០នេះ។
តាមដែលកាសែតក្រុងម៉ូស្គូសរសេរ ជាលទ្ធផលនៃកិច្ចចរចា ថ្ងៃនេះនៅក្រុង Kharkov នឹងមានចុះបាននូវកិច្ចព្រមព្រៀងស្តីអំពីតម្លៃថ្មីដែលថោកជាងមុន សំរាប់រុស្ស៊ីលក់ ឧស្ម័នទៅឲ្យអ៊ុយក្រែនក្នុងឋានៈជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។ និយាយពីបញ្ហា វត្តមានកងនាវារុស្ស៊ី នៅអ៊ុយក្រែនវិញ នោះភាគីអ៊ុយក្រែនចង់ឲ្យរុស្ស៊ីដំឡើងថ្លៃជួលមូលដ្ឋានយោធា នៅផែ Sebastopol ឲ្យសមទៅតាមតម្លៃសព្វថ្ងៃទៅ។ ពីព្រោះថ្លៃជួល ៩៨លានដុល្លារ ក្នុង១ឆ្នាំ ដែលបានត្រូវកំណត់ តាំងពីឆ្នាំ ១៩៩៧ម៉្លេះ សំរាប់២០ឆ្នាំទៅមុខ លុះរហូតដល់ឆ្នាំ ២០១៧ តាមយោបល់ទីក្រុង Kiev គឺវាលែងសមហេតុសមផលទៅហើយ។ តាមមើលទៅ ក្រុងម៉ូស្គូ អាចយោគយល់ចំពោះសំនើនេះរបស់ក្រុងKiev ជាពិសេសក្រោយពីប្រធានាធិបតីថ្មី អ៊ុយក្រែន បានរំលាយចោលទៅហើយនូវគណៈកម្មការដែលមានបង្កើតឡើងដោយ ប្រធានាធិបតីមុន ខាងរៀបចំរដ្ឋអ៊ុយក្រែនដើម្បីចូលជាសមាជិកបក្សសម្ពន្ធ OTAN។ ការលុបចោលនេះ ញ៉ាំងឲ្យរុស្ស៊ីសោមនស្សន៍ក្នុងចិត្តជាពន្លឹក។ បច្ចុប្បន្ន ក្នុងស្ថានភាពថ្មី រុស្ស៊ីកំពុងស្តារ ជាបណ្តើរៗឡើងវិញ ឥទ្ធិពលដែលខ្លួនធ្លាប់មាននៅលើលំហនៃអតីតសហភាពសូវៀត៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល