អានតួអត្ថបទ
កម្ពុជា

irradiated-ភាពយន្ត​ឯកសារ​របស់ប៉ាន់-រិទ្ធី​នៅក្នុង​ការប្រកួតដណ្តើមពានរង្វាន់ខ្លាឃ្មុំមាស នៅប៊ែរឡាំង

សមិទ្ធិករខ្មែរ លោកប៉ា់ន់ រិទ្ធី នៅក្នុង​សន្និសីទ​កាសែត ក្នុ​ងមហោស្រពភាពយន្ត​អន្តរជាតិ​ក្រុង​ប៊ែរឡាំង ថ្ងៃសុក្រទី ២៨ កុម្ភៈ ២០២០
សមិទ្ធិករខ្មែរ លោកប៉ា់ន់ រិទ្ធី នៅក្នុង​សន្និសីទ​កាសែត ក្នុ​ងមហោស្រពភាពយន្ត​អន្តរជាតិ​ក្រុង​ប៊ែរឡាំង ថ្ងៃសុក្រទី ២៨ កុម្ភៈ ២០២០ © REUTERS/Michele Tantussi

សមិទ្ធិករ​ភាពយន្ត​ខ្មែរ លោកប៉ាន់ រិទ្ធី ធ្វើការងារ មិនឈប់ឈរ ទាក់ទង​នឹងរឿង​ឯកសារ​ប្រវត្តិសាស្រ្តខ្មែរក្រហម។ បន្ទាប់ពីចេញស្នាដៃសៀវភៅរឿង La paix avec les morts "សន្តិភាព​ជាមួយ​មនុស្សស្លាប់" លោកប៉ាន់ រិទ្ធីទើបផលិតកុនឯកសារថ្មីមួយទៀត ឈ្មោះ Irradiated ដែលអាចបកប្រែក្រៅផ្លូវការ ថា រងសារធាតុវិទ្យុសកម្ម។ រឿងថ្មី​របស់​លោកប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើស សម្រាប់ការប្រកួតប្រជែង យកពានរង្វាន់ ខ្លាឃ្មុំមាស នៅក្នុង​មហោស្រពភាពយន្តអន្តរជាតិ លើកទី ៧០ ក្នុងទីក្រុងប៊ែរឡាំង។

ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត លោកប៉ាន់ រិទ្ធី ជាសមិទ្ធិករខ្មែរដំបូងគេ ដែលបានយកស្នាដៃភាពយន្ត មកចូលរួមប្រកួតដណ្តើមពានរង្វាន់ ខ្លាឃ្មុំមាស នៅក្នុងមហោស្រពភាពយន្ត​ក្រុងប៊ែរឡាំង ដែលជាមហោស្រពសំខាន់មួយ ក្នុងចំណោមមហោស្រពភាពយន្តធំៗ ក្នុងពិភពលោក។ ចំណុចពិសេសមួយទៀត គឺ ខ្សែភាពយន្តរបស់លោកប៉ាន់ រិទ្ធី Irradiated ជាខ្សែភាពយន្ត ឯកសារ តែមួយគត់ ក្នុងចំណោមខ្សែភាពយន្តចំនួន ១៨ ដែលត្រូវបានគេជ្រើសរើសឲ្យប្រកួតប្រជែងសម្រាប់ពានរង្វាន់ធំរបស់មហោស្រព។
ជាខ្សែភាពយន្តឯកសារ ដែលបង្កប់ដោយបទពិសោធន៍បច្ចេកទេសថ្មី ព្រោះលោកប៉ាន់ រិទ្ធីបានបង្ហាញរូបភាពបណ្ណាសារ ក្នុងរូបអេក្រង់ ៣ផ្សេងគ្នា ក្នុងពេលតែមួយ។ Irradiatedជាខ្សែភាពយន្តឯកសារ ដែលជាថ្មីម្តងទៀត លោកប៉ាន់ រិទ្ធីបានផ្តោតទៅលើសង្រ្គាម​ក្នុងអតីតកាល ដោយ​លើកនេះ បន្ថែមពីលើឯកសារស្តីពីរបបខ្មែរក្រហម លោកបានបូកបញ្ចូលសង្រ្គាមរបស់អាមេរិកនៅវៀតណាម ការទម្លាក់គ្រាប់បែក បរិមាណូ ទៅលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា កាលពីជំនាន់សង្រ្គាមលោកលើកទី២ ហើយនិងការកាប់សម្លាប់របស់ពួកទាហានណាហ្ស៊ីរបស់ហ៊ីត្លែ ទៅលើជនជាតិជ្វីហ្វ។
ជ្រើសរើសសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ ខ្លាឃ្មុំមាស នៅទីក្រុងប៊ែរឡាំង ខ្សែភាពយន្តរបស់លោកប៉ាន់ រិទ្ធី បានទាក់ទាញមនុស្សឲ្យចូលមើលពេញរោងកុន ដែលនៅក្នុងនោះមានផងដែរ ប្រជាជនខ្មែររស់នៅទីក្រុងប៊ែរឡាំង។
Irradiated របស់លោកប៉ាន់ រិទ្ធី បានដាស់រំលឹកឲ្យគេឃើញថា សង្រ្គាម មនោគមវិជ្ជា វិធីសាស្រ្ត សម្លាប់ ធ្វើទុក្ខបុកម្នេញ ការឈឺចាប់ ដោយសារតែ គ្រាប់បែក នុយក្លេអ៊ែរ ការកាប់សម្លាប់ ដ៏ព្រៃផ្សៃរបស់មនុស្ស ពីកន្លែងមួយ ទៅកន្លែងមួយ ពីពេលវេលា មួយ ទៅពេលវេលាមួយ គឺគ្មានខុសគ្នានោះទេ។ ហេតុអ្វីបានមនុស្សមិនរាងចាល។ លើស​ហួសពី​គុណភាព​កុនឯកសារដែលមានលក្ខណៈ សិល្បៈ បង្កើតថ្មី ខ្សែភាព​យន្តឯកសារថ្មីរបស់លោកប៉ាន់ រិទ្ធីបានបង្កើតឲ្យមានការគិតពិចារណា ជាសកល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ