អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

Covid-19 នៅកម្ពុជា៖ តើពលរដ្ឋគួរធ្វើអ្វីក្រៅតែពីនាំគ្នាភ័យខ្លាច?

សំឡេង ០៤:៥៣
COVID-19
COVID-19 © TexasDSHS

ចាប់​តាំង​ពីផ្ទុះ​ឡើង​នៅ​ខេត្ត​វ៉ូហានប្រទេស​ចិន​រហូត​មក​ទល់​ពេល​នេះ មេរោគ Covid-19 បានរីក​រាត​ត្បាត​ទៅ​ដល់​ប្រទេស​ជាង​១០០នៅ​​ទូទាំងពិភពលោក ក្នុង​នោះ​ក៏​មាន​កម្ពុជា​មួយ​ដែរ​។ ដូច​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ ពលរដ្ឋខ្មែរ​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ចំពោះ​មេរោគ Covid-19។ ប៉ុន្តែសួរ​ថា​តើ​ក្រៅ​ពី​នាំ​គ្នា​ភ័យ​ខ្លាច គេ​អាច​ធ្វើអ្វី​បាន​ទៀត​ដើម្បី​បង្ការ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ Covid-19 នេះ?

ផ្សាយពាណិជ្ជកម្ម

ករណី​ឆ្លង​មេរោគ Covid-19 នៅ​​កម្ពុជា​ត្រូវ​ចាត់​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ថ្មី នៅ​ពេល​គេ​រក​ឃើញ​ករណី​ឆ្លង​ក្នុង​ស្រុក​ទី​១ តាម​រយៈ​បុរស​វ័យ​៣៨​ឆ្នាំ​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​។ ខុស​ពី​ករណី​អ្នក​ជំងឺ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទុក​មេរោគ​នេះ​រួច​ហើយ​មុន​ពេល​មក​ដល់​កម្ពុជា, ករណី​នៅ​ខេត្ត​សៀមរាប គឺ​ជា​ការ​ឆ្លង​មេរោគ Covid-19 នៅ​ក្នុង​ស្រុក​ខ្មែរ ដែល​កំពុង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច​ជា​ថ្មី​។ គឺ​ភ័យ​ខ្លាច​ថា ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​នេះ អាច​មាន​លក្ខណៈ​ធំ​ធេង​និង​ពិបាក​ទប់​ស្កាត់​ដូច​ករណីឆ្លង​​នៅ​ក្នុង​ប្រទេស​ចិន ឬ​ប្រទេស​អ៊ីតាលី ឬ​កូរ៉េ​ខាង​ត្បូង​ជា​ដើម​។

មែនទែន​ទៅ ក្ដី​ព្រួយ​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​របស់​ប្រជាជន​ខ្មែរ ពុំ​មាន​អ្វី​ខុស​ប្រក្រតី​ទេ​។ ករណី​ដូច្នេះ​កើត​មាន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​មាន​ឆ្លង​មេរោគ Covid-19 និង​សូម្បី​តែ​ប្រទេស​ដែល​ពុំ​ទាន់​មាន​មេរោគ​នេះ ក៏​កំពុង​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ​។ នោះ​ក៏​ព្រោះ​តែ​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ Covid-19 អាច​កើត​ឡើង​ដោយអ្នក​ជំងឺ​ខ្លួន​ឯង​​ពុំ​ដឹង​ខ្លួន​, ថ្នាំ​ព្យាបាល​ក៏​គ្មាន, ចំណែក​ករណី​ស្លាប់​ក៏​ចេះ​តែ​កើន​ឡើង​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ប៉ុន្តែសួរ​ថា​តើ​ក្រៅ​ពី​នាំ​គ្នា​ភ័យ​ខ្លាច គេ​អាច​ធ្វើអ្វី​បាន​ទៀត​ដើម្បី​បង្ការ​​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ Covid-19 នេះ?

មុន​នឹង​ឆ្លើយ​នឹង​សំណួរ​នេះ គេ​ត្រូវ​យល់​ជា​មុន​សិន​អំពី​ដើម​ចម​នៃ​ភាព​ភ័យ​ខ្លាច​របស់​មនុស្ស​ចំពោះ​មេរោគ Covid-19។ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក ភាព​ភ័យ​ខ្លាច​របស់​មនុស្ស​កើតឡើង​ដោយ​សារមូលហេតុ​សំខាន់​ពីរ៖ ទី​១ គឺ​កង្វះ​ការ​យល់​ដឹង​អំពី​មេរោគ Covid-19 និង​ទី២​ គឺ​ព័ត៌មាន​ក្លែងក្លាយ។ នៅ​ពេល​ពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង៖ មិន​ដឹង​ថា​មេរោគ Covid-19 ជា​អ្វី, ឆ្លង​តាម​របៀប​ណា, និង​មាន​រោគ​សញ្ញា​ធ្វើ​ទុក្ខ​អ្វី​ខ្លះ, គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ពលរដ្ឋ​នាំ​គ្នា​ភ័យ​ខ្លាច​។ ភាព​ភ័យ​ខ្លាច​នេះ​ទៀត​សោត កើន​ទំហំ​ឡើង​ទ្វេ​ដង​នៅ​ពេល​វា​ពើប​ប្រទះ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​បំភ្លើស បន្លាច និង​បំភិត​បំភ័យ ក្នុង​ន័យ​អគតិ​។

ជា​ការ​ពិត​ហើយ​ថា សម្រាប់​បញ្ហា​មេរោគ Covid-19 គេ​ពុំ​អាច​ហាម​អារម្មណ៍​ពលរដ្ឋ​មិន​ឲ្យ​ព្រួយបារម្ភ​ឬ​ភិតភ័យ​បាន​ឡើយ​។ ប៉ុន្តែ​គេ​មិន​ត្រូវ​ភ័យ​ខ្លាចខ្លាំង​​ពេក​រហូត​ដល់​ស្លន់ស្លោ​ធ្វើ​​អ្វី​លែង​កើត​ទេ។

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​រួច​ហើយ​នូវ​វិធានការ​ចាំ​បាច់​នានា​ដើម្បី​បង្ការ​​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា Covid-19 នៅ​ក្នុង​ប្រទេស​ ក្នុង​នោះ​មាន​ដូច​ជា​ការ​បិទ​សាលា​រៀន​នៅ​ទូទាំង​ក្រុង​សៀមរាប និង​ការ​ផ្អាក​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ខេត្ត​សៀមរាប​នា​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​ជា​ដើម​។ រី​ឯ​អ្នក​ជំងឺ Covid-19 នៅ​ក្នុង​ខេត្ត​សៀមរាប ក៏​កំពុង​តែ​ទទួល​បាន​ការ​ថែ​រក្សា​សុខភាព​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ផង​ដែរ​។

នៅ​ក្នុង​កាលៈទេសៈ​នេះ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន​ក្រៅ​ពី​ភ័យ​ខ្លាច គឺ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​សុខភាព​និង​ថែ​ទាំ​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​ដិត​ដល់៖ លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ តាម​ដាន​សុខភាព​ខ្លួន​ឯង ហើយ​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ប្រសិន​បើ​មាន​រោគ​សញ្ញា​សង្ស័យ​នៃ​មេរោគ Covid-19។

ចំណែក​នៅ​តាម​បណ្ដាញ​សង្គម ពលរដ្ឋ​អាច​បន្ត​តាម​ដាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​ការ​វិវត្ត​នៃ​មេរោគ Covid-19​។ ការ​ទទួល​ព័ត៌មាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ Covid-19 បាន​ទាន់​ពេល​វេលា​។ ទន្ទឹម​គ្នា​នេះ វា​ក៏​អាច​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ក្ដី​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​ជ្រួល​ច្របល់​នៅ​ក្នុង​សង្គម​បាន​ផង​ដែរ​។ គេ​ត្រូវ​ចង​ចាំ​ថា បញ្ហា​ចំពោះ​មុខនា​ពេល​នេះ​​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា Covid-19 ដែល​ការងារ​នេះ​មិន​ពិបាក​ពេក​ទេ​សម្រាប់​ពលរដ្ឋ​ទូទៅ។ គ្រាន់​តែ​នាំ​គ្នា​ប្រយ័ត្ន​ប្រយែង​និង​ថែ​ទាំ​សុខភាព​ខ្លួន​ឯង​ជំនួស​ឲ្យ​ការ​ភ័យ​ខ្លាច​ហួស​ហេតុ​នោះ វា​ជា​ការ​រួម​ចំណែក​ដ៏​ធំ​ធេង​មិន​អាច​កាត់​ថ្លៃ​បាន​រួច​ទៅ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ