អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«គម្លាតសង្គម» ជាការងារបន្ទាន់និងចាំបាច់ ប្រសិនកម្ពុជាចង់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

សំឡេង ០៤:២៧
«គម្លាតសង្គម» ជាការងារបន្ទាន់និងចាំបាច់ ប្រសិនកម្ពុជាចង់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
«គម្លាតសង្គម» ជាការងារបន្ទាន់និងចាំបាច់ ប្រសិនកម្ពុជាចង់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ © CDC

ជំងឺ​កូវីដ​១៩ កំពុង​បន្ត​រាត​ត្បាត​ពិភពលោក។ ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ឆ្លង​ជំងឺ​នេះ មាន​កាន់​តែ​ច្រើន​ឡើង ចំណែក​អ្នក​ស្លាប់​ក៏​មាន​កំណើន​គួរ​ឲ្យ​បារម្ភ​។ នៅ​កម្ពុជា​ក៏​ដូច​គ្នា​ដែរ! បើ​ទោះ​បី​មិន​ទាន់​មាន​អ្នក​ស្លាប់ ប៉ុន្តែ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ស្វែង​រក​ឃើញ​ករណី​ឆ្លង​ជា​បន្ត​បន្ទាប់​។ នៅ​ក្នុង​គោលដៅ​​​កាត់​បន្ថយ​និង​ទប់​ស្កាត់​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍ អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន ​ដើម្បី​កាត់​បន្ថយ​ការ​ជួប​ជុំ​របស់​ពលរដ្ឋ​។ យ៉ាង​ណា​ក៏​ដោយ វិធានការ​ដែល​រដ្ឋ​ដាក់​ចេញ​ទាំង​អស់​នេះ ពុំ​អាច​មាន​ប្រសិទ្ធ​ភាព​ទប់​ទល់​នឹង​ការ​ឆ្លង​​របស់​ជំងឺ​កូវីដ​១៩​ឡើយ ប្រសិន​បើ​គ្មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ទេ​នោះ​។

ផ្សាយពាណិជ្ជកម្ម

ភាព​ភ័យ​ខ្លាច​ចំពោះ​ជំងឺ​រាត​ត្បាត​កូវីដ​១៩ កំពុង​គ្រប​ដណ្ដប់​ប្រទេស​កម្ពុជា​។ នៅ​តាម​បណ្ដា​ខេត្ត ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​តាំង​រូប​ទីងមោង​នៅ​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន។ ទីងមោង ដែល​ផ្អែក​ទៅ​តាម​ជំនឿ​តាំង​ពី​បរមបុរាណ គឺ​អាច​ជួយ​បណ្ដេញ​រោគ​អាក្រក់​ឲ្យ​ចៀស​ឆ្ងាយ​បាន​។ ទី​តាម​ទីប្រជុំជន និង​ទីក្រុង​ឯ​ណេះវិញ សភាព​អ៊ូអរ​ដោយ​ការ​ជួប​ជុំ​និង​ចរាចរណ៍​ណែន​ណាន់​តាន់​តាប់ ឥឡូវ​នេះ ប្រែ​ជា​ស្ងប់ស្ងាត់​​ខុស​ពី​ធម្មតា​។ នៅ​ពេល​ករណី​ឆ្លង​ចេះ​តែ​កើន​ឡើង ប្រជាពលរដ្ឋ​កាន់​តែ​ព្រួយ​​បារម្ភ​និង​ភ័យ​ខ្លាច​​​។ គឺ​ភ័យ​ខ្លាច​ថា ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​នេះ អាច​មាន​លក្ខណៈ​ធំ​ធេង​និង​ពិបាក​ទប់​ស្កាត់​ដូច​ករណីឆ្លង​​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ ដូច​យ៉ាង​នៅ​​ប្រទេស​អ៊ីតាលី ឬ​សហរដ្ឋ​អាមេរិក​​ជា​ដើម​។

មែនទែន​ទៅ ក្ដី​ព្រួយ​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​របស់​ប្រជាជន​ខ្មែរ ពុំ​មាន​អ្វី​ខុស​ប្រក្រតី​ទេ​។ ករណី​ដូច្នេះ​កើត​មាន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​មាន​ឆ្លង​ជំងឺ​កូវីដ​១៩ និង​សូម្បី​តែ​ប្រទេស​ដែល​ពុំ​ទាន់​មាន​មេរោគ​នេះ ដែល​មាន​ចំនួន​តិច​តួច​មែន​ទែន​ ក៏​កំពុង​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ​។ នោះ​ក៏​ព្រោះ​តែ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ អាច​កើត​ឡើង​ដោយអ្នក​ជំងឺ​ខ្លួន​ឯង​​ពុំ​ដឹង​ខ្លួន​, ថ្នាំ​ព្យាបាល​ក៏​គ្មាន, ចំណែក​ករណី​ស្លាប់​ក៏​ចេះ​តែ​កើន​ឡើង​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ប៉ុន្តែសួរ​ថា​តើ​ក្រៅ​ពី​នាំ​គ្នា​ភ័យ​ខ្លាច គេ​អាច​ធ្វើអ្វី​បាន​ទៀត​ដើម្បី​បង្ការ​​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ?

មុន​នឹង​ឆ្លើយ​នឹង​សំណួរ​នេះ គេ​ត្រូវ​យល់​ជា​មុន​សិន​អំពី​ដើម​ចម​នៃ​ភាព​ភ័យ​ខ្លាច​របស់​មនុស្ស​ចំពោះ​ជំងឺ​កូវីដ​១៩​។ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក ភាព​ភ័យ​ខ្លាច​របស់​មនុស្ស​កើតឡើង​ដោយ​សារមូលហេតុ​សំខាន់​ពីរ៖ ទី​១ គឺ​កង្វះ​ការ​យល់​ដឹង​អំពី​ជំងឺ​កូវីដ​១៩ និង​ទី២​ គឺ​ព័ត៌មាន​ក្លែងក្លាយ។ នៅ​ពេល​ពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង៖ មិន​ដឹង​ថា​ជំងឺ​កូវីដ​១៩​ជា​អ្វី, ឆ្លង​តាម​របៀប​ណា, និង​មាន​រោគ​សញ្ញា​ធ្វើ​ទុក្ខ​អ្វី​ខ្លះ, គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ពលរដ្ឋ​នាំ​គ្នា​ភ័យ​ខ្លាច​។ ភាព​ភ័យ​ខ្លាច​នេះ​ទៀត​សោត កើន​ទំហំ​ឡើង​ទ្វេ​ដង​នៅ​ពេល​វា​ពើប​ប្រទះ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​បំភ្លើស បន្លាច និង​បំភិត​បំភ័យ ក្នុង​ន័យ​អគតិ​។

ជា​ការ​ពិត​ហើយ​ថា សម្រាប់​បញ្ហាជំងឺ​កូវីដ​១៩​នេះ គេ​ពុំ​អាច​ហាម​អារម្មណ៍​ពលរដ្ឋ​មិន​ឲ្យ​ព្រួយបារម្ភ​ឬ​ភិតភ័យ​បាន​ឡើយ​។ ប៉ុន្តែ​គេ​មិន​ត្រូវ​ភ័យ​ខ្លាចខ្លាំង​​ពេក​រហូត​ដល់​ស្លន់ស្លោ​ធ្វើ​​អ្វី​លែង​កើត​ទេ។

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​រួច​ហើយ​នូវ​វិធានការ​ចាំ​បាច់​នានា​ដើម្បី​បង្ការ​​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ ក្នុង​នោះ​មាន​ដូច​ជា ការ​​បញ្ជា​ឲ្យផ្អាក​ការ​រៀបចំ​ពិធី​សាសនា​ បិទសាលារៀន បិទ​​គ្រប់​សារមន្ទីរ ក្លិប​កម្សាន្ត KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​ និង​​ផ្អាក​ផង​ដែរ ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​នានា​នៅ​តាម​ទី​សាធារណៈ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ស្ថានភាព​ជំងឺ​រាត​ត្បាត​កូវីដ​១៩​មាន​សភាព​ធូរ​ស្រាល​ឡើង​វិញ​។

យ៉ាង​ណា​ក៏​ដោយ វិធានការ​ដែល​រដ្ឋ​ដាក់​ចេញ​ទាំង​អស់​នេះ ពុំ​អាច​មាន​ប្រសិទ្ធ​ភាព​ទប់​ទល់​នឹង​ការ​ឆ្លង​​របស់​ជំងឺ​កូវីដ​១៩​ឡើយ ប្រសិន​បើ​គ្មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ទេ​នោះ​។ នៅ​ក្នុង​កាលៈទេសៈ​នេះ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន​ក្រៅ​ពី​ភ័យ​ខ្លាច គឺ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​សុខភាព​និង​ថែ​ទាំ​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​ដិត​ដល់៖ លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ តាម​ដាន​សុខភាព​ខ្លួន​ឯង ហើយ​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ប្រសិន​បើ​មាន​រោគ​សញ្ញា​សង្ស័យ​នៃ​ជំងឺ​កូវីដ​១៩​។

ចំណែក​នៅ​តាម​បណ្ដាញ​សង្គម ពលរដ្ឋ​អាច​បន្ត​តាម​ដាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​ការ​វិវត្ត​នៃជំងឺ​កូវីដ​១៩​​។ ការ​ទទួល​ព័ត៌មាន​និង​ចែក​រំលែក​ព័ត៌មាន​ត្រឹម​ត្រូវ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃជំងឺ​កូវីដ​១៩ បាន​ទាន់​ពេល​វេលា​។ ទន្ទឹម​គ្នា​នេះ វា​ក៏​អាច​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ក្ដី​បារម្ភ​និង​ភាព​ភ័យ​ខ្លាច​ជ្រួល​ច្របល់​នៅ​ក្នុង​សង្គម​បាន​ផង​ដែរ​។

គេ​ត្រូវ​ចង​ចាំ​ថា បញ្ហា​ចំពោះ​មុខនា​ពេល​នេះ​ ​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណាថ្មី ឬ​ជំងឺ​កូវីដ​១៩ ដែល​ការងារ​នេះ​តម្រូវ​ឲ្យ​​ពលរដ្ឋ​ទូទៅ​ចូល​រួម​ជាមួយ​អាជ្ញាធរ​​។ ការ​ចូល​រួម​សំខាន់​បំផុត គឺ​នាំ​គ្នា​រក្សា​គម្លាត​សង្គម ចៀស​វាង​ការ​ប្រមូល​ផ្ដុំ ​ប្រយ័ត្ន​ប្រយែង​ និង​ថែ​ទាំ​អនាម័យ​ព្រម​ទាំង​សុខភាព​ខ្លួន​ឯង។ ការងារ​នេះ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ថា យើង​ម្នាក់​ៗ មិន​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​ជំងឺ​កូវីដ​១៩ និង​មិន​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ចាស់​និង​អ្នក​ដែល​មាន​ខុសភាព​ទន់​ខ្សោយ​។ នេះ​គឺ​​​ការ​​​​​​រួម​ចំណែក​ដ៏​ធំ​ធេង​មិន​អាច​កាត់​ថ្លៃ​​បានរបស់​ពលរដ្ឋម្នាក់​ៗ ដើម្បី​កាត់​បន្ថយ​និង​ទប់​ស្កាត់​ការ​ឆ្លង​​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ