អានតួអត្ថបទ
កូវីដ១៩-ពិតឬក្លែងក្លាយ?

តើកាំរស្មីអ៊ុលត្រាវីយ៉ូឡេនិងសីតុណ្ហភាពខ្ពស់ពិតជាអាចសម្លាប់កូវីដ១៩បាន?

សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ស្តីពី​ការ​ប្រើ​ប្រាស់​កាំរស្មី​អ៊ុលត្រាវីយ៉ូឡេ ដើម្បីសម្លាប់​មេរោគ​កូវីដ១៩
សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ស្តីពី​ការ​ប្រើ​ប្រាស់​កាំរស្មី​អ៊ុលត្រាវីយ៉ូឡេ ដើម្បីសម្លាប់​មេរោគ​កូវីដ១៩ © who.int

ព័ត៌មាន​ចែកចាយតៗគ្នា​តា​ម​ហ្វេសប៊ុក ជាពិសេស នៅថៃ បាន​លើកឡើង​ពី​អាវុធ​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​កម្ចាត់​កូវីដ១៩បាន ក្នុងនោះ ក៏​មាន​ផងដែរ កាំរស្មី​អ៊ុលត្រាវីយ៉ូឡេ ក្លរ និង​សីតុណ្ហភាព​ក្តៅ។ ក៏ប៉ុន្តែ អ្នកជំនាញ​ខាង​សុខាភិបាល​បាន​ឲ្យដឹង​ថា ការលើកឡើង​នេះ​ ថ្វីដ្បិត​តែ​មាន​ចំណុច​ត្រូវខ្លះ តែ​មាន​ចំណុច​ខុសច្រើន ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត អាវុធ​ដែល​គេ​អះអាង​ថា​អាច​កម្ចាត់​កូវីដ១៩​បាននោះ បើ​សិន​ជា​ប្រើ​មិន​ត្រឹមត្រូវ​ថែម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ទៀតផង។

ផ្សាយពាណិជ្ជកម្ម

កាំរស្មីអ៊ុលត្រាវីយ៉ូឡេ (UV)

សាស្ត្រាចារ្យ​ជំនាញ​ខាង​ការ​សិក្សា​អំពី​មេរោគ នៅ​សកលវិទ្យាល័យ​ជូឡាឡុងកន ក្នុង​ប្រទេស​ថៃ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ ថា ជាការពិត កាំរស្មី​អ៊ុលត្រាវីយ៉ូឡេ​​ពិត​ជា​អាច​សម្លាប់​មេរោគ​បានពិតមែន ប្រសិនបើ​គេ​ចាំង​លើ​វា​ក្នុង​ចម្ងាយជិត និង​ក្នុងរយៈពេលយូរ ក៏ប៉ុន្តែ កាំរស្មីអ៊ុលត្រាវីយ៉ូឡេ​ដែល​មាន​កម្លាំង​ខ្លាំង​រហូត​អាច​សម្លាប់​មេរោគ​បាននេះ​ក៏​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ផងដែរ ជាពិសេស ប៉ះពាល់​ដល់​ស្បែក។

អ្នកជំនាញ​ខាង​សុខាភិបាល​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា កាំរស្មីអ៊ុលត្រាវីយ៉ូឡេ​​ធម្មជាតិ​ដែល​ចាំងចេញ​ពី​ព្រះអាទិត្យ មិនមាន​កម្លាំង​គ្រប់គ្រាន់ ដែល​អាច​សម្លាប់​មេរោគ​បាននោះទេ គឺ​ទាល់តែ​ប្រើ​កាំរស្មី​អ៊ុលត្រាវីយ៉ូឡេ​សិប្បនិមិត្ត ដែល​ចាំងចេញ​ពី​អំពូល​អ៊ុលត្រាវីយ៉ូឡេ។

អង្គការ​សុខភាព​ពិភពលោក​វិញ​​បាន​ណែនាំ​យ៉ាង​ច្បាស់ៗ​ថា គេ​មិន​ត្រូវ​ប្រើ​អំពូល​អ៊ុល​ត្រាវីយ៉ូឡេ​ ដើម្បី​សម្លាប់​មេរោគ​នៅលើ​ស្បែក​របស់​មនុស្ស​នោះទេ ពីព្រោះ​ថា កាំរស្មី​នេះ​អាច​ប៉ះពាល់​ដល់​ស្បែក​របស់​មនុស្ស។  

ក្លរ

គេ​អាច​ប្រើ​ក្លរ​ដើម្បី​សម្លាប់​មេរោគ ប្រសិនបើ​ប្រើ​វា​ដោយ​ត្រឹមត្រូវ។ អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​​ថា គេ​មិន​ត្រូវ​ក្លរ​ដោយផ្ទាល់​ទៅ​លើ​រូបរាងកាយ​របស់​មនុស្ស​នោះទេ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក ឬ​ច្រមុះ ជាដើម។ ម្យ៉ាងវិញ​ទៀត ក្លរ​នេះ​អាច​ប្រើ​សម្លាប់​មេរោគ​កូរ៉ូណា​ដែល​នៅ​ខាង​ក្រៅ​ខ្លួន​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​មេរោគ​ឆ្លង​ទៅ​ក្នុង​រាងកាយ​ហើយ គេ​មិន​អាច​ប្រើ​ក្លរ​នេះ​ទៅ​កម្ចាត់​មេរោគ​បាននោះទេ។

ដូចគ្នា​ដែរ គេ​អាច​ប្រើ​អាល់កុល​ ដើម្បី​​សម្លាប់​មេរោគនៅ​ខាង​ក្រៅបាន (ដូចជា​ការ​ប្រើ​អាល់កុល​លាងដៃ​ ជាដើម) ក៏ប៉ុន្តែ ការប្រើ​អាល់កុល​លាបខ្លួន ឬ​ផឹក​អាល់កុល ​មិន​អាច​សម្លាប់​មេរោគ​នៅ​ក្នុងខ្លួនបាននោះទេ គឺ​មានតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទៅវិញ។

អង្គការ​សុខភាពពិភពលោកថា បាញ់​ជាតិ​អាល់កុល ឬ​ក្លរ​ ពាសពេញ​លើ​ខ្លួន​មិន​អាច​សម្លាប់​មេរោគ​ ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​រួចហើយ​បាន​ទេ
អង្គការ​សុខភាពពិភពលោកថា បាញ់​ជាតិ​អាល់កុល ឬ​ក្លរ​ ពាសពេញ​លើ​ខ្លួន​មិន​អាច​សម្លាប់​មេរោគ​ ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​រួចហើយ​បាន​ទេ © who.int

ក្រសួង​សុខាភិបាល​អូស្ត្រាលី ក៏​ដូចជា មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​របស់​អាមេរិក ​បាន​ចេញ​សេចក្តីណែនាំ​មួយ​បញ្ជាក់ថា គេ​អាច​ប្រើ​ក្លរ​ដើម្បី​សម្អាត​ឧបករណ៍​ប្រើប្រាស់ ឬ​ក៏​អាច​ប្រើ​ដើម្បី​សម្លាប់​មេរោគ​នៅ​ក្នុង​ប្រភព​ទឹកមួយ​ចំនួន ដូចជា អាងហែល​ទឹកជាដើម។

សីតុណ្ហភាព​ខ្ពស់

យោងតាម​អង្គការ​សុខភាព​ពិភពលោក មេរោគកូរ៉ូណា​ដែល​បង្ក​ឲ្យ​មាន​ការ​រាតត្បាត ​ជំងឺសារស៍ (SARS) កាល​ពី​ឆ្នាំ​២០០២-២០០៣ កន្លងទៅ ត្រូវ​ស្លាប់​នៅ​ក្នុង​សីតុណ្ហភាព​ក្តៅ​ចាប់ពី ៥៦អង្សារ​ឡើងទៅ។ ក៏ប៉ុន្តែ ចំពោះ​មេរោគ​កូរ៉ូណា​ថ្មី​ (កូវីដ១៩) នេះ​វិញ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​វាពិត​ជា​ត្រូវ​ស្លាប់​ក្នុង​សីតុណ្ហភាព​​ចាប់​ពី ៥៦អង្សារ ដូច​ករណី​ជំងឺ​សារស៍​ដែរ​ឬ​ក៏​យ៉ាងណា។ ដោយសារ​តែ​នេះ​ជា​មេរោគ​ថ្មី ហើយ​ដែល​គេ​នៅមិនទាន់​បាន​សិក្សា​ច្បាស់លាស់​នៅឡើយ ដូច្នេះ គ្មាន​ភស្តុតាង​ណា​មួយ ដែល​អាច​បញ្ជាក់​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​​ច្បាស់លាស់​នៅឡើយទេ អំពី​ការ​ធន់នឹង​សីតុណ្ហភាព​ដោយ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ