អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ ibuprofène មានគុណសម្បត្តិនិង អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងណា ?

សំឡេង ១០:៣៦
ប្រអប់ថ្នាំAdvil លេខ400mg
ប្រអប់ថ្នាំAdvil លេខ400mg © RFI

កាលពីថ្ងៃទី ១៤ មីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានផ្តល់សារដាស់តឿន ឱ្យប្រជាពលរដ្ឋបារាំងប្រុងប្រយ័ត្ន​ចំពោះការប្រើប្រាស់ពពួក L'ibuprofène ថ្នាំប្រឆាំងនឹងការរោលរលាក ក្នុងបរិបទ​នៃ​ការ​រីករាលដាល​នៃ​មេរោគកូរ៉ូណាថ្មី។ ថ្នាំប្រភេទនេះ ជាប់ចោទតាំងពីយូរមកហើយ ថាជាហានិភ័យបង្កឱ្យមានផលវិបាកខ្លាំង ធ្វើឱ្យជំងឺបង្ករោគធ្លាក់ធ្ងន់ធ្ងរ។ ផលប៉ះពាល់របស់​ពពួកថ្នាំនេះ មិនមែនទើបដឹង ឬពាក់ព័ន្ធ តែនឹងវិបត្តិកូរ៉ូណាវីរុសថ្មីនេះទេ។ 

ផ្សាយពាណិជ្ជកម្ម

ពពូកថ្នាំ l'ibuprofène ដែល​សាធារណជនទូទៅ ស្គាល់ និង​ប្រើច្រើន ព្រមទាំង​អាច​រក​ទិញបានដោយគ្មានវេជ្ជបញ្ជា ជាប់ចោទ​ថាជា​ថ្នាំ​ដែល​អាច​បង្ក​ឱ្យមានការបង្ករោគធ្ងន់ធ្ងរ។ ភ្នាក់ងារឱសថបារាំង បានទាញ​សញ្ញាអាសន្ន​តាំងពី​ឆ្នាំ ២០១៩ អំពី​គ្រោះហានិភ័យនៃពពួកថ្នាំ ក្នុង​ចង្កោមគ្រួសារ ថ្នាំប្រឆាំងនឹង​ការរលាក។ ក្នុងរយៈពេលអង្កេតសិក្សា ១៨ឆ្នាំ ពី ឆ្នាំ ២០០០ដល់ឆ្នាំ ២០១៨ ភ្នាក់ងារ​សម្គាល់ឃើញមានអ្នកជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ចំនួន ៣៣៧ករណី ក្នុងនោះ ៣២នាក់បានស្លាប់ ដោយសារបានប្រើថ្នាំ​ពពួកibuprofène អ៊ីបុយប្រូហ្វែននេះ​ និង​៤៦ករណី ក្នុង​១០ករណីបានស្លាប់ដោយសារប្រើថ្នាំ kétoprofène ប្រភេទថ្នាំប្រឆាំងនឹងការរលាកមួយក្រុមទៀត ក្នុង​ចង្កោមគ្រួសារតែមួយ។

ការអង្កេតរបស់ភ្នាក់ងារបារាំង ហាក់បង្ហាញ​ឱ្យ​ឃើញ​​អំពី​តួនាទី​របស់​ថ្នាំ​អ៊ីប៊ុយប្រូហ្វិន ថា​ជាអ្នក​ធ្វើ​ឱ្យជំងឺ “បង្ករោគ” ធ្លាក់ធ្ងន់ធ្ងរ​ខ្លាំង​ពិសេស បើ​ជំងឺ​នោះបង្កឡើង​ដោយ​មេរោគ streptocoque។ ភ្នាក់ងារបារាំង បានជូនដំណឹង​ទៅសមភាគី​អឺរ៉ុប​ភ្លាមអំពី​​បញ្ហា​នេះ។

សូម​បញ្ជាក់ថា ការសិក្សា​របស់​ភ្នាក់ងារ​ឱសថបារាំង ផ្តោតការតាមដានជាពិសេស​ទៅ​លើ​អ្នកជំងឺ ជា​កុមារ និង​មនុស្សពេញ​វ័យ តែ​នៅ​ក្មេង ដែល​ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់ តែគ្មាន​ប្រវត្តិ​ជំងឺពីមុន គ្មានកត្តាហានិភ័យអ្វីគួរឱ្យកត់សម្គាល់ ដួច​យ៉ាង​ខ្យោយប្រព័ន្ធការពារ​ក៏​គ្មាន។ ​ជំងឺ​របស់​ពួកគេស្រាប់​តែ​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង ដែល​ជំរុញឱ្យ​ស្លាប់ ឱ្យ​ដឹកទៅចូលដេក​ពេទ្យ​ និង​ផលវិបាកជាប់ខ្លួននៅពេល​ជា​ទៅវិញ បើតាមការ​អង្កេត គឺ​ទំនង​បណ្តាលមកពីមាន​ប្រើ​ថ្នាំ​ពពួក អ៊ីប៊ុយប្រូហ្វេន។

ការ​បង្ក​រោគ​ដែល​មាន​កើត​ញឹកញាប់ជាងគេ គឹ​ជំងឺបង្ករោគ​នៅលើ​ស្បែក នៅលើ​ជាលិកាទន់ៗ ពី​សំណាក់ពួក​មេរោគ​ប្រភេទ ស្ត្រិបតូកុក streptocoque ដែល​គេ​ដាក់ឈ្មោះ​ក្រៅ​ថា​ពួកបាក់តេស៊ីសាច់ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់ ឬបាត់បង់សរីរាង្គណាមួយ ដូច​យ៉ាង​អវៈយវៈជា​ដើម។ ពពួក​ថ្នាំ​អ៊ីប៊ុយប្រូហ្វិន ក៏​អាច​ជំរុញ​ឱ្យជំងឺ​រលាក​សួត បូសនៅខួរក្បាល ឬ​ជំងឺ​នៅច្រមុះ​ត្រចៀកបំពង់ក ដែល​ធ្ងន់ស្រាប់​ឱ្យ​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង។

ជំងឺ​បង្ក​រោគ​ដែល​បណ្តាលមកពី​បាក់តេរី ពីរប្រភេទ គឺ streptocoqueឬ pneumocoque ឆាប់​ធ្លាក់ធ្ងន់ធ្ងរ​ខ្លាំង តែពីរឬ​បី​ថ្ងៃក្រោយ​ពី បាន​ទទួលទាន​​ថ្នាំ​ពពួកអ៊ីប៊ុយប្រូហ្វិន។ ទោះបី​គេ​ប្រើ​ បូកជាមួយថ្នាំ​ផ្សះក៏ដោយ ក៏​អ៊ីប៊ុយប្រូហ្វេន ​អាចបិទ​បាំង​មិន​ឱ្យ​គេ​បាន​ឃើ​ញ​អំពីស្ថានភាព​បង្ករោគ​របស់​មីក្រុប​បានដែរ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​បារាំង​ដដែល។​ ហេតុដូច្នេះ ហើយ​បាន​ជា​អ្នក​ជំនាញ​សុខភាពជា​ច្រើន ​បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ចាត់​ពពួក​ថ្នាំនេះ ជា​ប្រភេទ​ថ្នាំ​ដែល​អាច​លក់​ទិញ​បាន​ នៅ​ពេលតែ​មាន​វេជ្ជបញ្ជា។ តែ​នៅ​ទី​បំផុត ដោយផ្អែក​លើ​លទ្ធផល​អង្កេតនេះ នៅថ្ងៃទី ១៥មករា ២០២០ អាជ្ញាធរសុខាភិបាលបារាំង បាន​ផ្តល់សេចក្តីសម្រេចត្រឹម​ហាមមិនឱ្យ​ឱសថស្ថានបារាំង ដាក់លក់​ថ្នាំពពួកប្រឆាំងនឹងការរលាក​ibuprofène ដូចជា Nurofenឬ Advil ដែល​គេស្គាល់ខ្លាំងជាងគេ តាំងនៅលើរានក្បែរដៃអ្នកទិញទេ។ ពពួកថ្នាំប្រភេទនេះ ព្រមទាំង​ថ្នាំប៉ារ៉ាសេតាម៉ុល ឬ​ដូលីប្រាន ត្រូវ​ដាក់​តាំងនៅពីក្រោយខ្នង អ្នកលក់ទាំងអស់។ គេនៅ​តែអាច​រកទិញ​ថ្នាំ​នេះ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជាដដែល គ្រាន់តែ​​អ្នក​ទិញ​មិនរើសយក​ស្រេច​តែ​ចិត្ត​រួច​ទៅ​គិត​លុយដូចមុន។ បើ​ចង់ទិញ​ត្រូវប្រាប់​ទៅ​ឱសថការី ទើបឱសថការី​ហុច​ឱ្យ​និង​ប្រាប់​ពី​របៀបប្រើប្រាស់​ជា​ថ្មី។

ជាមួយ​បម្រាមនេះ ភ្នាក់ងារ​បាន​បន្ថែម​ការ​ណែនាំ​ឱ្យ​អ្នក​ប្រើប្រាស់​ថ្នាំ​ទាំង​អស់ ឱ្យ​ជ្រើសរើស​ព្យាបាល​ខ្លួន ដោយ​​ប្រើ​ត្រឹម​តែ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល បាន​ហើយ បើ​មាន​ករណី​ក្តៅ​ខ្លួន ឈឺដរ អប​ដោយអាការៈឈឺក ឬក្អក។ ហើយ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​នេះផ្ទាល់ ក៏ត្រូវលេប​ដោយ​គោរព​ក្បួនខ្នាត​ប្រើប្រាស់​។ ថ្នាំ​ជា​អាវុធមុខ​ពីរ ការ​ប្រើជ្រុលហួសហេតុអាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ថ្លើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ