អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖អាជ្ញាធរថ្នាក់ក្រោមជាតិបង្កើតក្រុមការងារដើរស្រង់ឈ្មោះពលរដ្ឋខ្មែរដែលមកពីក្រៅប្រទេស

អាជ្ញាធរថ្នាក់ក្រោមជាតិបង្កើតក្រុមការងារដើរស្រង់ឈ្មោះពលរដ្ឋខ្មែរដែលមកពីក្រៅប្រទេស
អាជ្ញាធរថ្នាក់ក្រោមជាតិបង្កើតក្រុមការងារដើរស្រង់ឈ្មោះពលរដ្ឋខ្មែរដែលមកពីក្រៅប្រទេស © សហការី

បន្ទាប់ពី​ពល​ករ​ខ្មែរ​រាប់ពាន់​នាក់​សម្រុក​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នាប៉ុន្មាន​ថ្ងៃ​មកនេះ អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ​បាន​បង្កើត​ក្រុម​ការងារ​របស់​ខ្លួន​ដើម្បី​ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ថៃ​។ ចំណាត់ការនេះ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​​មុខ​សញ្ញាជនសង្ស័យ​ដែល​មាន​ឆ្លង​ជំងឺ​កូវីដ១៩ ឲ្យ​នៅដាច់​ដោយ​ឡែក​ពីគេ​១៤​ថ្ងៃ ខណៈ​អាជ្ញាធរ​​មិន​អាច​ត្រួត​ពិនិត្យ​បាន​ល្អិត​ល្អន់​នៅតាម​ច្រក​ព្រំដែន។

ផ្សាយពាណិជ្ជកម្ម

ផ្តើម​ចេញ​ពី​ខេត្ត​សៀមរាប រដ្ឋបាល​ក្រុង​ទេសចរណ៍មួយ​នេះ​ បានបង្កើត​ក្រុម​ការងារ​សរុប​ជាង​១០០​នាក់​ ចុះស្រង់ស្ថិតិពលករត្រឡប់មកពីក្រៅប្រទេសនៅក្នុងសង្កាត់ទាំង១២ ​របស់​ក្រុងសៀមរាប ដោយមួយ​ក្រុមៗ​មានគ្នាពី៨ទៅ១១នាក់។ ក្រៅពីក្រុង​សៀមរាប នៅតាម​ស្រុក​នីមួយ​នៃ​ខេត្ត​សៀមរាប​ក៏ត្រូវបាន​បង្កើត​ក្រុម​ការងារ​ដូចគ្នានេះដែរ​ដោយ​មួយក្រុមៗមានគ្នាប្រមាណ១០​ដើម្បី​ដើរ​ស្រង់​ឈ្មោះ​មនុស្ស​ដែល​មក​ពី​​ក្រៅ​ប្រទេស​ជាពិសេសពលករខ្មែរ​ដែល​មកពីប្រទេសថៃនៅពេល​ថ្មីៗនេះ។ ចំណែក​សមត្ថកិច្ចនៅខេត្ត​កំពតវិញ​ក៏បានដើរ​ស្រង់​ឈ្មោះ​ពលករ​ខ្មែរ​ដែល​មកពីប្រទេស​ថៃ​នេះផងដែរ​ដើម្បី​ស្វែង​រក​មុខ​សញ្ញា​ជន​សង្ស័យ​ណាដែលឆ្លង​ជំងឺកូវីដ១៩ ឲ្យ​នៅដោយឡែកពីគេ។

បញ្ហាកូវីដ១៩នេះ ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរថៃ​បិទ​ព្រំ​ដែន​ជាមួយ​កម្ពុជា បានញាំងឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១ម៉ឺន​៥ពាន់​នាក់ បាន​វិល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃទី២៣ ខែ​មីនា​។ បើតាម​​លោក ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ អាជ្ញាធរកម្ពុជានៅតាម​ព្រំដែន​មិនមានលទ្ធភាពពិនិត្យសុខភាពរបស់ពលករត្រឡប់មកពីប្រទេសថៃវិញ ឱ្យបានដិតដល់នោះទេ ទើបលោកស្នើសុំគោលការណ៍ពីនាយករដ្ឋមន្ត្រី ឲ្យ​មាន​មន្ត្រី​សុខាភិបាល​ទៅពិនិត្យសុខភាពពួកគេនៅតាមភូមិនីមួយៗ។ ហើយប្រសិនបើ​រក​ឃើញ​ករណី​កើត​មាន​ជំងឺកូវីដ១៩​នៅភូមិណាមួយ២ឬ៣ករណី គឺអាចឈានទៅបិទការចេញចូលបណ្តោះអាសន្ននៅភូមិនោះ​តែ​ម្តង​។ នេះជាការលើករបស់​លោក ស ខេង កាលពីថ្ងៃទី២៤​មីនា។

ទោះជាយ៉ាងណា បើតាមរដ្ឋ​មន្ត្រី​មហាផ្ទៃដដែល កម្ពុជាមិនទាន់មានវិធានការចាប់បង្ខាំងមនុស្សទុក ដូចនៅតាមបណ្តាប្រទេសផ្សេងនោះឡើយ ប៉ុន្តែកម្ពុជានៅប្រើវិធានការអំពាវនាវជាមុនសិន តាម​រយៈ​ការ​ឃោសនា​តាម​មេក្រូ ដើម្បីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋពីវិធានការ​បង្កា និង​ការ​ដាក់​ខ្លួន​ឯង​នៅដាច់​ដោយ​ឡែក​ពីគេ​១៤​ថ្ងៃ​សម្រាប់​ពលករដែល​មកពីក្រៅ​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ