អានតួអត្ថបទ
កម្ពុជា សង្គម

ក្រោយឆ្នាំ១៩៩៣ កម្ពុជាពុំធ្លាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះឡើយ

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន កាល​ពីថ្ងៃទី ២៥ មីនា បាន​ប្រកាស​ថា លោក​កំពុង​ពិចារណា​ស្នើ​សុំ​ព្រះ​មហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ គោល​ដៅ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។ តើ​កម្ពុជា​ធ្លាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នេះ ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

កម្ពុជាចាប់ពីសម័យក្រោយការបោះឆ្នោតឆ្នាំ១៩៩៣មក គឺពុំធ្លាប់សោះឡើយ ក្នុងការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ ក៏ប៉ុន្តែនៅមុនឆ្នាំ១៩៩៣ ពោលគឺនៅឆ្នាំ១៩៧០ គឺនៅក្នុងសម័យសាធារណរដ្ឋខ្មែរ កម្ពុជាធ្លាប់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នម្តង។ គឺនៅក្នុងគ្រាដែលលោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី ១៨ មីនា ឆ្នាំ១៩៧០។ នេះបើតាមការកត់សំគាល់របស់លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា។ បើតាមសាស្ត្រាចារ្យរូបនេះ កាលណោះ រដ្ឋសភាជាតិកម្ពុជា បានបើកកិច្ចប្រជុំមួយ ដោយផ្តល់អំណាចពេញដៃទៅដល់សេនាប្រមុខ លន់ នល់ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយបានអនុញ្ញាតឲ្យពួកយោធាចាប់ខ្លួន និងហាមឃាត់សិទ្ធិជួបជុំរបស់ប្រជាពលរដ្ឋខ្មែរជាសាធារណៈ។

ដោយឡែកសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំបូរ ណារ៉ាណា វិញ បានចងចាំដែរថា កម្ពុជានៅអំឡុងឆ្នាំ១៩៤០ ពោលគឺនៅក្នុងសម័យអាណានិគមនិយមបារាំង ក៏ធ្លាប់ស្ថិតនៅក្នុងគ្រាអាសន្នផងដែរ។ កាលណោះ គឺធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនៅជំងឺអាសន្នរោគដ៏កាចសាហាវ។ បើតាមការរំលឹករបស់លោកសាស្ត្រាចារ្យ ប្រជាជនកម្ពុជាបានស្លាប់បាង់បង់ជីវិតស្ទើស្ងាត់ភូមិ ដោយសារតែជំងឺអាសន្នរោគ ក៏ប៉ុន្តែពេលនោះ គឺមិនមានការប្រកាសជាផ្លូវការនោះទេ។

គួរជំរាបជូនថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជានាឆ្នាំ២០២០នេះវិញ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ទើបតែបានប្រកាសថា លោកកំពុងពិចារណាថ្វាយសំណើរទៅកាន់ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន នោះប្រសិនបើការអំពាវនាវរបស់លោកមិនមានប្រសិទ្ធភាព។ បើតាមលោកនាយករដ្ឋមន្ត្រី សិទ្ធិស៊ីវិលមួយចំនួននឹងត្រូវបានរិតត្បិត តួយ៉ាងដូចជាមានការហាមឃាត់ការជួបជុំ ការហាមចេញពីផ្ទះ និងការហាមជាច្រើនទៀត តាមដែលអ្នកច្បាប់អាចពិនិត្យឃើញ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺជាការបង្ខាំងមនុស្សក្នុងទ្រង់ទ្រាយធំ ស្របនឹងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ គឺដើម្បីសង្គ្រោះជីវិតមនុស្សតែប៉ុណ្ណោះ។

យ៉ាងណាក្តី បើតាមការកត់សំគាល់របស់សាស្ត្រាចារ្យទាំងពីររូបខាងលើ ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងដោយប្រយ័ត្នប្រយែងបំផុត ដើម្បីទប់ទល់នឹងប្រតិកម្មពីមហាជន ខណៈដែលលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានពន្យល់នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី ២៦ មីនាថា ជាទូទៅការប្រកាសដាក់ប្រទេសមួយក្នុងគ្រាអាសន្ន គឺនៅក្នុងស្ថានភាពចាំបាច់តែប៉ុណ្ណោះ ក្នុងគោលដៅដើម្បីថែរក្សាផលប្រយោជន៍សាធារណៈជនទូទៅ ព្រោះថា ក្នុងការដាក់ប្រទេសក្នុងភាពអាសន្ននេះ គឺតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់កុំឲ្យមហន្តរាយកើតឡើង រួមមានដូចជា គ្រោះមហន្តរាយធម្មជាតិ គ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺឆ្លង និងការធ្វើវិទ្ធង្សនាជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ