អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ នៅកម្ពុជាអ្នកជាសះស្បើយមានចំនួន១០នាក់ ខណៈអ្នកឆ្លងកើនឡើងដល់៩៦នាក់

(រូបភាពតំណាង)
(រូបភាពតំណាង) REUTERS - STRINGER

គិតចាប់​តាំង​ពីមានករណី​ផ្ទុះ​ជំងឺ​កូវីដ​១៩​នៅកម្ពុជាចាប់​ពីខែមករា​មកដល់​ពេល​នេះ​គឺ​អ្នក​ដែល​ជាសះស្បើយ​ពីជំងឺនេះមានចំនួន១០នាក់ហើយ​ ខណៈ​ចំនួន​អ្នក​ឆ្លង​សរុប​បន្តកើន​ឡើង​ដល់​៩៦​នាក់។ យ៉ាងណាក៏ដោយចំនួន​អ្នក​ជាសះស្បើយ​ពីជំងឺនេះ អ្នកខ្លះ​ប្រើ​ពេល​ព្យាបាល​រយៈពេល​ខ្លីប៉ុណ្ណោះ តែអ្នកខ្លះទៀត​ប្រើ​ពេល​យូរនៅតែមិនទាន់​ជា​សះស្បើយ​នៅឡើយ។

ផ្សាយពាណិជ្ជកម្ម

អ្នក​ជាសះស្បើយ​ចំនួន១០​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៥​មីនានោះមាន ៣នាក់ នៅ​សង្កាត់ចាក់​អង្រែក្រោម រាជធានីភ្នំពេញ បន្ទាប់ពីបានធ្វើតេស្ត ២ដង អវិជ្ជមានទាំង ២ដង។ ​នៅខេត្ត​ត្បូងឃ្មុំ ជាសះស្បើយ​ ចំនួន៣ និងនៅខេត្ត​បាត់ដំបង​ចំនួន​២នាក់ ​ដែល​សុទ្ធសឹងជាពលរដ្ឋ​ខ្មែរ​(ឥស្លាម)។

ដោយ​ឡែក​ជន​បរទេស​ចំនួន​ពីរ​នាក់​ទៀត ដែល​ជាសះស្បើយ​ពីជំងឺ​កូវីដ១៩​ដែរ​នោះ គឺបុរសជនជាតិចិន​​នៅខេត្ត​ព្រះ​សីហនុ​ដែល​ត្រូវបាន​ឲ្យ​វិលត្រឡប់ទៅ​ស្រុក​ចិនវិញ និង​ស្រ្តី​ចំណាស់​ជនជាតិ​អង់គ្លេស​​​ ជាអ្នកដំណើរលើលនាវា Viking Cruise Journey ដែលចូល​ចតនៅខេត្តកំពង់ចាម។ នេះបើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅយប់​ថ្ងៃទី២៥មីនានេះ។

យ៉ាងណាក៏ដោយចំនួន​អ្នក​ជាសះស្បើយ​ពីជំងឺនេះ អ្នកខ្លះ​ប្រើ​ពេល​ព្យាបាល​រយៈពេល​ខ្លីប៉ុណ្ណោះ តែអ្នកខ្លះទៀត​ប្រើ​ពេល​យូរនៅតែមិនទាន់​ជា​សះស្បើយ​នៅឡើយ។ ករណី​បុរស​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀមរាប​​ដែល​ឆ្លងកូវីដ១៩​ពីជនជាតិជប៉ុន​នោះ នៅមិនទាន់​ជាសះស្បើយ​នៅឡើយ បន្ទាប់ពីដាក់​ឲ្យ​សម្រាក​ព្យាបាលតាំងពីថ្ងៃ​ទី៧មីនាមកនោះ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ថ្លែងថា​មូលហេតុ​ដែល​បុរស​រូបនេះ​ប្រើ​ពេល​ព្យាបាលយូរ​ដោយ​សារតែ​គាត់​មានជំងឺរលាក​ថ្លើម​ប្រភេទ B ហើយថាបើ​តាម​ក្រុមគ្រូពេទ្យ​ដែល​ធ្លាប់​ព្យាបាល​នៅ​ចិន ​ករណីបែប​នេះគឺអាចប្រើពេលរហូត​ដល់​៣០​ថ្ងៃ​។

សូមបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី២៥​មីនា នៅកម្ពុជា ករណីឆ្លងជំងឺកូ​វីដ​១៩​នេះ គឺមានពលរដ្ឋខ្មែរ៣៨នាក់ (ភាគច្រើន​ខ្មែរឥស្លាម) បារាំង​៣៦នាក់ ម៉ាឡេស៊ី​១២នាក់ អង់គ្លេស៥នាក់ អាមេរិក​២នាក់ ចិន​១នាក់ កាណាដា១នាក់ និង​ប៊ែល​ហ្សិក១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ