អានតួអត្ថបទ
កូវីដ១៩-ពិតឬក្លែងក្លាយ?

ផឹកទឹកក្តៅលាយក្រូចឆ្មារពិតជាអាចជួយការពារខ្លួនពីកូវីដ១៩បាន?

វីដេអូ​ដែល​អះអាង​ថា ទឹកក្តៅ​លាយ​ចំណិតក្រូចឆ្មារ​អាច​ជួយការពារ​ពី​មេរោគ​កូវីដ១៩ តែ​តាមពិត​ជា​ព័ត៌មានក្លែងក្លាយ
វីដេអូ​ដែល​អះអាង​ថា ទឹកក្តៅ​លាយ​ចំណិតក្រូចឆ្មារ​អាច​ជួយការពារ​ពី​មេរោគ​កូវីដ១៩ តែ​តាមពិត​ជា​ព័ត៌មានក្លែងក្លាយ © schreenshot/Facebook

នៅ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ មាន​វីដេអូ​មួយ​ត្រូវ​បាន​គេ​ចែកចាយ​តៗគ្នា​​យ៉ាងសកម្ម​តាម​បណ្តាញ​សង្គម។ សារ​នៅ​ក្នុង​វីដេអូ​នោះ​អះអាង​ថា ផឹកទឹកក្តៅ​លាយ​ចំណិត​ក្រូចឆ្មារ​អាច​ជួយ​ជីវិត​អ្នក​ពី​កូវីដ១៩​បាន។ អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​​បានពន្យល់​ថា ការអះអាង​ខាង​លើ​នេះ​មិនត្រឹមត្រូវ​នោះទេ។ លើស​ពីនេះ​ទៅទៀត វីដេអូ​នេះ​ក៏​មាន​ចំណុច​មិនប្រក្រតី​ច្រើន​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វីដេអូ ដែលគេ​ចែកចាយ​តៗគ្នា ជាពិសេស តាមរយៈ Facebook Messenger មាន​សំឡេង​អត្ថាធិប្បាយ​ជា​ភាសាខ្មែរ ពីលើ​សំឡេង​ដើម​ជា​ភាសាអង់គ្លេស។ ម្ចាស់សំឡេង​អះអាង​ថា ខ្លួនឈ្មោះ « Jiao Shenme Minzi » មក​ពី​ប្រទេស​ចិន ហើយ​ជា​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈ្មោះ « Zanjan University »។ ក្រៅពី​បាន​រៀបរាប់​ពី​សារៈសំខាន់​នៃ​វីតាមីនសេ និង​ដើមកំណើត​នៃ​មេរោគកូវីដ១៩ ម្ចាស់សំឡេង​បានលើកឡើង​ពី​ការណែនាំ​របស់​សាស្ត្រាចារ្យម្នាក់ ឈ្មោះ Chen Horin ដែល​ថា « ទឹកក្តៅ​លាយ​ជាមួយ​នឹង​ចំណិត​ក្រូចឆ្មារ​អាច​សង្គ្រោះជីវិត​អ្នកបាន » ហើយ​ថា « ក្រូចឆ្មារក្តៅ​អាច​ជួយ​សម្លាប់​មេរោគ​នៅ​ក្នុង​ខ្លួនអ្នក »។

តាមការពិត សារ​ស្រដៀងគ្នា​នេះ ធ្លាប់​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាងទូលំទូលាយ​ តាំង​ពី​ចុងខែ​កុម្ភៈ​មកម៉្លេះ ដោយ​កាលណោះ​ចែកចាយ​ក្នុងទម្រង់​ជា​អត្ថបទ តាម​ហ្វេសប៊ុក។ ការអះអាង​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ឆ្លងកាត់​នូវ​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ ដោយ​សារព័ត៌មាន​ធំៗ​ជាច្រើន​រួចមកហើយ​ដែរ រួមមាន​ដូចជា BBC, AFP Fact Check (ភាសាអង់គ្លេស) និង AFP Factuel (ភាសាបារាំង) ជាដើម ដោយ​គេ​បាន​រកឃើញ​ថា​វា​ជា​ព័ត៌មាន​ក្លែងក្លាយ។

សារជា​វីដេអូ ដែល​គេ​នាំគ្នា​ចែកចាយតៗគ្នា នៅ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ ក៏​ត្រូវ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ និង​កំណត់​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ ដោយ​​សារព័ត៌មាន​អាមេរិក POLITIFACT

ជា​បឋម គេ​គួរ​ពិនិត្យ​មើល​ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​សារនេះ៖

  • ម្ចាស់សំឡេង​អះអាង​ថា​ខ្លួន​​មក​ពី​ចិន ​ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​ Zanjan University។ ក៏ប៉ុន្តែ នៅ​ចិន គ្មានសកលវិទ្យាល័យ​ឈ្មោះនេះទេ។ មានតែ​សកលវិទ្យាល័យ​ Zanjan University នៅ​អ៊ីរ៉ង់។
  • ម្ចាស់សំឡេង​អះអាង​ថា​ខ្លួន​ ឈ្មោះ « Jiao Shenme Minzi » ក៏ប៉ុន្តែ សូម្បីតែ​នៅ​ក្នុង​បញ្ជីឈ្មោះ​សាស្ត្រាចារ្យ​ផ្នែក​​វេជ្ជសាស្ត្រ​ នៃ​សកលវិទ្យាល័យ Zanjan University នៅ​អ៊ីរ៉ង់នោះ ក៏​គ្មាន​ដែរឈ្មោះ « Jiao Shenme Minzi »។ តាមការពិត បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់​ទៅ គេឃើញ​ថា « Jiao Shenme Minzi » នេះ​មាន​សំនៀងស្រដៀងគ្នា​នឹង​ឃ្លា​ជា​ភាសា​ចិន​ថា « តើអ្នកឈ្មោះអ្វី ? » ទៅវិញ។
  • ទាក់ទង​នឹង​ប្រសិទ្ធភាព​នៃ​ក្រូចឆ្មារ ម្ចាស់​សំឡេង​បាន​ដកស្រង់​សម្តី​របស់​សាស្ត្រាចារ្យ Chen Horin ដោយ​អះអាង​ថា ជា​អគ្គនាយក​នៃ​មន្ទីរពេទ្យ​យោធា​នៅ​ទីក្រុង​ប៉េកាំង។ ក៏ប៉ុន្តែ AFP Fact Check បានឲ្យ​ដឹង​ថា ខ្លួន​បាន​​ស្វះស្វែងរក​យ៉ាងណា ក៏​រក​​​មិនឃើញ​ដែរ​សាស្ត្រាចារ្យឈ្មោះនេះ។ ផ្ទុយ​ទៅវិញ ឈ្មោះ Chen Horin នេះ ធ្លាប់​ត្រូវ​បានគេ​ឃើញ​មាន​ជាប់​ទាក់ទង​នឹង​ព័ត៌មាន​ក្លែងក្លាយ​មួយ​ចំនួន​រួចមកហើយ​ កាល​ពី​ពេលកន្លងមក ជាពិសេស ព័ត៌មាន​ក្លែងក្លាយ ដែល​អះអាង​ថា ក្រូចឆ្មារជួយ​ព្យាបាល​មហារីក។
សាររបស់​អង្គការ​សុខភាព​ពិភពលោក ដែលច្រានចោល​ព័ត៌មាន​ថា ក្រូចឆ្មារ​អាច​ជួយការពារ​ពី​មេរោគកូវីដ១៩
សាររបស់​អង្គការ​សុខភាព​ពិភពលោក ដែលច្រានចោល​ព័ត៌មាន​ថា ក្រូចឆ្មារ​អាច​ជួយការពារ​ពី​មេរោគកូវីដ១៩ © who.int

អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំថា ថ្វីដ្បិតតែ​ការទទួល​ទាន​បន្លែ និង​ផ្លែឈើ​ច្រើន​ពិត​ជា​អាច​ជួយ​ពង្រឹងសុខភាពបាន​ជា​លក្ខណៈទូទៅ ក៏ប៉ុន្តែ គ្មាន​ភស្តុតាង​ណាមួយ ដែល​អាច​បញ្ជាក់​តាម​លក្ខណៈវិទ្យាសាស្ត្រ​ថា ក្រូចឆ្មារអាច​ជួយ​ការពារ​ពី​មេរោគ​កូវីដ១៩​បាននោះទេ។

ដូច្នេះ សារវីដេអូ​ដែល​គេ​កំពុងតែ​ចែកចាយ​តៗគ្នា ដែល​អះអាង​ថា ទឹកក្តៅលាយ​ចំណិតក្រូចឆ្មារ​អាច​ជួយ​ការពារខ្លួន​ពី​មេរោគ​កូវីដ១៩​បាន​នេះ គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ