អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ស្ថានទូតកម្ពុជា៖ក្នុងពេលដាក់ប្រទេសក្នុងភាពអាសន្ន ថៃអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅលើសពេលកំណត់

ពលករខ្មែរដែលបានធ្វើចំណាកស្រុក
ពលករខ្មែរដែលបានធ្វើចំណាកស្រុក © Internet

នៅ​ថ្ងៃទី២៦ ខែមីនា​នេះ ថៃ​បាន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដោយ​សារ​តែ​ការ​វាយ​លុក​របស់​ជំងឺ​កូវីដ-១៩។ ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ថៃ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​ឡើយ​ដែល​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​ជាប់​នៅ​ថៃ​។ ប្រឈម​នឹង​បញ្ហា​នេះ ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ជូន​ដំណឹង​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ស្នាក់​នៅ​ព្រោះ​ថៃ​អនុញ្ញាត​ឱ្យ​ស្នាក់​លើស​ពេល​កំណត់​បាន​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីជូនដំណឹងមួយនៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានប្រកាសប្រាប់ដល់ពលករខ្មែរដែលទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារអស់សុពលភាពថា ក្រសួងការងារថៃនឹងបន្តឱ្យស្នាក់នៅជាបណ្តោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពោល គឺលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងករណីពលករខ្មែរត្រូវការធ្វើការងារបន្ត ត្រូវឱ្យនិយោជកបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូ​តដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

សូមជម្រាបជូនថា រដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នចាប់ពីថ្ងៃទី២៦ ខែ​មីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ។ ការដាក់ប្រទេសក្នុងភាពអាសន្ននេះ គឺអាជ្ញាធរថៃមិនអនុញ្ញាតឱ្យមានការចេញចូលឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃឡើយ។ ហេតុដូច្នេះហើយ ទាំងពលករខ្មែរ និងជនជាតិខ្មែរដែលទៅទេសចរណ៍នៅប្រទេសថៃពុំអាចចាកចេញមកកម្ពុជាបានទេ។ ចំពោះអ្នកទេសចរខ្មែរ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃក៏បានមានចំណាត់ការជួយដល់ពួកគេផងដែរ។

តាមរយៈសេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀត ស្ថានទូតកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋខ្មែរដែលចូលទៅប្រទេសថៃជាប្រភេទទេសចរណ៍ អាចស្នើសុំបន្តការស្នាក់នៅនៅប្រទេសថៃបានរយៈពេល៣០ថ្ងៃ។ បើតាមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ប្រជាពលរដ្ឋខ្មែរដែលមានបំណងបន្តការស្នាក់នៅនៅថៃត្រូវស្នើសុំលិខិតបញ្ជាក់ពីស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឫស្ថានអគ្គកុងស៊ុលនៅខេត្តសាកែវបាន។

គួរបញ្ជាក់ឱ្យដឹងថា មុនថៃប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននេះ ពលករខ្មែរនៅថៃជាច្រើនពាន់នាក់បានសម្រុកចូលមកប្រទេសកម្ពុជាវិញ។ គិតមកដល់ថ្ងៃទី២៦ ខែមីនានេះ ពលករខ្មែរចំនួនជាង៤ម៉ឺននាក់ហើយបានចូលមកដល់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកឧបនាយករដ្ឋមន្រ្តីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ