អានតួអត្ថបទ
កូវីដ១៩ សេដ្ឋកិច្ច

ADB​៖​សេដ្ឋកិច្ចកម្ពុជា​នឹង​ខាត​បង់​ជិត​៤០០​លាន​ដុល្លារ​ដោយ​សារ​កូ​វីដ​១៩​

ទីក្រុងភ្នំពេញជាមណ្ឌលពាណិជ្ជកម្មចម្រុះ
ទីក្រុងភ្នំពេញជាមណ្ឌលពាណិជ្ជកម្មចម្រុះ © RFI

ធនាគារអភិវឌ្ឍអាស៊ី​ហៅ​កាត់​ថា​ADB បានព្យាករណ៍នៅពេលថ្មីៗនេះថា​ ដោយ​សារតែ​ការ​ផ្ទុះឡើង​នៃជំងឹ​កូវីដ១៩​នៅឆ្នាំនេះ​ នឹង​បណ្តាលឲ្យ​សេដ្ឋកិច្ច​កម្ពុជាខាត​បង់​គិត​ជាទឹក​ប្រាក់​ជាង​៣៩០​លាន​ដុល្លារ។​ ការខាត​បង់​សេដ្ឋកិច្ច​នៅឆ្នាំ​នេះ​មិនមែន​កើត​មានតែកម្ពុជាទេ គឺបណ្តាប្រទេស​ស្ទើទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​ជួប​នឹង​វិបត្តិ​ដូចគ្នានេះដែរ​ដោយ​សារតែ​ជំងឺ​កូវីដ​១៩។

ផ្សាយពាណិជ្ជកម្ម

ទំហំខាតបង់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដោយសារតែ​ជំងឺកូវីដ១៩​នេះ​ នៅតូចជាងបណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន ខណៈដែលប្រជាជនកម្ពុជា​ក៏មានចំនួនតិចជាងប្រទេស​មួយចំនួននោះ។

បើតាម​ធនាគារអភិវឌ្ឍអាស៊ី​ហៅកាត់​ថា​ADB ប្រទេសថៃ​ដែល​មាន​ប្រជាជន​ជិត​៧០​លាននាក់​បាននាំមុខគេ​ក្នុង​ការ​ខាត​បង់​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​​រហូត​ដល់ជាង​៥,៦០១​លាន​ដុល្លារ ដែល​តាមពីក្រោយ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ីដែល​មាន​ប្រជាជន​ជាង២៧៣លាននាក់​នឹង​ខាត​បង់​​សេដ្ឋកិច្ច​ទំហំ២,២៦៣​លាន​ដុល្លារ​។

ចំណែក​ប្រទេស​សិង្ហបុរី​មាន​ប្រជាជន​ជិត​៦លាននាក់​និង​វៀតណាមមាន​ប្រជាជន​ជាង​៩៧​លាននាក់​នឹង​ត្រូវ​ខាត​បង់​ទំហំសេដ្ឋកិច្ច​ជាង​១ពាន់​លាន​ដុល្លារ​ដូចគ្នា ​ខណៈ​ម៉ាឡេស៊ី​មាន​ប្រជាជន​ជាង​៣២​លាននាក់នឹង​ខាត​បង់​ប្រមាណ​៨៣០​លាន​ដុល្លារ​ដោយ​សារតែ​ជំងឺ​កូវីដ១៩។​ រីឯប្រទេស​ឡាវ​ដែល​មាន​ប្រជាជនជាង​៧លាន​នាក់​នឹង​ខាត​បង់​សេដ្ឋកិច្ច​តែ​ជិត​៤០​លាន​ដុល្លារ ខណៈ​ប្រទេស​ប៊្រុយណេ​ដែល​មាន​ប្រជាជនតែជាង៤សែននាក់​នឹង​ខាត​បង់​ប្រមាណ​២៨​លាន​ដុល្លារ​ដោយ​សារតែ​ជំងឺ​កូវីដ​១៩។

​សម្រាប់​កម្ពុជា​ដែល​មាន​ប្រជាជន​ជាង​១៦​លាននាក់​ ផលវិបាក​នៃ​ជំងឺ​កូវីដ​១៩​នេះ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​ជាង​៣៩០​លាន​ដុល្លារ ខណៈ​ប្រមុខ​រដ្ឋាភិបាលបាន​អះអាងថា​កម្ពុជា​ត្រូវ​ត្រៀម​ថវិកា​បម្រុង​ពី​៨០០​ទៅ​២០០០លាន​ដុល្លារដើម្បី​​ឆ្លើយ​តប​នឹង​វិបត្តិជំងឺកូ​វីដ​១៩។

យោងតាម​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃទី ២៣ មីនា ជំងឺកូវីដ១៩នេះ នឹង​បំផ្លាញសេដ្ឋកិច្ចសកលលោកនៅឆ្នាំ២០២០ ធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨-២០០៩ ទៅទៀត។ ប៉ុន្ដែ IMF រំពឹងថា សេដ្ឋកិច្ចពិភពលោក អាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២១ លុះត្រាតែ ប្រទេស​នានា ត្រូវផ្ដល់អាទិភាព​ដល់ការ​គ្រប់គ្រង និង​ពង្រឹងប្រព័ន្ធ​សុខាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ