អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ប្រឆាំងកូវីដ-១៩៖ ក្រៅពីចិន ជប៉ុន អាមេរិកនិងអាល្លឺម៉ង់ វៀតណាមក៏ប្រកាសផ្តល់ជំនួយដល់កម្ពុជាដែរ

ទង់ជាតិកម្ពុជា និងទង់ជាតិវៀតណាម (រូបភាពទូទៅ)
ទង់ជាតិកម្ពុជា និងទង់ជាតិវៀតណាម (រូបភាពទូទៅ) © Internet

រដ្ឋា​ភិបាល​វៀត​ណាម​បាន​សម្រេច​ផ្តល់​ជំនួយ​ថវិកា​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​រដ្ឋា​ភិបាល​កម្ពុជា និង​ឡាវ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ មិន​ត្រឹម​តែ​ជំនួយ​ថវិកាទេ វៀតណាម​ក៏​ត្រៀម​បញ្ជូន​អ្នក​ជំនាញ​វជ្ជសាស្រ្ត​របស់​ខ្លួន​មក​ជួយ​ដល់​កម្ពុជា និង​ឡាវ​ថែម​ទៀត​។ សម្រាប់​កម្ពុជា ជំនួយនេះ​ធ្វើ​ឱ្យ​វៀត​ណាម​ក្លាយ​ជា​ប្រទេស​ទី៥​ហើយ​ដែល​បាន​ជួយ​ដល់​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​កូវីដ-១៩ បន្ទាប់​ពីចិន អាមេរិក អាល្លឺម៉ង់ និង ប្រទេស​ជប៉ុន​។

ផ្សាយពាណិជ្ជកម្ម

ការប្រកាសផ្តល់ជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ ត្រូវបានចុះផ្សាយឱ្យដឹងដោយសារព័ត៌មានវៀតណាមឈ្មោះកាត់ថា VGP News កាលពីថ្ងៃទី២៦ ខែមីនា។ VGP News បានអះអាងថា នាយករដ្ឋមន្រ្តីវៀត​ណាមបានទាក់ទងតាមទូរស័ព្ទមកកាន់នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ ដើម្បីប្រាប់ពីការផ្តល់ជំនួយថវិកានេះកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោកនាយករដ្ឋមន្រ្តីវៀតណា​មបានស្នើឱ្យអាជ្ញាធរទាំងសងខាងសហការគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយធានាឱ្យមានការផ្លាស់ប្តូរព័ត៌មានដោយរលូនទៅវិញទៅមក ដោះស្រាយនូវរាល់ឧបសគ្គនានាដោយផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានបញ្ជាក់ដែរថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយភាគីកម្ពុជាក្នុងការធ្វើមាតុ​ភូមិនិវត្តប្រជាពលរដ្ឋកម្ពុជាដែលបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅវៀតណាម ហើយមានបំណងត្រឡប់មកប្រទេសកម្ពុជាវិញ។ ជាការឆ្លើយតប លោកនា​យករដ្ឋមន្រ្តីកម្ពុជាហ៊ុន​ សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រដ្ឋាភិបាលវៀតណាមនេះ និង ការឆ្លើយតបទៅនឹងអ្វីដែលជាការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា។ លោកនាយករដ្ឋមន្រ្តីកម្ពុជាក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល និង ប្រជាជនកម្ពុជាតែងតែចាត់ទុកពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជាជាអ្នកស្រុកជាមួយគ្នាដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VGP News។

ជាការកត់សម្គាល់ថា វៀតណាម គឺជាប្រទេសទី៥ហើយដែលប្រកាសផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រ​ឆាំ​ងនឹងជំងឺកូវីដ-១៩។ មុនវៀតណាម មានចិន អាមេរិក អាល្លឺម៉ង់ និង ជប៉ុន។ ជប៉ុនបានផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជានូវសម្ភារបរិក្ខារពេទ្យមាន អាវបំពង់ អាកុលសម្អាតដៃ វ៉ែនតាការពារសុវត្ថិភាព និងស្រោមដៃ។ ចិនបា​ន​បញ្ជូនក្រុមពេទ្យេជំនាញ៧នាក់បូករួមនឹងពេទ្យយោធា៤នាក់ និង សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន​ទៀតដល់កម្ពុជា។ ចំណែក អាមេរិកវិញ បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន២លានដុល្លារ ខណៈអាល្លឺម៉ងបានផ្តល់ទឹកប្រាល់ដល់កម្ពុជាប្រមាណជា១លាន ៦សែនដុល្លារអាមេរិក។

ដោយឡែក រដ្ឋាភិបាលកម្ពុជាខ្លួនឯងវិញ បានបញ្ចេញកញ្ចប់ថវិកាចំនួន៣០លានដុល្លារអាមេរិកដល់ក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ រដ្ឋាភិបាលកម្ពុជាក៏ទទួលបានថវិកាជំនួយសប្បុរសធម៌ក្នុងស្រុកបានជិត៩លានដុល្លារអាមេរិកថែមទៀត។ បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមបម្រុ​ងទឹកប្រា​ក់ពីចន្លោះ៨រ​យទៅ២ពា​ន់លានដុ​ល្លារផងដែរ គឺដើម្បី​សង្រ្គោះសេដ្ឋកិច្ចកម្ពុ​ជាដែលរងការវាយប្រ​ហារដោយជំងឺកូវីដ-១៩នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ