អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ចំនួន ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងបានឡើងដល់១០២នាក់

ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល @Internet

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ (COVID-19) ថ្មី​ចំនួន ០៤​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឡើង​ដល់​១០២​នាក់​ហើយ​។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៨ ខែមីនានេះ។ ដំណាល​គ្នា នឹង​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៤​នាក់ ក្រសួង​ក៏​បាន​អះអាង​ថា មាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ចំនួន​០២​នាក់​ដែរ  ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជា​សរុប កើន​ដល់​១៣​នាក់។

ផ្សាយពាណិជ្ជកម្ម

ករណីថ្មី​ទាំង​៤​នេះ គឺ​កើត​ឡើង​នៅ​លើ​គ្រួសារ​មួយ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​បរុស​អាយុ​៦២​ឆ្នាំ (ជាឪពុក) ស្ត្រី​អាយុ​៦១​ឆ្នាំ (ជាម្តាយ) បុរស​អាយុ​៣៩​ឆ្នាំ (ជាកូន) និង​ស្ត្រី​អាយុ​៣៧​ឆ្នាំ​ (ជាកូន)។ បច្ចុប្បន្ន​ពួក​គេ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ចាក់​អង្រែ​ក្រោម​ រាជធានី​ភ្នំពេញ​។ ករណី​ទាំង​៤​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី២៦​ ខែ​មីនា​។

បើ​តាម​ក្រសួង​សុខាភិបាល​ក្រុម​គ្រួសារ​នេះ ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ហើយ​ពេល​ត្រឡប់​មក​វិញ នៅ​ថ្ងៃទី​១៥​ ខែមីនា ឆ្នាំ២០២០ បុរស​អាយុ៣៩​ឆ្នាំ ក៏​មាន​បញ្ហា​សុខភាព​តិច​តូច ឬ​ឯក្រុម​គ្រួសារ​គាត់​៣​នាក់​ទៀត​ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃទី​២៤ ខែ​មីនា​ ឆ្នាំ​២០២០ ក៏​មាន​បញ្ហា​សុខភាព​តិច​តូច​ដែរ​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​២៧ មីនា កម្ពុជា​ពុំបាន​រក​ឃើញ​ករណី​ថ្មី​ទេ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​កម្ពុជា​មិន​បាន​រក​ឃើញ​ករណី​ថ្មី​។ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើត​មាន​ឡើង​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា​នេះ​ដែរ ក្រសួង​សុខាភិ​បាល បាន​យក​សំណាក​បុរស​ជនជាតិ​ចិន​២​នាក់ ក្នុង​ចំណោម​ជនជាតិ​ចិន​១៧៤​នាក់ ដែល​ហោះហើរ​ពី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២៤ ខែ​មីនា ដើម្បី​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ តាម​ជើងហោះ​ហើរ​មួយ​នៅ​ថ្ងៃទី​២៧ ខែ​មីនា​។ ពួក​គាត់​ទាំង​២នាក់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​​ស្វាយរៀង​នៅថ្ងៃ​ទី២៨ ខែមីនា​ បន្ទាប់​ពីលទ្ធផលពីតេស្តអវិជ្ជមានកូវីដ១៩​​។​

សូម​ជម្រាប​ជូន​ថា​ ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា​នេះ កម្ពុជា​មាន​អ្នក​ជា​សះស្បើយ​ពី​កូវីដ១៩ សរុប​ចំនួន​១៣​នាក់​ ក្នុង​នោះ​បុរស​ជន​ជាតិ​ខ្មែរ​១១​នាក់ និង​បរទេស​២​នាក់ ហើយ​បច្ចុប្បន្ន​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​៨៩​នាក់​ នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​។ ចំណែក​ករណី​វិជ្ជមាន​កូវីដ​១៩ ដែល​បាន​រក​ឃើញ​ទាំង​អស់​ទូទាំង​ប្រទេស មាន​ចំនួនសរុប​១០២​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ