អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កូវីដ១៩៖ ​នៅ​ភ្នំពេញ​ជនបរទេសម្នាក់ត្រូវបានចាប់ខ្លួនយកទៅធ្វើតេស្ត

ជនបរទេសម្នាក់ត្រូវបាននគរបាលក្រុងចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែមីនា ក្រោយ​ពី​យក​លុយ​ផ្តិត​ទឹក​មាត់​ដាក់​លើ​ទូ​ATM
ជនបរទេសម្នាក់ត្រូវបាននគរបាលក្រុងចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែមីនា ក្រោយ​ពី​យក​លុយ​ផ្តិត​ទឹក​មាត់​ដាក់​លើ​ទូ​ATM © ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ជន​បរទេស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី​២៧ ខែ​មីនា ក្រោយ​ពីជន​បរទេស​រូប​នេះ​ផ្តិត​ទឹក​មាត់​ដាក់​លើ​លុយ​ក្លែងក្លាយ ហើយ​ដាក់​ចោល​លើទូ​ ATM ជិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​។ បើ​តាម​លោក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បុរស​បរទេស​រូប​នេះ ​ត្រូវ​បាន​យក​វត្ថុ​សំណាក​ទៅ​ធ្វើ​តេស្ត​កូវីដ១៩​ និង​កំពុង​រង​ចាំ​លទ្ធផល​។

ផ្សាយពាណិជ្ជកម្ម

លោក ស ថេត អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី២៨ ខែមីនា នេះ​ថា ​ជន​បរទេស​ម្នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​មីនា​ នោះ ​ត្រូវ​បាន​យក​វត្ថុ​សំណាក​ទៅ​ធ្វើ​តេស្ត​កូវីដ១៩ និង​កំពុង​រង​ចាំ​លទ្ធផល​នៅ​ល្ងាច​ថ្ងៃ​ទី២៨​ ខែ​មីនា​នេះ​។ បើ​តាម​លោក ស ថេត មិន​ទាន់​មាន​ការ​សម្រេច​ណានៅ​ឡើយ​ទេ​លើ​បុរស​បរទេស​រូប​នោះ ប៉ុន្តែ​ប្រសិន​បើ​បុរស​បរទេស​រូប​នោះ​ វិជ្ជមាន​កូវីដ១៩ គឺ​មាន​តែ​ព្យាបាល​គាត់​។  

តាម​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​ផ្សព្វផ្សាយ​ដោយ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បុរស​បរទេស​រូប​នេះ បាន​យក​ដៃ​របស់​ខ្លួន​ផ្តិត​ទឹក​មាត់ មុន​នឹង​ធ្វើ​ការ​ដក​ហូត​លុយ​ពី​ក្នុង​ហោប៉ៅ ដែល​លុយ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា​ជា​លុយ​ក្លែង​ក្លាយ​។ បន្ទាប់​​មក​បុរស​បរទេស​រូប​នោះ បាន​យក​លុយ​នេះ​ទៅ​ដាក់​នៅ​ពី​លើទូ ATM និង​បាន​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​។

យោង​តាម​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហេតុ​ការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​កន្លែង​ដាក់​ទូATM ក្បែរ​សាកលវិទ្យាល័យ ជាតិគ្រប់គ្រង (សាលានីម) ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃទី​ ២៤ ខែ​មីនា ឆ្នាំ​២០២០​។ បុរស​បរទេស​រូប​នេះ​ត្រូវ​បាន​ កំលាំង​ផែន​សន្តិសុខ និង​កម្លាំង​ខណ្ឌ​នៃ​អធិការ​ខណ្ឌដូន​ពេញ បាន​ធ្វើ​ការ​តាម​រក​ឃើញ នៅ​វេលា​ម៉ោង ៨យប់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូន​ពេញ​។​

បន្ទាប់​ពី​រកឃើញ​ជន​បរទេស​រូប​នេះ​ហើយ សមត្ថកិច្ច​បាន​រាយ​ការណ៍​ជូន​ក្រសួង​សុខាភិ​បាល ដើម្បី​អន្តរាគមន៍​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ចាក់​អង្រែ និង​យក​សំណាក​ទៅ​ធ្វើ​ការ​ពិនិត្យ និង​វិភាគ​។

សូម​ជម្រាប​ជូន​ថា​ ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា​នេះ កម្ពុជា​មាន​អ្នក​ជា​សះស្បើយ​ពី​កូវីដ១៩ សរុប​ចំនួន​១៣​នាក់​ ក្នុង​នោះ​បុរស​ជន​ជាតិ​ខ្មែរ​១១​នាក់ និង​បរទេស​២​នាក់ ហើយ​បច្ចុប្បន្ន​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​៨៩​នាក់​ នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​។ ចំណែក​ករណី​វិជ្ជមាន​កូវីដ​១៩ ដែល​បាន​រក​ឃើញ​ទាំង​អស់​ទូទាំង​ប្រទេស មាន​ចំនួនសរុប​១០២​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ