អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

ប្រឆាំងកូវីដ១៩៖ រដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការថ្មី រឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលកម្ពុជា

វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង)
វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង) REUTERS - STRINGER

ដើម្បី​​កាត់​​បន្ថយ​ និង​​ទប់​ស្កាត់​​ការ​​ចម្លង​​នៃ​វីរុស​​កូរ៉ូណា​ ឬ​ ​កូវីដ១៩​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ និង​​ស្រប​តាម​​វិធាន​ការ​​នានា​​របស់​​បណ្តា​ប្រទេស​​ជា​​សមាជិក​​អាស៊ាន​ រដ្ឋាភិបាល​​កម្ពុជា ​កាល​ពី​ថ្ងៃទី​ ២៧ មីនា ​បាន​​ដាក់​​ចេញ​​នូវ​​វិធាន​ការ​​ថ្មី ​ដោយ​​ធ្វើ​ការ​រឹត​បន្តឹង​​លើ​ការ​​ធ្វើ​​ដំ​ណើរ​​របស់​​​ជនបរទេស​​ចូល​​មក​​ក្នុង​​ប្រទេស​​កម្ពុជា​​។ ​វិធាន​ការ​ថ្មី​នេះ​ នឹង​​ចាប់​អនុ​វត្ត​ពី​ថ្ងៃ​ទី ៣០ ខែមីនា ចាប់ពី​វេលាម៉ោង​ ២៣ និង​៥៩​នាទី​​ត​​ទៅ។—

ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់ពី​ថ្ងៃទី ​៣០ ​មីនា ​តទៅ ​ជនបរទេស​ដែលមា​ន​បំណង​ធ្វើដំ​ណើរ​ចូល​មក​កម្ពុជា ​ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ជា​មុន ​នៅ​តាម​ស្ថានតំណាង​​របស់​កម្ពុជា​នៅ​បរទេស​។ ​បន្ថែម​លើ​នេះ ​ជន​បរទេសនោះ​ ត្រូវ​ផ្តល់​នូវវិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ​និង​ប្រាក់​ធានារ៉ាប់រងសុខភាព​យ៉ាងតិច​៥ម៉ឺន​ដុល្លារអាមេរិក​ថែមទៀត ​នៅ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា​។ ​នេះបើ​យោង​តាមវិធានការ​ថ្មី​របស់រដ្ឋាភិបាល​កម្ពុជា ​ចំពោះ​ជនបរទេស​ទាំងឡាយ​ណា ​ដែល​មាន​បំណង​ចូលមក​ប្រទេស​កម្ពុជា។

ផ្អែកតាម​វិធានការថ្មី​នេះ ​ទី១.​រដ្ឋាភិបាល​កម្ពុជា ​នឹង​ផ្អាក​រាល់​គោល​ការណ៍​លើកលែង​ទិដ្ឋាការ ​និង​ការ​ផ្តល់ទិដ្ឋាការ​ទេសចរ​ ទិដ្ឋាការ​​តាមប្រព័ន្ធ​អេឡិចត្រូនិច​ (e-Visa)​ និង​ទិដ្ឋាការ​នៅពេល​មក​​ដល់ ​(Visa​ on ​Arrival) ​ជូន​ជនបរទេស​ទាំង​អស់​ក្នុង​រយៈពេល​មួយខែ​។ ​ទី២.​ជនបរទេស​ដែលមាន​បំណង​ចូលមក​កម្ពុជា​នោះ ​ត្រូវស្នើសុំ​ទិដ្ឋាការជា​មុន ​នៅតាម​ស្ថានតំណាង​របស់​កម្ពុជា​នៅ​បរទេស​។ ​ជន​បរទេស​នោះ ​ត្រូវ​ផ្តល់​នូវវិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្នែក​សុខភាព​នៃ​ប្រទេស​របស់​សមីខ្លួន​ ដែល​មាន​សុពលភាព​មិន​លើសពី​៧២​ម៉ោង ​មុន​ពេល​ធ្វើដំណើរ ​ដោយ​បញ្ជាក់​ថា ​ខ្លួន​ពុំ​មាន​វីរុសកូរ៉ូណា ​ឬ​កូវីដ​១៩​នោះ​ទេ​។ ​បន្ថែ​ម​លើស​ពី​នេះ ​ជនបរទេសនោះ ​ត្រូវ​មាន​ឯកសារធា​នារ៉ាប់​រង​ដែល​បញ្ជាក់​ពី​ការរ៉ាប់រង​សុខភាព ​ក្នុង​ចំនួន​ទឹក​ប្រាក់​យ៉ាង​តិច​៥​ម៉ឺន​ដុល្លារ​ ក្នុង​អំឡុង​ពេលស្នាក់​នៅកម្ពុជា​។ ​ប៉ុន្តែ​តម្រូវការ​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ​និង​ឯកសារធានា​រ៉ាប់រង​សុខភាព​នេះ ​មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ជនបរទេស​ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ​A ​ឬទិដ្ឋាការ​ផ្លូវការ​ប្រភេទ​B ​របស់​កម្ពុជា​ឡើយ​។

វិធានការ​រឹតបន្តឹង​នេះ ​បាន​បន្ថែម​ថា ​នៅពេល​ដែល​ជនបរទេស​នោះ ​ចូលមក​ដល់​ប្រទេស​កម្ពុជា ​នឹង​ត្រូវ​ត្រួត​ពិនិត្យ​ហានិភ័យសុ​ខ​ភាព​មុននឹង​អនុញ្ញាត​ឲ្យចូលក្នុង​ប្រទេស​កម្ពុជា ​ហើយ​និង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​ស្របតាម​វិធានការ​ចត្តាឡីស័ក ​ឬវិ​ធាន​ការ​នានា ​ដែល​បានកំ​ណត់ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​វីរុសកូរ៉ូណា​នេះ​។ ​វិធានការ​ថ្មីនេះ ​នឹង​ចាប់​​ផ្តើម​អនុវត្ត​ពី​ថ្ងៃទី ​៣០ ​មីនា ​វេលាម៉ោង​២៣​និង​៥៩​នាទី​ត​ទៅ​ ​ហើយ​ការ​សម្រេច​ឡើង​វិញ ​នឹង​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​វិ​វត្តន៍​​នៃ​ស្ថានភាព​ជាសកល​នៃ​ជំងឺ​កូវីដ​១៩។​

គួរជំរាប​ជូន​ថា ​វិធានការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ​របស់​ជនបរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នេះ ​គឺ​បន្ថែ​ម​លើវិធានការ​របស់​ក្រ​សួង​​​សុខាភិបាល​​កម្ពុជា ​និង​ស្រប​តាម​វិធានការ​នានា​របស់ប​ណ្តា​ប្រ​ទេស​​ជា​សមាជិក​អាស៊ាន​។ ​យ៉ាង​ណាក៏ដោយ​ លោក​ កុយ ​គួង ​​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​គូស​បញ្ជាក់​បន្ថែម​​ថា ​វិធានការ​រឹតបន្តឹ​ងនេះ ​មិនមែន​ជាការ​បិទ​ប្រទេស ​ឬ Lockdown​ នោះ​ទេ​។ ​លោក​ថា ​គ្រា​​ន់​តែជា​ការ​រឹត​បន្តឹង​ប៉ុណ្ណោះ។​ ដោយ​​ឡែក​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​មាន​បំណង​ធ្វើដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ ​លោក កុយ គួង ​បាន​បញ្ជាក់​ថា ​កម្ពុជា​មិន​មាន​ការ​ហាមឃាត់​នោះ​ទេ​។ ​ក៏​ប៉ុន្តែ​ ប្រជាពលរដ្ឋ​កម្ពុជា​​ត្រូវ​យល់​ដឹង​ពី​ការ​រឹតបន្តឹ​ង​នៃ​ប្រទេស​គោលដៅ​រ​បស់​ខ្លួន​អោយ​បាន​ច្បាស់ ​មុន​នឹង​រៀបចំ​ផែនការ​ធ្វើដំណើរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ