អានតួអត្ថបទ

អ្នកនាំ​ពាក្យ​ប៉ូលីស​ជាតិ៖មនុស្ស​៩នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ នឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ពាក់ព័ន្ធ​កូវីដ​១៩

រូបតំណាង៖កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
រូបតំណាង៖កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

សមត្ថកិច្ច​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះថា មនុស្ស​មិន​ក្រោម​២០​នាក់​ឡើយ ត្រូវបាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​កូវីដ១៩។  បន្ទាប់​ពី​ឃាត់​ខ្លួន​ពួក​គេ​មួយ​ចំនួនធ្វើការណែនាំ ខណៈ​មនុស្ស​៩​នាក់​បញ្ជូន​ឡើង​តុលាការ​និង​ឃុំ​ខ្លួន។  ចំណែក ករណី​ចុង​ក្រោយ​ទាក់​ទង ការ​ឃោសនាអំពី​ការ​ប្រើ​ប្រាស់​ឧបករណ៍​ឈ្មោះ« Rapid Test  » ដើម្បី​ធ្វើ​តេស្ត​រក​វីរ៉ុស​កូវីដ១៩​ដោយ​ខ្លួន​ឯង ក៏សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​លក់ ឬ​អ្នក​ផ្សព្វ​ផ្សាយ​នោះ យក​មក​ផ្ដន្ទា​ទោស​ដែរ។ 

ផ្សាយពាណិជ្ជកម្ម

លោក ឆាយ គឹមឃឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបានជាតិ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ថា ក្នុង​ចំណោ​មនុស្ស​១៧​នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន គឺ​មាន​៩ករណី​ត្រូវបានបញ្ជូន​ឡើង​តុលាការ និង​ត្រូវ​បាន​ឃុំ​ខ្លួន។ ហើយ​ចំនួន​សេស​សល់​ពីនេះ សមត្ថកិច្ច​ធ្វើ​ការ​ណែនាំ​ភ្ជាប់ជាមួយ​កិច្ច​សន្យា​លាយ​លក្ខ​អក្សរ ទើប​អនុញ្ញាត្ត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

បើ​តាម​លោក ឆាយ​ គឹមឃឿន មនុស្ស​៩​នាក់​ដែល​បញ្ជូន​ឡើង​តុលាការ និង​សម្រេច​ឃុំ​ខ្លួន​គឺ​ពួក​គេ​មានចេតនា​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិនពិត ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សង្គម អំឡុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​តែជាប់​ដៃ​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ​១៩។

បន្ថែម​លើ​នេះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោកខៀវ សុភ័គ បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​ចុង​ក្រោយ​ដែលសមត្ថ​កិច្ច​ពាក់ព័ន្ធ​កំពុង​សហការ​ទប់​ស្កាត់​លើបុគ្គល​លក់​ឧបករណ៍​ឈ្មោះ« Rapid Test រេភីត »ដែល​អ្នក​លក់​អះអាង​ថា ធ្វើ​តេស្ត​រហ័ស​រក​វីរ៉ុស​កូវីដ១៩ ​ដោយ​ខ្លួន​ឯង​។  មិនខុសពី​ក្រសួង​សុខាភិបាល​អ្នកនាំ​ពាក្យ​ដដែល ព្រមាន​ថា អ្នក​លក់​ឧបករណ៍​ប្រភេទ​នេះ​​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទា​ទោស​តាម​ច្បាប់។ 

ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អភិបាល​រាជធានី​ទាំង​២៥​ខេត្ត​ក្រុង សហការ​ជា​មួយ​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​យក​ឧបករណ៍​ទាំងណា​ដែល​អះអាង​ព្យាបាល​ជំងឺ​កូវីដ១៩ ដោយ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការសុខភាព​ពិភពលោក។

ជុំវិញ​ចំណាត់​ការ​ទាំង​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស បន្ទាប់​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ មើល​ឃើញ​ថា អាជ្ញាធរ​បាន​បំបិទ​សិទ្ធិ​ពលរដ្ឋ ដែល​លើកឡើង​ពាក់​ព័ន្ធ​ជំងឺ​កូវីដ​១៩។ បើតាម អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ចំណោម​មនុស្ស​១៧​នាក់ គឺ​មនុស្ស១២​នាក់​ត្រូវបាន ដោះលែង​ពី​ការ​ឃុំ​ខ្លួន​បន្ទាប់​ពី​បាន​សុំទោស និង​ចុះ​ហត្ថ​លេខា​សន្យា​ថា នឹង​មិនផ្សព្វផ្សាយ“ ព័ត៌មាន​ក្លែង​ក្លាយ” ទៀត។ ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ដែរ នៅ​ក្នុង​ចំណាមមនុស្ស​១៧ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មាន​សមាជិក ឬ​អ្នក​គាំទ្រ​៤​រូប នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ហើយ​បច្ចុប្បន្ន​ពួក​គេ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ទាំង​អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​អះអាង​រួម​គ្នា ថា​សមត្ថកិច្ច​មិន​បន្ធូរ​ដៃចំពោះ​ចេតនា​ណាមួ​យ​ដែល​ចង់​បំពុល​សង្គម​ឡើយ​ពាក់ព័ន្ធ​នឹង​កូវីដ​១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ