អានតួអត្ថបទ

លោក​លី សុវណ្ណ៖ វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូល​កម្ពុជា ​ជួយ​កាត់​បន្ថយ​ការ​រក​ឃើញ​កូវីដ១៩​នៅ​កម្ពុជា

វីរុសកូរ៉ូណានៅកម្ពុជា៖ ពលរដ្ឋសង្ស័យ ភ័យខ្លាច មិនទុកចិត្ត
វីរុសកូរ៉ូណានៅកម្ពុជា៖ ពលរដ្ឋសង្ស័យ ភ័យខ្លាច មិនទុកចិត្ត @REUTERS

គិត​ត្រឹម​ថ្ងៃ​ទី ២៩ មីនា​នេះ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​តែ​មួយ​ករណី​ប៉ុណ្ណោះ ពោល​គឺ​កើត​ទៅលើ​ស្ត្រី​ជន​ជាតិ​ខ្មែរ​អាយុ​៣៦​ឆ្នាំ ជា​អ្នក​បម្រើ​ការ​ងារ​នៅ Stra TV ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ។ ផ្ទុយ​ពី​ការ​រក​ឃើញ​ដែល​មាន​ចំនួន​តិច​ទៅ​ៗ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា ក៏​បានព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ ឲ្យ​ជា​សះ​ស្បើយ​ចំនួន​០៨​នាក់​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជា​សះ​ស្បើយ​កើនឡើង​ដល់​២១​នាក់​ហើយ។

ផ្សាយពាណិជ្ជកម្ម

ជុំវិញ​និន្នា​ការ​ថយ​ចុះ​នៃ​ការ​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​នេះ​ ត្រូវបាន​លោកវេជ្ជ​បណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ពន្យល់​ថា មួយ​ផ្នែក​គឺបាន​មក​ពី​វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​ចូល​មក​កម្ពុជា ​និង​មួយ​ផ្នែក​ទៀត គឺ​បាន​មក​ពីការ​រួម​សហការ​គ្នា​រវាង​ក្រសួង​សុខាភិ​បាល អាជ្ញាធរ និង​ប្រជាពល​រដ្ឋ​ផង​ដែរ។ យ៉ាង​ណា​ក្តី លោក​វេជ្ជបណ្ឌិត នៅ​មិន​ទាន់​ទាត់​ចោល​ទាំង​ស្រុង​ពី​ការ​រក​ឃើញ​ករណី​រប៉េះរប៉ោះ​ថ្មីៗ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខនោះ​ទេ ខណៈ​អាជ្ញាធរ​សុខាភិបាល​កំពុង​រង​ចាំ​លទ្ធផល​តេស្ត​បង​ប្អូន​ខ្មែរ និង​ជន​បរទេស​មួយ​ចំនួន​ទៀត ដែល​កំពុង​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ​១៩។

គួរ​ជំរាប​ជូន​ថា ក្រោយ​ពី​ការ​មក​ដល់​នៃ​នាវា Viking Cruise Journey មក​ពី​ប្រទេស​វៀតណាម ដែល​មានអ្នក​ដំណើរ​ផ្ទុក​ជំងឺ​កូវីដ​១៩​មក កម្ពុជា​បាន​សម្រេច​បិទ​ព្រំដែន​ទឹក​ក្អម​សំណរ​ក្នុង​ស្រុក​កោះធំ​ខេត្ត​កណ្តាលជា​បណ្តោះ​អាសន្ន។ ក្រោយ​មក​ទៀត ជា​វិធាន​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​នៃ​ជំងឺ​កូវីដ​១៩ ក្រៅ​ពី​វិធានការក្នុង​ស្រុក កម្ពុជា​បាន​បិទ​ការ​ធ្វើ​ដំណើរ​ជាមួយ​ប្រទេស​វៀតណាម​ទាំង​អស់ រួម​ទាំង​ផ្លូវ​ទឹក ផ្លូវគោក និង​ផ្លូវអាកាស​ថែម​ទៀត​ផង។ ហើយ​ចាប់​ពី​ថ្ងៃ​ទី ៣០ មីនា ស្អែក​នេះ​ត​ទៅ កម្ពុជា​នឹង​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូលមក​កម្ពុជា​នៃ​ជន​បរទេស​ទាំង​អស់​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ដោយ​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​ពី​សុខភាព គ្មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ និង​ប្រាក់​ធានា​រ៉ាប​រង​សុខភាព​យ៉ាង​តិច​ចំនួន​៥​ម៉ឺន​ដុល្លារ។ វិធានការ​នោះ គឺ​បន្ថែម​លើ​វិធាន​ការ​ដែល​ក្រសួង​សុខាភិបាល​បាន​ហាមជន​បរទេស​មក​ពី​ប្រទេស​ចំនួន​០៦​ចូលកម្ពុជា ដែល​ក្នុង​នោះ​រួម​មាន ប្រទេស​អ៊ីតាលី អាល្លឺម៉ង់ បារាំង អេស្ប៉ាញ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ