អានតួអត្ថបទ

ក្រសួង​សុខាភិបាល​អំពាវនាវ​កុំ​ឲ្យ​ប្រើ​ឧបករណ៍ Rapid Test ដើម្បី​ធ្វើ​តេស្ត​រហ័ស​រក​កូវីដ​១៩

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ​ជំងឺ​កូវីដ​-​19​​​។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ​ជំងឺ​កូវីដ​-​19​​​។ @RFI

ក្រសួង​សុខាភិបាល​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​អំពាវ​នាវដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​ឈ្មោះ« Rapid Test       »ដើម្បី​ធ្វើ​តេស្ត​រហ័ស​រក​វីរ៉ុស​កូវីដ១៩​ដោយ​ខ្លួន​ឯង​ឲ្យ​សោះ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ស្របពេល​ដែល​ឧបករណ៍​ធ្វើ​តេស្តរ​ហ័សប្រភេទ​នេះ​ត្រូវ​បាន​គេ​ផលិត​ជា​ច្រើន​ដើម្បី​ដាក់​លក់​នៅ​លើទី​ផ្សារ តែ​ក្រសួង​សុខាភិបាល​ព្រមាន​ថា អ្នក​លក់​ឧបករណ៍​ប្រភេទ​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទា​ទោស​តាម​ច្បាប់។ 

ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ក្រសួង​សុខាភិបាល​មិន​ឲ្យ​ប្រើ​ឧបករណ៍ «Rapid Test» ដើម្បី​ធ្វើ​តេស្ត​រហ័ស​រក​កូវីដ១៩ ពី​ព្រោះ​ឧបករណ៍​នេះ​គ្មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ធ្វើ​តេស្ត​រក​កូវីដ​១៩​នោះ​ឡើយ ឬ​ក៏​មាន​ប្រសិទ្ធិ​ភាព​ទាប​បំផុត។ ឧបករណ៍​នេះ​អាច​ធ្វើ​ឲ្យ​លទ្ធផល​តេស្ត​ខុស​ពី​ការ​ពិត​ដែល​មាន​ន័យ​ថា អ្នក​មិន​មាន​កូវីដ​១៩​ទាល់​តែសោះ បែរ​ជា​លទ្ធផល​តេស្ត​ចេញ​វិជ្ជមាន ហើយ​អ្នក​ដែល​ឆ្លង​កូវីដ១៩​បែរ​ជា​តេស្ត​ចេញ​អវិជ្ជ​មាន​ទៅ​វិញ។ នេះ​ជា​ការ​ពន្យល់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខា​ភិបាល។

ម្យ៉ាង​ទៀត​ឧបករណ៍«Rapid Test»នេះ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​នៅ​ឡើយ ហើយ​ជន​ណា​ដែល​យក​ឧបករណ៍​នេះ​ទៅ​ផ្សព្វផ្សាយ​លក់​ជា​សាធារណៈ​នឹង​ត្រូវ​ប្រឈម​ការ​ផ្តន្ទាទោសតាម​ច្បាប់។

លើស​ពី​នេះ​ទៀត ក្រសួង​សុខាភិបាល​ក៏​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​កុំ​ឲ្យ​ប្រើ​ប្រាស់​ឧបករណ៍​ឈ្មោះ« Rapid Test        »ដើម្បី​ធ្វើ​តេស្ត​រហ័ស​រក​វីរ៉ុស​កូវីដ១៩​ដោយ​ខ្លួន​ឯង​ឲ្យ​សោះ ខណៈ​មាន​ការ​ឃោសនា​ពីបុគ្គល​ឬ​ការ​ផ្សព្វ​ផ្សាយ​ខុស​ច្បាប់​មួយ​ចំនួន​យ៉ាង​អាណា​ធិបតេយ្យ ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការជា​បន្ទាន់។

បើ​តាម​ក្រសួង​សុខាភិ​បាល គឺ​មាន​តែ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​វិទ្យា​ស្ថាន​សុខភាព​សាធារណៈ ប៉ុណ្ណោះដែល​កំពុង​ប្រតិបត្តិ​ការ​តាម​បច្ចេកទេស និង​តាម​គោលការណ៍​ស្តង់​ដា​របស់​អង្គការ​សុខភាព​ពិភព​លោក ហើយ​ចេញ​លទ្ធផល​ត្រឹម​ត្រូវ៕

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ