អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជា បានរងការប៉ះទង្គិចយ៉ាងដំណំពីការផ្ទុះជំងឺកូវីដ-១៩

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @RFI

សេដ្ឋកិច្ច​របស់​កម្ពុជា បាន​រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ដំណំ​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​ធនាគារ​ពិភព​លោក (World Bank) ក្នុង​របាយការណ៍​ថ្មី​របស់​ខ្លួន​ស្តី​ពី «តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ី​ហ្វិក ក្នុង​សម័យ​កាល​កូវីដ-១៩​»។ យោង​តាម​សេណារី​យោ​បន្ទាត់​គោល កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០​២០ ត្រូវ​បាន​ព្យាករ​ទុក​ថា នឹង​ស្រុត​ចុះ​យ៉ាង​គំហុក​មក​នៅ​ត្រឹម ២,៥​ភាគ​រយ តែ​វា​នឹង​ស្តារ​ឡើង​វិញ​មក​នៅ ៥,៩ភាគ​រយ ក្នុង​ឆ្នាំ​២០​២១​។ ក៏​ប៉ុន្តែ​ក្នុង​សេណារីយោ​មួយ​ទៀត ប្រសិន​បើ​វិបត្តិ​កូវីដ​១៩ អូស​បន្លាយ​យូរ នោះ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​អាច​នឹង​ស្រុត​មក​នៅ​ត្រឹម​១ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០​២០ មុន​នឹង​ងើប​មក​នៅ ៣,៩ ភាគ​រយវិញ នៅ​ឆ្នាំ​២០​២១​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី​១៣​មីនា ធនាគារពិភពលោកអះអាង​ថា ការផ្ទុះឡើងជំងឺកូវីដ១៩  បានអង្រួនពិភពលោកឲ្យរង្គើក្នុងសភាពមួយដែលមិនធ្លាប់មានពីមុនមក ហើយជះការប៉ះទង្គិចយ៉ាងដំណំដល់សេដ្ឋកិច្ចកម្ពុជា។ ការផ្ទុះនេះ បានធ្វើឱ្យម៉ាស៊ីនកំណើនសេដ្ឋកិច្ចធំៗរបស់កម្ពុជា ធ្លាក់ល្បឿនយ៉ាងគំហុកនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០ ពិសេសវិស័យទេសចរណ៍ និងសំណង់ ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ ស្រដៀងគ្នានេះដែរ ឧស្សាហកម្មកាត់ដេរកំពុងប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះតម្រូវការទូទាំងសកលលោក ព្រមទាំងសម្ពាធបណ្តាលមកពីការដកចេញដោយអន្លើៗប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ហើយប្រសិនបើផលប៉ះទង្គិចនេះហៀរទៅដល់វិស័យសំណង់ និង អចលនទ្រព្យ ក្នុងខណៈដែលទីហិរញ្ញវត្ថុមានភាពចលាចល វាអាចនឹងជះឥទ្ធិពលអាក្រក់មែនទែនដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ តែទោះជាយ៉ាងណា ធនាគារពិភពលោកថា​ ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងទីផ្សារធំៗផ្សេងៗទៀតក្នុងឆ្នាំ២០២១ នឹងធ្វើអោយចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរឡើងវិញនៅឆ្នាំក្រោយ។

យ៉ាង​ណា​ក៏​ដោយ ចក្ខុវិស័យកំណើន​​សេដ្ឋកិច្ច​កម្ពុជា​ដែល​ត្រូវ​បាន​ព្យាករណ៍​នេះ នៅ​តែ​មាន​ហានីភ័យ​និង​ការ​ប្រឈម​នាពេលខាងមុខ។ ក្នុង​នោះ ​ប្រសិន​បើ​មេរោគ​កូវីដ​១៩​នៅ​អូស​បន្លាយ​យូរ ភ្ញៀវទេសចរមក​កម្សាន្ត​នៅ​កម្ពុជា​នឹង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​,​ សកម្មភាពសេដ្ឋកិច្ចសាកលលោកក្រងើបឡើងវិញ ដែលកាន់តែធ្វើវិស័យឧស្សាហកម្មនៅកម្ពុជាលែងសូវមានសកម្មភាពពីព្រោះខ្វះតម្រូវការសម្រាប់ការនាំចេញសម្លៀកបំពាក់​។ ចំណែក​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​ចលាចលលើទីផ្សាហិរញ្ញវត្ថុអូសបន្លាយ ហើយសកម្មភាពសំណង់ក៏អត់ងើបរួចដែរ។ ក្នុងសេណារីយោបែបនេះ កំណើនជាក់ស្តែងនៃ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបានធនាគារ​ពិភពលោក​ព្យាករថា នឹងស្រុតមកនៅត្រឹម ១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២០។ មុននឹងងើបមកនៅ ៣,៩ ភាគរយវិញ នៅឆ្នាំ២០២១។

សរុបមកវិញ ធនាគារពិភពលោកបាននិយាយថា ក្នុងកាលៈទេសៈនេះ សំខាន់ណាស់ដែលគេត្រូវអនុវត្តវិធានការប្រយ័ត្នប្រយែងផ្នែកម៉ាក្រូសេដ្ឋកិច្ច មានដូចជាការម្រិតការផ្តល់កម្ចីធនាគារដល់ផ្នែកសំណង់និងអចនទ្រព្យ។ លើកលែងចំពោះតែករណីអតិថិជនទិញលើកដំបូងទាំងអស់នេះជាប្រយោជន៍ជួយបន្ធូរផលប៉ះទង្គិច ដែលអាចកើតមានដោយសារការប្រែប្រួលរបស់ទីផ្សារអចលនទ្រព្យ។ វិធានការផ្នែករូបិយវត្ថុដែលបានដាក់ចេញនាពេលថ្មីៗនេះរួមមានការកាត់បន្ថយអត្រាតម្រូវនៃប្រាក់តម្កល់,​ អត្រាក្រមិតគោល និង ផលធៀបវិសាលភាពគ្របដណ្តប់សាច់ប្រាក់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ