អានតួអត្ថបទ
ច្បាប់គ្រាអាសន្ន

ច្បាប់ស្តីពីគ្រាអាសន្ន៖ អ្នកឃ្លាំមើលចង់ឲ្យមានការពិភាក្សាបន្ថែមទៀត មុននឹងបញ្ជូនទៅសភាអនុម័ត

សកម្មភាពមន្ត្រីនានាប្រជុំនៅក្នុងរដ្ឋសភា កាលពីពេលកន្លងទៅ (រូបភាពឯកសារ)
សកម្មភាពមន្ត្រីនានាប្រជុំនៅក្នុងរដ្ឋសភា កាលពីពេលកន្លងទៅ (រូបភាពឯកសារ) © Internet

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី «ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ​រួច​រាល់​ហើយ និង​កំពុង​ត្រៀម​បញ្ជូន​ទៅ​កាន់​រដ្ឋ​សភា​ដើម្បី​ប្រជុំ​អនុម័ត​តែ​ម្តង ដោយ​ពុំ​ចាំ​បាច់​ឆ្លង​កាត់​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រីនៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​និង​អ្នក​ច្បាប់​កម្ពុជា បាន​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​ជា​ច្រើន និង​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ឲ្យ​បាន​ទូលំ​ទូលាយ​បន្ថែម​ទៀត មុន​និង​បញ្ជូន​ទៅ​ឲ្យ​រដ្ឋ​សភា​អនុម័ត​។

ផ្សាយពាណិជ្ជកម្ម

លោក សុខ សំអឿន អ្នកច្បាប់ម្នាក់នៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ការដាក់ពិន័យនៅក្នុងសេចក្តីព្រាងច្បាប់នេះ ហាក់ធ្ងន់ធ្ងរពេក ដោយគ្រាន់តែល្មើសចេញពីផ្ទះ ដែលត្រូវជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ។ បើតាមអ្នកច្បាប់ជើងចាស់រូបនេះ ការចែងពីទោសពិន័យ គួរធ្វើឡើងដោយមិនមានកម្រិតទោសអប្បរមានោះទេ។ បន្ថែមលើនេះ លោកមេធាវីក៏បានកត់សំគាល់ដែរថា សេចក្តីព្រាងច្បាប់នេះ នៅមានចន្លោះប្រហោងជាច្រើនចំណុចទៀតដូចជា តួនាទីរបស់ព្រះមហាក្សត្រ ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាជាដើម ថាតើព្រះមហាក្សត្រទ្រង់គ្រាន់តែប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយមិនមានវិធានការឬយ៉ាងណា?

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលមាន៥ជំពូក និង១១មាត្រា ត្រូវបានគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យរួចរាល់ហើយ កាលពីថ្ងៃទី ៣១ មីនា និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភាដើម្បីប្រជុំអនុម័តតែម្តង ដោយពុំចាំបាច់ឆ្លងកាត់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រសប្តាហ៍នេះទេ។ ច្បាប់នេះ បានចែងពីគោលបំណង វិសាលភាព បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងទោសប្បញ្ញត្តិជាដើម។ ប៉ុន្តែអ្វីជាការកត់សំគាល់ បើផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងដាក់ពិន័យធ្ងន់ធ្ងរដល់ជនណាដែលរារាំងកិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ដោយត្រូវប្រឈមជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ ចំណែកឯអ្នកដែលមិនគោរពតាមវិធានការក្នុងពេលប្រទេសស្ថិតក្នុងភាពអាសន្នវិញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀលដល់១លានរៀល និងដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៥លានរៀល កាលបើអំពើនោះ នាំឲ្យមានចលាចលជាសាធារណៈ។

ទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះ លោក សន ជ័យ អ្នកតាមដានសង្គមកម្ពុជាបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ គួរពិភាក្សាឲ្យបានទូលំទូលាយបន្ថែមទៀត មុននឹងបញ្ជូនទៅឲ្យរដ្ឋសភាប្រជុំនិងអនុម័ត។ ហើយថា សម្លេងពីភាគីពាក់ព័ន្ធគួរត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ខណៈដែលលោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយសង្ឃឹមថា ច្បាប់នេះ នឹងមិនក្លាយទៅជាឧបករណ៍ ដើម្បីរឹតបន្តឹងសម្លេងប្រឆាំងនៅកម្ពុជានោះទេ។

យ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០២ មេសានេះ រដ្ឋសភានៅមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់នេះនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ