អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

ក្រសួងពាណិជ្ជកម្មព្រមានបិទស្ថានីយ៍ឬដេប៉ូលក់ប្រេង ដែលល្មើស​នឹងសេចក្តី​ជូនដំណឹង​របស់​ខ្លួន​

ប្រេងសាំងនៅក្នុងប្រទេសកម្ពុជា
ប្រេងសាំងនៅក្នុងប្រទេសកម្ពុជា © WMC

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ព្រមាន​ចាត់​វិធាន​ការ​លើ​ក្រុម​ហ៊ុន​ ឬ​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ លក់​ប្រេង​ឥន្ធនៈ​ណា ដែល​រក​ឃើញ​ថា បាន​លក់​ប្រេង​ជូន​អតិថិជន​របស់​ខ្លួន​ក្នុង​តម្លៃ​ថ្លៃ ​ខ្ពស់​ជាង​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ឬ​លក់​មិន​គ្រប់​លីត្រ ឬ​លក់​បន្លំ​គុណភាព​ជា​ដើម​។ សូម​ជំរាប​ជូន​ថា កាល​ពី​ពេលថ្មីៗ​នេះ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជូន​ដំណឹង​ឲ្យ​ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូលក់​ប្រេង​ឥន្ធនៈ​ទាំង​អស់​នៅ​កម្ពុជា លក់​១លីត្រ​តម្លៃ​២ ៣៥០​រៀល សម្រាប់​ប្រេង​សាំង​ធម្មតា និង​តម្លៃ​២ ៤៥០រៀល​ក្នុង​១​លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពីថ្ងៃទី ០១ មេសា បាន​កំណត់​ឲ្យ​ម្ចាស់​ស្ថានីយ៍ ឬ​ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា លក់​១លីត្រ​តម្លៃ​២ ៣៥០​រៀល សម្រាប់​ប្រេង​សាំង​ធម្មតា ​EA92 និង​១លីត្រ​តម្លៃ​២ ៤៥០រៀល ​សម្រាប់​ប្រេងម៉ាស៊ូត​។ ប៉ុន្តែ​កន្លង​មក មន្ត្រី​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្រ្កាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​រកឃើញ​ថា មាន​ស្ថានីយ៍​ឬ​ដេប៉ូលក់​ប្រេង​ឥន្ធនៈ​មួយ​ចំនួន ​បាន​បន្តលក់​ប្រេង​ឥន្ធនៈ​ជូន​អតិថិជន​របស់​ខ្លួន​ ក្នុង​តម្លៃ​ដែល​ខ្ពស់ ជាង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ហើយ​ក៏​មាន​ស្ថានីយ៍​ឬ​ដេប៉ូ​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​រក​ឃើញ​ដែរ​ថា បាន​លក់​ប្រេងឥន្ធនៈ​កិបកេង​លើ​បរិមាណ និង​បន្លំ​ផ្នែក​គុណភាព​ជា​ដើម​។

ប្រឈម​នឹង​បញ្ហា​នេះ​ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្រ្កាប​ការ​ក្លែងបន្លំ​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ជូន​ដំណឹង​មួយ​ទៀត​កាល​ពីថ្ងៃទី ០២ មេសា ដោយ​ព្រមាន​ចាត់​វិធាន​ការ​លើ​ក្រុម​ហ៊ុន ឬ ម្ចាស់​ស្ថានីយ៍ និង​ដេប៉ូ លក់​ប្រេង​ឥន្ធនៈណា ដែល​រក​ឃើញ​ថា បាន​លក់​ប្រេង​ជូន​អតិថិជន​របស់​ខ្លួន​ក្នុង​តម្លៃថ្លៃ​ ខ្ពស់​ជាង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ ឬ​លក់​មិន​គ្រប់​លីត្រ ឬ​លក់​បន្លំ​គុណភាព ជា​ដើម។ វិធាន​ការ​ទាំង​នោះ​មាន​ជាអាទិ៍៖ ការ​ពិន័យ​អន្តរការណ៍ ឬ​ស្នើ​សុំបិទ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន ឬ​ធ្ងន់ធ្ងរ​ជាង​នេះ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​តែម្តង​។ នោះ​ប្រសិន​បើ​ម្ចាស់ស្ថានីយ៍ ឬ​ដេប៉ូលក់​ប្រេង​ឥន្ធនៈ​នោះ ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ខុស​ពី​សេចក្តី​ណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

សូម​បញ្ជាក់​ថា សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃទី ០១ មេសា បាន​កំណត់​ឲ្យ​ម្ចាស់​ស្ថានីយ៍ ឬ​ដេប៉ូលក់​ប្រេង​ឥន្ធនៈ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ លក់​១លីត្រ​តម្លៃ​២ ៣៥០​រៀល​ សម្រាប់​ប្រេង​សាំង​ធម្មតា ​EA92 និង​១លីត្រ​តម្លៃ​២ ៤៥០រៀល​សម្រាប់​ប្រេង​ម៉ាស៊ូត​។ តម្លៃ​នេះ ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៤០០​រៀល បើ​ធៀប​នឹង​តម្លៃ​ប្រេង​ឥន្ធនៈ​ដែល​កម្ពុជា​បាន​កំណត់​កាល​ពី​មួយ​សប្តាហ៍​មុន ដែល​ក្នុង​១លីត្រ តម្លៃ ៣០៥០រៀល។

អ្វីជា​ការ​កត់​សំគាល់ នេះ​គឺ​ជា​ការ​ធ្លាក់ថ្លៃ​ជា​គំហុក​នៃ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ដែល​ពុំធ្លាប់​មាន​ឡើយ​ក្នុង​រយៈពេល​ជាង​២​ទសវត្សន៍​មក​នេះ​។ ការ​ធ្លាក់​ថ្លៃនេះ​ គឺ​ស្របពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​បាន​ធ្លាក់​ថ្លៃ​ជា​គំហុក​ផង​ដែរ ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩​។ សូម​បញ្ជាក់​ដែរ​ថា តម្លៃ​នេះ​ គឺ​សម្រាប់​លក់​តែរយៈ​ពេលកន្លះ​ខែ​ប៉ុណ្ណោះ ពោល​គឺ​ចាប់​ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ មេសា ឆ្នាំ​២០២០​នេះ​។ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​មិនមែន​ជា​អ្នក​កំណត់​ថ្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នោះ​ទេ តែ​ក្រសួង​តែងតែ​ជូន​ដំណឹង​ពី​ការលក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នេះ នៅ​រៀង​រាល់​កន្លះ​ខែ​ម្តង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ