អានតួអត្ថបទ
កម្ពុជា

កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លងជំ​ងឺ​កូវីដ-១៩​ថ្មី​២​ថ្ងៃ​ជាប់គ្នា​ ខណៈ​អ្ន​ក​ជា​សះស្បើយ​បន្ត​កើន​ឡើង​ដល់​៥០​នាក់​

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩កើនដល់៩៦នាក់ ខណៈអ្នកជាសះស្បើយកើនដល់១០នាក់ © @ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ អ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជានៅរក្សាចំនួន១១៤នាក់ដដែល បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសពីការរកមិនឃើញនូវករណីឆ្លងថ្មី២ថ្ងៃជាប់គ្នា គឺកាលពីថ្ងៃសុក្រ និង ថ្ងៃសៅរ៍។ ស្របពេលដែលក្រសួងសុខាភិបាលរកមិនឃើញនូវអ្នកឆ្លងថ្មីនេះ ប៉ុន្តែអ្នកជាសះស្បើយវិញបានកើនឡើងដល់៥០នាក់ហើយ។ 

ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជា បានវាយតម្លៃថា ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ទាំង៥០នាក់នេះ គឺស្មើនឹង៤៣,៨៥% បើធៀបនឹងចំនួនអ្នកឆ្លងសរុបដែលមានចំនួន១១៤នាក់ ហើយគិតមកដល់ពេលនេះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩បានធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ ក្នុងនោះមានស្រី២០នាក់ និង បុរសចំនួន៤៤នាក់។ អ្នកជាសះស្បើយទាំងនេះ រួមមានជនជាតិចិនម្នាក់ អង់គ្លេស៣នាក់ ប៊ែលហ្សិកម្នាក់ បារាំង១៧នាក់ ម៉ាឡេស៊ី៤នាក់ និងជនជាតិខ្មែរចំនួន២៤នាក់។

ចំពោះការសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលកម្ពុជាមិនតម្រូវឱ្យមានការយកកម្រៃព្យាបាលពីអ្នកជំងឺទេទោះជាជាតិសាសន៍អ្វីក៏ដោយ។ បើទោះបីមានអ្នកឆ្លងជំងឺកូវីដ-១៩ ឈានចំនួនដល់១១៤នាក់ក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលកម្ពុជានៅតែអះអាងថា ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ។

ជាការកត់សម្គាល់ ការរកមិនឃើញនូវករណីឆ្លងជំងឺកូវីដ-១៩នេះ ជាសញ្ញាល្អមួយសម្រាប់ក្រសួងសុខាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការរកមិនឃើញនេះ កើតឡើងក្រោយពីរដ្ឋាភិបាលកម្ពុជាបានចេញវិធានការចាំបាច់មួយចំនួនរួមមាន ដូចជាបិទសាលារៀនគ្រប់កម្រិត បិទហាងផឹកស៊ី ខារ៉ាអូខេ កន្លែងហាត់ប្រាណ និង កន្លែងជួបជុំមួយចំនួនទៀត។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអាជ្ញាធរតាមមូលដ្ឋានធ្វើការផ្សព្វផ្សាយតាមមីក្រូតាមស្រុកតាមភូមិ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចេះការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ថែមទៀត។

បន្ថែមពីលើវិធានការទាំងនេះ រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសឱ្យផ្អាកការនាំចេញស្រូវអង្ករ និង ត្រីទៅក្រៅប្រទេសជាបណ្តោះអាសន្នផងដែរ ដើម្បីទុកផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស។ ចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចតម្រូវឱ្យបង្កើតស្តុករាជរដ្ឋាភិបាលដោយត្រូវមានម៉ាសចំនួន១លានម៉ាស សម្លៀកបំពាក់គ្រូពេទ្យ៥ពាន់កំប្លេ ម៉ាស N95 ៥ពាន់ម៉ាស់ និងទឹកអាល់កុលចំនួន ១លានលីត្រ ដើម្បីទុកត្រៀមប្រើប្រាស់បន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ