អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកស្រី​ ជា​ សិរី​៖​ការ​ចូល​រួម​ចាយ​ប្រាក់​រៀល ​គឺ​ជា​អាវុធ​​មួយ​ដើម្បី​គ្រប់​គ្រង​សេដ្ឋកិច្ចជាតិ​ក្នុង​គ្រា​អាសន្ន​

ការ​ចាយវាយ​ប្រាក់​រៀល​នៅ​ក្នុង​សង្គម​ខ្មែរ
ការ​ចាយវាយ​ប្រាក់​រៀល​នៅ​ក្នុង​សង្គម​ខ្មែរ Photononstop - Philippe Lissac/Godong

ធនាគារជាតិនៃ​កម្ពុជា​បាន​បញ្ចេញ​អត្ថបទ​វិភាគ​របស់​ខ្លួន​មួយ​អំពីអត្ថ​ប្រយោជន៍​នៃ​​ការ​ចាយវាយ​ប្រាក់​រៀល​ប្រៀប​ធៀប​នឹង​ការ​ចាយ​ប្រាក់​ដុល្លារ​អាមេរិក នៅគ្រា​ដែល​សេដ្ឋកិច្ច​សកលលោក​កំពុង​ជួប​វិបត្តិ​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺកូវីដ១៩។ បើតាម​ការ​ពន្យល់​របស់អគ្គនាយិកាធនាគារជាតិ ការចូលរួមចាយប្រាក់រៀល មិនមែនគ្រាន់តែជាមោទនភាពជាតិទេ តែវាជាអាវុធមួយដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងមានភាពម្ចាស់ការក្នុងគ្រាអាសន្ន។

ផ្សាយពាណិជ្ជកម្ម

លោក​ស្រី ជា សិរី អគ្គនាយិកាធនាគារជាតិ បាន​ពន្យល់ថា នៅតាមបណ្តាប្រទេសមួយចំនួនធំ ធនាគារកណ្តាលតែងតែធ្វើ អន្តរាគមន៍ក្នុងពេលដែលប្រទេសជួបវិបត្តិសេដ្ឋកិច្ច តាមរយៈការបញ្ចុះអាត្រាការប្រាក់ដែលខ្លួនផ្តល់ឱ្យធនាគារពាណិជ្ជខ្ចី។ ការបញ្ចុះការប្រាក់នេះនឹងជះឥទ្ធិពលដល់អាត្រាការប្រាក់ ដែលធនាគារ ពាណិជ្ជ យកពីអតិថិជនតាមរយៈឥណទាន។

កាលណាសេដ្ឋកិច្ចជួបបញ្ហា ធនាគារកណ្តាលនឹងទម្លាក់អាត្រាការប្រាក់ ដើម្បីជួយជំរុញធនាគារពាណិជ្ជឱ្យបន្តផ្តល់កម្ចីដល់សាធារណជនក្នុងតម្លៃទាប ក្នុងគោលបំណងជំរុញការចាយវាយផ្សេងៗ ដែលនឹងជំរុញ ការវិនិយោគ និង​ការផលិតបន្ថែម។

បើតាម​លោក​ស្រី ជា ​សិរី នៅកម្ពុជា ធនាគារជាតិក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស    ក៏បានអនុវត្តវិធានការនេះដែរ ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ បានន័យថា ពេលធនាគារជាតិ ទម្លាក់ អាត្រាការប្រាក់ ដែលខ្លួនផ្តល់ឱ្យធនាគារពាណិជ្ជ អាត្រាទាបនេះបានត្រឹម តែជះឥទ្ធិពលដល់កម្ចីជាប្រាក់រៀលតែប៉ុណ្ណោះ តែមិនបាន ជះឥទ្ធិពល ធំដុំដល់កម្ចីជាប្រាក់ដុល្លារអាមេរិកទេ។

 

ហេតុអ្វីបានជាកម្ចីជាដុល្លារអាមេរិកនៅតែថ្លៃ បើធនាគារ ជាតិនៃកម្ពុជាខំឱ្យធនាគារពាណិជ្ជខ្ចីក្នុងតម្លៃទាបហើយនោះ?

 

អ្វីដែលធនាគារជាតិនៃកម្ពុជាឱ្យខ្ចី គឺប្រាក់រៀល ព្រោះធនាគារជាតិ នៃកម្ពុជា ជាអ្នកបោះពុម្ព និងចេញផ្សាយលុយរៀល។ ដូចនេះ ធនាគារជាតិនៃកម្ពុជាមានម្ចាស់ការទាំងស្រុងលើការគ្រប់គ្រងលុយរៀល។ សូមបញ្ជាក់ថា ចាប់តាំងពីធនាគារជាតិនៃកម្ពុជាបានឲកម្ចីជាប្រាក់រៀល នៅឆ្នាំ ២០១៦ កម្ចីជាប្រាក់រៀលបានធ្លាក់ចុះពី ២៥,៦៣% ក្នុង១ឆ្នាំ មកនៅ ត្រឹម ១០,៦៩% ក្នុង១ឆ្នាំ។ប៉ុន្តែ នៅកម្ពុជាការឱ្យខ្ចី ភាគច្រើនគឺធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ហេតុនេះធនាគារជាតិនៃកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រងបានឡើយ។ ការគ្រប់គ្រងបរិមាណបោះពុម្ព និងចេញផ្សាយលុយ ដុល្លារអាមេរិក ជាសិទ្ធផ្តាច់មុខរបស់ធនាគារ កណ្តាល អាមេរិក តែមួយគត់។ កាលណាសេដ្ឋកិច្ចអាមេរិក ល្អ គេដំឡើង អាត្រាការប្រាក់ ដើម្បីកាត់បន្ថយ ការឱ្យខ្ចីលឿន ពេក។​ដូច្នេះអាត្រាការប្រាក់ លុយដុល្លារ ក៏ឡើងថ្លៃតាមហ្នឹងដែរ​។

នៅកម្ពុជា មិនសូវមានអ្នកសន្សំប្រាក់រៀលទេ។ ក្នុងវិស័យធនាគារ សន្សំជាប្រាក់រៀលមានតែ ៦,៤% នៃប្រាក់សន្សំសរុប។ ដោយឡែក អ្នកដែលត្រូវការប្រាក់រៀលដើម្បីទូទាត់មានច្រើនជាង  ដូចជាទូទាត់ឱ្យកសិករ ទូទាត់ឱ្យពលករសំណង់  បង់ពន្ធអាករឱ្យរដ្ឋជាដើម។  ដូច្នេះហើយធនាគារពាណិជ្ជត្រូវខំធ្វើយ៉ាងណាទាក់ទាញបញ្ញើជាប្រាក់រៀល ដោយផ្តល់អាត្រាការប្រាក់ខ្ពស់។ ហើយបើផ្តល់ការប្រាក់ឱ្យអ្នកផ្ញើខ្ពស់ហើយ គេក៏ត្រូវយកការប្រាក់កម្ចីខ្ពស់តាមហ្នឹងដែរ។

ថ្វី​ត្បិត​តែ​ការចាយដុល្លារអាមេរិកស្រួលជាង ហើយ​ការប្រាក់កម្ចី ក៏ទាបជាងលុយ​រៀល ប៉ុន្តែ ក្នុងករណីមានវិបត្តិ កម្ពុជា​មិនអាចគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនបានទាំងស្រុងឡើយព្រោះ​ប្រាក់​ដុល្លារ​ស្ថិត​លើ​កំណត់​របស់​ធនាគារកណ្តាល​អាមេរិក។

បើតាម​ការ​ពន្យល់​របស់អគ្គនាយិកាធនាគារជាតិ ការចូលរួមចាយប្រាក់រៀល មិនមែនគ្រាន់តែជាមោទនភាពជាតិទេ តែវាជាអាវុធមួយដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងមានភាពម្ចាស់ការក្នុងគ្រាអាសន្ន៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ