អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ទេសចរបរទេសជិត៤ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ បាន​បង្ហាញ​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ នៅ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជា​ជិត​៤ម៉ឺន​នាក់​ទៀត​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ដោយ​ជំងឺ​កូវីដ-១៩​។ ប៉ុន្តែ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ឡើយ​ថា តើភ្ញៀវ​ទេសចរ​ទាំងអស់​នេះ​មាន​សញ្ជាតិ​អ្វីខ្លះ​នោះ​។

ផ្សាយពាណិជ្ជកម្ម

លោកកែវ វណ្ណ​ថន អគ្គនាយករង ​និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានគូសបញ្ជាក់ឱ្យដឹងថា គិតចាប់ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសថ្មីចំនួនជាង៩១ម៉ឺននាក់បានចូលមកប្រទេសកម្ពុជា ខណៈដែលភ្ញៀវទេសចរបរទេសចំនួនជាង៩៤ម៉ឺននាក់បានចាកចេញទៅវិញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បានសន្និដ្ឋានថា ភ្ញៀវទេសចរបរ​ទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជាជាង៣ម៉ឺន៨ពាន់នាក់។

គួរជម្រាបជូនថា ដើម្បីទប់ស្កាត់នាំចូលជំងឺកូវីដ-១៩មកក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បម្រាមផ្អាកមិនឱ្យជនបរទេសមកពីប្រទេស​ចំនួន​៦​ចូល​មក​ក្នុង​ប្រទេស​កម្ពុជាឡើយក្នុង​រយៈពេល​៣០​ថ្ងៃ​ ដោយចាប់គិតចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ ប្រទេស​ទាំង​៦​នោះ រួមមាន ប្រទេសអ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និង ប្រទេសអ៊ីរ៉ង់ដែលសុទ្ធតែជាប្រទេសដែលមានករណីឆ្លងថ្មី និង ស្លាប់ដោយជំងឺកូវីដ-១៩កើនឡើងគួរកត់សម្គាល់។

បន្ថែមពីលើវិធានការនេះ រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការថ្មីមួយទៀតចំពោះជនបរទេសដទៃដែលចង់ចូលមកប្រទេសកម្ពុជាផងដែរ។ វិធានការនេះ គឺជនបរទេស​ដែលមា​ន​បំណង​ធ្វើដំ​ណើរ​ចូល​មក​កម្ពុជា ​ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ជា​មុននៅ​តាម​ស្ថានតំណាង​​របស់​កម្ពុជា​នៅ​បរទេស​។ ​បន្ថែម​លើ​នេះ ​ជន​បរទេសនោះ​ ត្រូវ​ផ្តល់​នូវវិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ​និង​ប្រាក់​ធានារ៉ាប់រងសុខភាព​យ៉ាងតិច​៥ម៉ឺន​ដុល្លារអាមេរិក​ថែមទៀតនៅ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា​។ វិធានការថ្មីបានចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

វិធានការរឹតបន្តឹងចំពោះទៅលើបរទេសរបស់រដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីជនបរទេសមួយចំនួនបាននាំជំងឺកូវីដ-១៩ចូលមកក្នុងប្រទេសកម្ពុជា។ គិតដល់ពេលនេះ មានជនបរទេសចំនួន៨សញ្ជាតិហើយបានឆ្លង កំពុងសម្រាកព្យាបាល និង ត្រូវបានព្យាបាលឱ្យជាសះស្បើយនៅក្នុងប្រទេសកម្ពុជា។ ជនបរទេសទាំង៨សញ្ជាតិនេះ រួមមាន ជនជាតិចិន  ប៊ែលហ្សិក កាណាដា អាមេរិក បារាំង អង់គ្លេស ម៉ាឡេស៊ី  និង ជនជាតិឥណ្ឌូនេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ