អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ស្ថានទូតកម្ពុជាអំពាវនាវដល់ពលរដ្ឋខ្មែរឱ្យអត់ធ្មត់បន្តស្នាក់នៅជាបណ្តោះអាសន្ននៅម៉ាឡេស៊ី

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

នៅ​យប់​មិញ​នេះ មន្ត្រី​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ក្រុង​កូឡាឡាំពួរ​បាន​ចុះ​ទៅ​ជួប​ជាមួយ​ក្រុម​ពលករ និង និស្សិត​ខ្មែរ​ចំនួន​១១​នាក់​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ម៉ាឡេស៊ី ដើម្បី​សម្រប​សម្រួល​ឱ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​។ ពល​រដ្ឋ​ខ្មែរ​១១​នាក់​នេះ ស្ថិត​ក្នុង​១៥០​នាក់​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​វិញ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។ ចំណែក ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​វិញ ក៏​បាន​ទទូច​ឱ្យ​ពួក​គេ​អត់​ធ្មត់​បន្ត​ស្នាក់​នៅ​ទីនោះ​ជា​បណ្តោះ​អាសន្ន​សិន​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ពលករ និង និស្សិតខ្មែរដែលជាប់នៅប្រទេសម៉ាឡេស៊ីកុំឱ្យព្យាយាមរកមធ្យោបាយវិលត្រឡប់មកកម្ពុជាវិញក្នុងអំឡុ​ង​ពេលនេះ និង អត់ធ្មត់បន្តស្នាក់នៅជាបណ្តោះអាសន្ននៅទីនោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ជាមួយនឹងការអំពាវនាវបែបនេះ ស្ថានទូតកម្ពុជាក៏បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្ន និង ប្រកាន់ភ្ជាប់នូវការថែរក្សាអនាម័យផ្ទាល់ខ្លួនជាប់ជានិច្ចផងដែរ។ មិនតែប៉ុណ្ណោះ ស្ថានទូតក៏បានប្រាប់ឱ្យប្រជាពលរដ្ឋខ្មែរទាក់ទងមកស្ថានទូត បើសិនមានករណីចាំបាច់ណាមួយ។

វិធានការ និង ការអំពាវនាវរបស់ស្ថានទូតកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីក្រុមពលករ និង និស្សិតខ្មែរចំនួន១៥០នាក់បានជាប់នៅព្រលានយន្តហោះអន្តរជាតិម៉ាឡេស៊ីមិនអាចឡើងយន្តហោះមកប្រទេសកម្ពុជាវិញបានកាលពីថ្ងៃអង្គារ។ នេះ គឺដោយសាររតែប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនអនុញ្ញាតឱ្យពួកគេវិលត្រឡប់ចូលមកប្រទេសវិញក្នុងអំឡុងពេលនេះ ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩មកចម្លងដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានស្នើដល់ពួកគេកុំអាលចល័តមកកម្ពុជា ដោយ​សារតែ​លោកកត់សម្គាល់ថា  ពលរដ្ឋ និង និស្សិតខ្មែរមកពីបរទេសមួយចំនួន គឺមានផ្ទុកនូវជំងឺកូវីដ-១៩នេះ ហើយបានមកចម្លងដល់សមាជិកក្រុមគ្រួសាររបស់ពួកគេ។

ប៉ុន្តែ ការសម្រេចនេះ ត្រូវបានក្រុមមន្រ្តីខ្លះនៃអតីតគណបក្សសង្រ្គោះជាតិធ្វើសេចក្តីថ្លែងការណ៍សម្តែងនូវការសោកស្តាយទៅវិញ។ ពួកគេបានចាត់ទុកការមិនអនុញ្ញាតឱ្យពលរដ្ឋខ្លួនឯងមកស្រុកវិញនេះ ថា ជាការបង្ហាញពីភាពទន់ខ្សោយ ការមិនទទួលខុសត្រូវ និងជាទង្វើអមនុស្សធម៌របស់លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន និង រដ្ឋាភិបាលកម្ពុជាចំពោះជាតិសាសន៍ខ្លួនឯង។

ក៏ប៉ុន្តែ លោកនាយរដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់កាលពីថ្ងៃអង្គារថា ការសម្រេចបែបនេះ គឺជាការសម្រេចដោយបង្ខំចិត្ត ព្រោះគ្មានជម្រើសណាល្អជាងនេះ។ សម្រាប់លោកប្រមុខរដ្ឋាភិបាលកម្ពុជា នេះមិនមែនលោកអគុណធម៌នោះទេ ប៉ុន្តែការធ្វើបែបនេះ គឺដើម្បីកុំឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ១៦លាននាក់ដោយសារជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ