អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កូវីដ១៩៖ លោក កឹម សុខា ប្រាប់ឲ្យពលរដ្ឋអត់ធ្មត់ រក្សាអនាម័យ និងការពារសុខភាពតាមការណែនាំ

លោក កឹម សុខា
លោក កឹម សុខា © REUTERS

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិនៅថ្ងៃទី១០ ខែ​មេសា​នេះ​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អត់​ធ្មត់ ដោយ​រក្សា​អនាម័យ និង​ការពារ​សុខភាព​របស់​ខ្លួន តាម​ការណែនាំ​របស់​សមត្ថកិច្ច​។ ការ​អំពាវនាវ​នេះ​ធ្វើឡើង​តាម​រយៈសារ​ជូនពរ​ឆ្នាំថ្មី​របស់​លោក ដើម្បី​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈសារ​ជូនពរ​ក្នុង​បណ្តាញ​សង្គម ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​គ្រោះ​កាច ដោយ​ជំងឺ​កូវីដ​១៩ COVID-19 ធ្វើ​ឲ្យ​ទាំង​អស់​គ្នា​មាន​ការ​ព្រួយ​បារម្ភ មិន​បាន​ជួប​ជុំគ្នា​ច្រើន សប្បាយ​រីករាយ​ដូច​ឆ្នាំ​មុនៗ​។ ឆ្លៀត​ឱកាស​នេះ​ដែរ​ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អត់ធ្មត់ ដោយ​រក្សា​អនាម័យ និង​ការពារ​សុខភាព​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​។

លោក កឹម សុខា ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ បាន​យក​សារ​ជូនពរ​ឆ្នាំថ្មី ប្រាប់​ពលរដ្ឋ​ត្រូវ​ពង្រឹង​ស្មារតី​ឲ្យ​រឹងមាំ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ ដោយ​ជឿជាក់​ថា មនុស្ស​លោក​នឹង​យក​ឈ្នះ​លើ​ជំងឺ​កូវីដ១៩ ក្នុង​ពេល​ឆាប់​ៗ​នេះ​ជា​មិនខាន​។

លោក កឹម សុខា បន្តថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​គោរព​ស្រឡាញ់​គ្នា ជួយ​គ្នា អត់​ឱនឲ្យ​គ្នា រួបរួមគ្នា យើង​នឹង​ឈ្នះ​មិន​ត្រឹម​តែ ​COVID-19​ទេ បន្ទាប់​ពីនេះ​ទៅ​ទៀត ឲ្យ​តែ​ខ្មែរ​រួប​រួមគ្នា យើង​នឹង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រជាជាតិ​បាន​ជា​មិន​ខាន​។ ព្រោះអ្វីៗ​វា​អាច​កើត​ឡើង​ជួន​កាល​ដោយ​សារធម្មជាតិ ឯ​បញ្ហាខ្លះ​ដោយ​សារ​មនុស្ស​ជា​អ្នក​បង្កើត ហើយ​មនុស្ស​ក៏​នឹង​អាច​ដោះស្រាយ​វិញ​បាន​គឺ​អាស្រ័យ​លើឆន្ទៈ​។

គួរ​ជម្រាប​ជូន​ថា ក្នុង​សន្និសីទ​នៅ​វិមាន​សន្តិភាព​នាព្រឹក​ថ្ងៃទី៧ ខែមេសា លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ប្រកាស ផ្អាក​ការ​ប្រារព្ធពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ​ ហើយ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន រោងចក្រ​សហគ្រា និង​ធនាគារ គឺ​ធ្វើ​ការ​ធម្មតា​នៅ​ថ្ងៃ​ចូល​ឆ្នាំខ្មែរ​ នាថ្ងៃទី១៣-១៤-១៥ និង​១៦ ខែ​មេសា​ខាង​មុខ​នេះ​។ ដោយ​ឡែក​រដ្ឋ​នឹង​សង​វិញ​នូវ​ថ្ងៃឈប់​សម្រាក​ចំនួន​៥ថ្ងៃ ​នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩​លែង​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ប្រកាស​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​នេះ គឺ​ជា​វិធាន​ការ​មួយ​ក្នុង​ចំណោម​វិធាន​ការ​ផ្សេង​ទៀត​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ