អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ប៉ុន្មានម៉ោងក្រោយពីបទបញ្ជា ទីផ្សារលក់គ្រឿងឧបភោគបរិភោគ មានភាពអ៊ូអរជាងធម្មតា

ប៉ុន្មានម៉ោងក្រោយពីបទបញ្ជា ទីផ្សារលក់គ្រឿងឧបភោគបរិភោគ មានភាពអ៊ូអរជាងធម្មតា
ប៉ុន្មានម៉ោងក្រោយពីបទបញ្ជា ទីផ្សារលក់គ្រឿងឧបភោគបរិភោគ មានភាពអ៊ូអរជាងធម្មតា © Internet

រាជ​ធានី​ភ្នំពេញ​បាន​បន្ថែម​ភាព​ស្ងប់​ស្ងាត់​មួយ​កំរិត​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​ចេញ​បទ​បញ្ជា មិន​ឲ្យ​មាន​ការ​ចាក​ចេញ​ពី​រាជ​ធានី​ទៅ​ខេត្ត ពី​ខេត្ត​ទៅ​រាជធានី និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត កាល​ពី​រំលង​អាធ្រាធ​ឈាន​ចូល​ថ្ងៃ​សុក្រ​នេះ​។ ភាព​ស្ងប់​ស្ងាត់​ជាង​សព្វ​មួយ​ដង បាន​កើត​មាន​នៅ​តាម​ផ្លូវ​ថ្នល់ និង​អគារ​លក់​ទំនិញ​ទំនើបៗ ដោយ​សារ​តែ​ពល​រដ្ឋ​បន្ត​ស្ថិត​នៅ​ក្នុង​ផ្ទះ ហើយ​មន្ត្រី​រាជ​ការ​ជា​ច្រើន បាន​បន្ត​អនុវត្ត​ធ្វើ​ការ​តាម​អន​ឡាញ​ពី​ផ្ទះ​ទៅ​។

ផ្សាយពាណិជ្ជកម្ម

ជាការពិតទីផ្សារលក់របស់របរប្រើប្រាស់ គ្រឿងសង្ហារឹម លក់សម្លៀកបំពាក់។ល។ មានសភាពស្ងាត់ជាងធម្មតា ក៏ប៉ុន្តែទីផ្សារសាធារណៈធំៗរបស់រដ្ឋ ដែលលក់គ្រឿងឧបភោគ បរិភោគ មិនមានស្ថានភាពស្ងាត់នោះ។

ចាប់តាំងពីព្រលឹមស្រាងៗ មានពលរដ្ឋខ្មែរជាច្រើនបានទៅប្រមូលផ្តុំគ្នា នៅផ្សារត្រី សាច់ និងបន្លែ ទំនិញក្រៀម ផ្អក ប្រហុក ហើយសម្រុកទិញខុសប្លែកពីថ្ងៃធម្មតា។ ទិដ្ឋភាពបែបនេះ ធ្វើឲ្យទំនិញដែលជាតម្រូវការក្នុងការបរិភោគមួយចំនួនមានការឡើងថ្លៃ ដោយសារតែសកម្មភាពទិញស្តុកបង្ការទុកមានទំហំធំជាងមុន ហើយក៏មានទំនិញខ្លះទៀត នៅរក្សាតម្លៃដដែលនៅឡើយ។

អាជីវករលក់គ្រឿងឧបភោគបរិភោគ មួយចំនួនបានលើកឡើងថា ការដែលទំនិញមានការឡើងថ្លៃនៅអំឡុងពេលនេះ ជាពិសេសទំនិញនាំចូល ក៏ព្រោះតែព្រំដែនត្រូវបិទ ដែលធ្វើឲ្យមានការពិបាកកម្មង់ដូចកាលពីមុន។ រីឯទំនិញ ដែលជាស្បៀងអាហារផ្ទះបាយប្រចាំថ្ងៃវិញ ឡើងថ្លៃដោយសារ អ្នកលក់ ត្រី សាច់ មាន់ និងបន្លែបង្ការមួយចំនួន គឺជាពលរដ្ឋខ្មែររស់នៅតាមបណ្តាខេត្តនានា ដែលក្នុងកាលៈទេសៈនេះ ពួកគេខកខាន មិនបាននាំចូលមកភ្នំពេញ។

សូមបញ្ជាក់ថា ក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ថ្ងៃទី១៦ ខែមេសា ក្រោយចូលឆ្នាំខ្មែរ។ បទបញ្ជានេះ ក៏មានការលើកលែងករណីចាំបាច់មួយចំនួនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ