អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សេណារីយ៉ូសេដ្ឋកិច្ចចំនួន៣ សម្រាប់កម្ពុជានៅក្រោយវិបត្តិកូវីដ១៩

សំឡេង ០៥:០១
អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង)
អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) @Internet

ចាប់​តាំង​ពី​ផ្ទុះ​ឡើង​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩ កូវីដ​១៩​បាន​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​និយាយ​ជា​រួម និង​ដល់​សេដ្ឋកិច្ច​កម្ពុជា​និយាយ​ដោយ​ឡែក​។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា វិបត្តិ​នេះ​នឹង​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​ណា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​គេ​ដឹង​ថា នៅ​ពេល​ដែល​វិបត្តិ​នេះ​បិទ​បញ្ចប់ សេដ្ឋកិច្ច​ពិភពលោក​និយាយ​ជា​រួម និង​សេដ្ឋកិច្ច​កម្ពុជា​និយាយ​ដោយ​ឡែក ​​ទំនង​ជា​អាច​​ផ្លាស់​ប្រែ​​មុខ​មាត់ខុស​ពី​មុន​​​។

ផ្សាយពាណិជ្ជកម្ម

ដូច​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​លើ​លោក​ដែរ សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ពី​វិបត្តិ​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូវីដ​១៩​។ មែន​ទែន​ទៅ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្រក​ស្រុត​បន្តិច​ស្រាប់​ទៅ​ហើយ​តាំង​ពី​ដើម​ឆ្នាំ​២០២០ នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ព្យាករណ៍​ថា​ធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ​៦,៥​ភាគរយ​ ដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក និង​ការ​ដក​ហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ លុះ​ដល់​វិបត្តិ​កូវីដ​១៩​រីក​រាត​ត្បាត​ពិភពលោក​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ខែ​កុម្ភៈ​និង​មីនា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ធាក់​ថយ​ក្រោយ​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយ​ចុង​ក្រោយ​នេះ បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​មាន​អត្រា​ត្រឹម​២,៥​ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០​។ រី​ឯ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​វិញ ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​ថា​នឹង​មាន​ត្រឹម​ប្រមាណ​២,៣​ភាគរយ​ប៉ុណ្ណោះ​។

នៅ​ចំពោះ​មុខការ​ធាក់​ថយ​ក្រោយ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អន្តរាគមន៍​បន្ទាន់​ជា​ច្រើន​ដើម្បី​ជួយ​សង្គ្រោះ​វិស័យ​សេដ្ឋកិច្ច​ជា​អាទិភាព ដូច​ជា​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​វិស័យ​ទេស​ចរណ៍​ជា​ដើម​។ វិធានការ​ដែល​ដាក់​ចេញ​កន្លង​មក​នេះ មាន​គោលដៅ​សំខាន់​គឺ​ជួយ​ទប់​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សសរ​ស្ដម្ភ​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុជា​ទាំង​ពីរ​នេះ​ដួល​រលំ ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​ធំធេង​មិន​ត្រឹម​តែ​ចំពោះ​សេដ្ឋកិច្ច​ជាតិ​ទេ តែ​ក៏​ប៉ះពាល់​ផង​ដែរ​ដល់​ការងារ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​​។

រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា វិបត្តិ​កូវីដ​១៩​នឹង​បន្ត​អូស​បន្លាយ​រហូត​​​ដល់​ពេល​ណា​។ អ្វី​ដែល​គេ​ដឹង​ច្បាស់​នា​ពេល​នេះ​គឺ​ថា នៅ​ពេល​ដែល​វិបត្តិ​នេះ​បិទ​បញ្ចប់ សេដ្ឋកិច្ច​ពិភពលោក​និយាយ​ជា​រួម និង​សេដ្ឋកិច្ច​កម្ពុជា​និយាយ​ដោយ​ឡែក ​​ទំនង​ជាអាច​ត្រូវ​ប្ដូរ​ប្រែ​ដើម្បី​បញ្ចៀស​ពី​វិបត្តិ​ធ្ងន់ធ្ងរ​នា​ពេល​ក្រោយ​​​​។ សម្រាប់​កម្ពុជា សេដ្ឋវិទូ​លើក​ឡើង​ពី​សេណារីយ៉ូ​​​ចំនួន​៣។

ទី​១៖ គឺ​បង្កើន​​ផលិតកម្ម​ក្នុង​ស្រុក​។ មែនទែន​ទៅ មិន​ចាំ​បាច់​ដល់​វិបត្តិ​កូវីដ​បិទ​បញ្ចប់​ទេ​។ សេណារីយ៉ូ​នេះបាន​កើត​មាន​រួច​ជា​ស្រេច​ទៅ​ហើយ​។ វិបត្តិ​កូវីដ​១៩​បាន​ជំរុញ​ឲ្យ​កម្ពុជា​ងាក​មក​ផលិត​ម៉ាស​ដែល​ជា​ផលិតផល​ចាំ​បាច់​ក្នុង​គ្រា​នេះ​ដោយ​ខ្លួន​ឯង ជា​ជាង​នាំ​ចូល​ពី​បរទេស​។ កម្ពុជា​ទំនង​ជា​ត្រូវ​ពិចារណាបង្កើន​ផលិតកម្ម​ក្នុង​​វិស័យ​កសិឧស្សាហកម្ម​ផង​ដែរ ដើម្បី​ឈាន​ទៅ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ចាំ​បាច់​សម្រាប់​​ឧស្សាហកម្ម​ក្នុង​ស្រុក​។ ធ្វើ​ដូច្នេះ​បាន វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​នឹង​មាន​ភាព​ធន់​ជាង​មុន ហើយ​មិន​ងាយ​រង​ការ​ប៉ះ​ទង្គិច​នៅ​ពេល​បណ្ដាញ​ផ្គត់ផ្គង់​មាន​បញ្ហា​ជា​យថាហេតុ ជា​ពិសេស​ក្នុង​ករណី​ប្រធាន​ស័ក្តិ​ដូច​វិបត្តិ​កូវីដ​១៩​នេះ​។

ក្រៅ​ពី​បង្កើន​ផលិតកម្ម​ក្នុង​ស្រុក សេណារីយ៉ូ​សេដ្ឋកិច្ច​ទី​២​សម្រាប់​កម្ពុជា​គឺ​ពន្លឿន​ពិពិធកម្ម​សេដ្ឋកិច្ច​។ ​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការងារ​នេះ​ដើរ​ទៅ​មុខ​យឺត​យ៉ាវ​ណាស់​។ មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​តូច​ចង្អៀត នៅ​តែ​ពឹង​ផ្អែក​លើ​វិស័យ​ចម្បង​ចំនួន​ពីរ​ឬ​បី​​។ វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន និង​ជា​ពិសេស​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ ជំនាញ និង​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​។ ការងារ​នេះ​ចាំ​បាច់​ខ្លាំង​ណាស់​ប្រសិន​បើ​កម្ពុជា​ចង់​ចាប់​យក​ឱកាសសេដ្ឋកិច្ច​នៅ​ក្នុង​​សេណារីយ៉ូ​​ទី​៣​។

គួរ​កត់​សម្គាល់​ថា ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​លើ​លោក​ភ្លឺ​ភ្នែក​និង​យល់​ច្បាស់​អំពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច នៅ​ពេល​ដែល​ខ្លួន​ពឹង​ផ្អែក​ខ្លាំង​ពេក​ទៅ​លើ​បណ្ដាញផ្គត់ផ្គង់​នៅ​ប្រទេស​ចិន​។ ក្នុង​ន័យ​នេះ និង​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​នា​ពេល​អនាគត ប្រទេស​មួយ​ចំនួន​កំពុង​តែ​ពិចារណា​ដក​ការ​វិនិយោគ​ចេញ​ពី​ប្រទេស​ចិន ហើយ​ត្រឡប់​មក​ដាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​ខ្លួន​ឯង​វិញ​។ ចំណែក​ខ្លះ​ទៀត​កំពុង​ត្រៀម​ស្វែង​រក​ដៃគូ​រកស៊ី​ថ្មី នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ដែល​មាន​តម្លៃ​ពលកម្ម​និង​ផលិតកម្ម​ទាប​ ក៏​ដូច​ជា​មាន​ជំនាញ​ដែល​ខ្លួន​ត្រូវ​ការ​។

គេ​ថា​មិន​ខុស​ទេ​។ នៅ​ក្នុង​វិបត្តិ​តែង​តែ​មាន​ឱកាស​ជានិច្ច។ សេណារីយ៉ូ​ទី​៣​នេះ​គឺ​ជា​ឱកាស​មាស​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​ដើម្បី​ចាប់​យក​ឱកាស​នេះ​បាន ​កម្ពុជា​ត្រូវ​បត់​បែន​ឲ្យ​ទាន់​សភាពការណ៍​។ ពេល​វិបត្តិ​កូវីដ​១៩​បិទ​បញ្ចប់ ហើយ​ប្រសិន​បើ​កម្ពុជា​បត់​បែន​ទាន់​សភាពការណ៍ នោះ​មិន​ខ្វះ​ទេ​ប្រទេស ​ដែល​ចង់​មក​រក​ស៊ី​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ